សុភាសិតខ្មែរ (មានការបកស្រាយ) “កុំ​ខ្វើក​តាម​ខ្យល់​កុំ​ខ្វល់​តាម​ស្រី”

យល់ដឹង

និយមន័យៈ ធ្វើ​អ្វីៗ​ត្រូវ​ចេះ​គិត​ពិចារណា​កុំ​ស្ទុះ​តាម​គេ​ញាក់ ។

អត្ថាធិប្បាយ

កុំ​ខ្វើក​តាម​ខ្យល់

ពាក្យ​ថា «ខ្វើក» មាន​ន័យ​ថា​កម្រើក​តិចៗ ។ តែ​ខ្វើក​ក្នុង​ទីនេះ​មាន​ន័យ​ថា «ងាក​ភ្លេត​ទៅ​លិច ងាក​ភ្លេត​ទៅ​កើត» ។ លោក​ចង់​បញ្ជាក់​ប្រាប់​ថា កិច្ចការ​សព្វ​សារពើ​មុន​នឹង​ធ្វើ​ត្រូវ​ចេះ​គិត​ពិចារណា​ឲ្យ​គ្រប់​ ជ្រុងជ្រោយ​ជា​មុន​សិន កុំ​ចេះ​តែ​ខ្វើក​ទៅ​តាម​គេ​ញាក់ គេ​បបួល​ម្ដង​ទៅ​ឆ្វេង ម្ដង​ទៅ​ស្ដាំ​ឲ្យ​សោះ ។

កុំ​ខ្វល់​តាម​ស្រី

ពាក្យ​ថា «ស្រី» ក្នុង​ទី​នេះ​លោក​ ពោល​យក​ស្ត្រី​ដែល​វប្បធម៌​នៅ​មាន​កម្រិត ព្រោះ​ស្ត្រី​ប្រភេទ​នេះ​ច្រើន​ចិត្ត​ស្រាល​គិត​ខ្លី ។ បើ​គេ​ឈ្លោះ​នឹង​អ្នកណា ឬ​ខឹង​នឹង​អ្នក​ណា សឹង​តែ​ស្ទុះ​ទៅ​ប្រហារ​គេ​តាម​កម្លាំង​បាយ ឬ​តាម​កម្លាំង​អំណាច​បុណ្យ​សក្តិ​ប្ដី ។ សម​ដូច​ពាក្យ​លោក​ថា ប្ដី​សក្ដិ​បួន​ប្រពន្ធ​សក្ដិ​ប្រាំ ឬ​ច្រើន​ជាង​នេះ​ទៀត ។

ដូចនេះ អ្នក​ប្រុស​ជា​ប្ដី​ត្រូវ​ចេះ​គិត​ពិចារណា​ឲ្យ​ម៉ដ្ឋចត់​ល្អិតល្អន់​មែនទែន កុំ​ចេះ​តែ​ខ្វល់ខ្វាយ​ខឹង​ច្រឡោត​តោតតូង​ទាំង​កំរោល​ទៅ​តាម​ប្រពន្ធ​ញាក់​ ឲ្យ​សោះ ។

ពាក្យ​ចាស់​លោក​ថា បើ​ស្រីៗ​ឈ្លោះ​គ្នា​ខ្លាំង​ណាស់​ត្រឹម​រហែក​អាវ និង​ដាច់​សាច់​មុខ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​ប្រុសៗ​ឈ្លោះ​គ្នា​វិញ គឺ​មាន​ស្លាប់​មាន​រស់ យ៉ាងហោច​ណាស់​ក៏​ត្រូវ​មាន​ចូល​មន្ទីរពេទ្យ​មិន​ខាន ។

ពាក្យ​ខាងលើ​នេះ ព្រះរាជ​សម្ភារ​លោក​សង្កត់​ធ្ងន់​ទៅ​លើ​អ្នក​ជា​ប្ដី​ថា កុំ​ឲ្យ​ខ្វល់​តាម​ប្រពន្ធ​ពេក ៕

Comments

comments