ស្វែងយល់​អំពី​ប្រវត្តិ​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​និង​បុណ្យ​ភ្ជុំបិណ្ឌ

យល់ដឹង

ភ្នំពេញ ៖ សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ​បាន​បង្ហាញថា ប្រជាជន​ខ្មែរ​ដែល​កាន់​ព្រះពុទ្ធសាសនា​បាន​ឲ្យ​តម្លៃ និង​សារៈសំខាន់​ទៅលើ​ពិធីបុណ្យ​ធំៗ​ពីរ គឺ​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ និង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​។

ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​នាំគ្នា​ទៅ​ធ្វើ​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ក្នុង​ទី​វត្ដ​អារាម ដែល​ត្រូវ​ប្រ​ព្រឹត្ដ​ទៅ​ចាប់ពី​ថ្ងៃ​១ រោច​រហូតដល់​ថ្ងៃ​១៥​រោច ខែភទ្របទ​។

នៅក្នុង​អំឡុង​១៥​ថ្ងៃនេះ​គេ​តាំង​ចិត្ដ​ដាច់ខាត​ត្រូវ​តែ​ទៅ​វត្ដ​ឲ្យ​បាន​ម្ដង​យ៉ាងតិច​ក្នុង​ថ្ងៃ​ណាមួយ​មិនអាច​ខកខាន​បាន​ឡើយ ទោះជា​មានការ មមាញឹក​ឬ​ក្រី​ក្រលំបាក​យ៉ាងណាក៏ដោយ​។ ពិសេស​ថ្ងៃ​១៥​រោច​ជា​ថ្ងៃ​បង្ហើយ​គេ​ហៅថា​«​ភ្ជុំបិណ្ឌ​»​។ រឿងហេតុ​ទាំងអស់​នោះ​ក៏ដោយ​សារ​គេ​មាន​ជំនឿ​យ៉ាង​មុតមាំ​តាម​សណ្ដាប់​ចាស់ៗ​ដែល​ពោល​ណែនាំ និង​អនុវត្ដ​ជា​រៀងរាល់​ឆ្នាំ​តៗ​គ្នា​មក​។ ផ្នត់​ជំនឿ​នោះ​គឺ​គេ​មាន​មនោសញ្ចេតនា​នឹកគិត និង​អាណិត​ចំពោះ​ញាតិមិត្ត​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​មាន មាតាបិតា ជីដូន ជីតា បងប្អូន​កូនចៅ ដែល​ដល់​រដូវ​អាច​បាន​មក​ទទួលយក​ភោគផល​។ ព្រោះ​អ្នក​ដែល​ចែក​ឋាន​ទៅ​នោះ​ខ្លះ​មាន​បាបកម្ម​ត្រូវ​ទៅ​សោយ​ទុក្ខទោស​នៅ​ឋាននរក​ប្រេត​កើត​ក្នុង​អបាយភូមិ​វេទនាណាស់​។ ឋាន​នោះ​ស្ថិតនៅ​ជ្រៅ​ឆ្ងាយ​ពី​ឋានមនុស្ស​មិនអាច​ងើប​មក​បានឃើញ​ពន្លឺព្រះអាទិត្យ​ទេ គ្មាន​សម្លៀកបំពាក់ គ្មាន​អាហារ​បរិភោគ​ឡើយ​។

លុះដល់​រដូវ​បុណ្យ​នេះ​គេ​បាន​ដោះលែង​ឲ្យ​មក​ទទួលយក​ផលានិសង្ស ដែល​ញាតិ​សាច់សាលោហិត​ធ្វើបុណ្យ​ឧទ្ទិស​ឲ្យ​។ ម្យ៉ាងទៀត​គេ​ខ្លាច​អ្នក​ទាំងអស់​នោះ​ដាក់​ប្រទេច​បណ្ដាសា​ឲ្យ​គេ​ហិនហោច ប្រសិនបើ​ដើរ​ស្វែងរក​គ្រប់​៧​វត្ដ​ហើយ​មិនឃើញ​សាច់ញាតិ​ធ្វើបុណ្យ​បញ្ជូន​ឲ្យ​ទេ។    ​

ជា​មួយ​គ្នា​នេះដែរ​ដែល​គេ​មាន​ក្ដី​សង្ឃឹម​មួយ​ទៀត​ថា អំពើ​កុសល ដែល​គេ​មាន​សទ្ធា​បាន​បរិច្ចាគ​ឧទ្ទិស​នោះ​នឹង​ងាក​បែរ​មកឲ្យ សព្វ​សាធុការពរ ហើយ​គេ​នឹង​ត្រូវ​បាន​ទទួល​វិញ​ដែរ​នូវ​សេចក្ដីសុខ​និង​សេចក្ដីចម្រើន​។ បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ដទៃទៀត​នៃ​ព្រះ​រាជពិធី​ទ្វាទសមាស​ប្រជារាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​បុរាណ​រៀងមក (​ពុំ​ដឹង​ពី​ពេលណា​ច្បាស់លាស់​) តែងតែមាន​ប្រារព្ធ​ពិធី​នេះ​មិនដែល​អាក់ខាន​ឡើយ គឺ​ចាប់ពី​ថ្ងៃ​១​រោច ខែភទ្របទ​រហូតដល់​ថ្ងៃ​ទី​១៥​រោច​មាន​រយៈពេល​១៥​ថ្ងៃ​ដែល​យើង​ហៅថា​បិណ្ឌ​១, បិណ្ឌ​២  និង​ថ្ងៃ​បញ្ចប់ គឺជា​ថ្ងៃ “​ភ្ជុំបិណ្ឌ​”​។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បាន​ធ្វើឡើង​តាម​បែប​ព្រះពុទ្ធសាសនា​។ ជា​រៀងរាល់​ឆ្នាំ​នៅពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គ្រប់​បងប្អូន​កូនចៅ​សាច់ញាតិ​សន្ដាន​ទាំងអស់​ទោះ​នៅ​ទី​ជិត ឬ​ទី​ឆ្ងាយ​តែងតែ​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា ជាពិសេស​ឪពុកម្ដាយ​ដើម្បី​រៀបចំ​ម្ហូបអាហារ​បាយ​សម្ល​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម​។

ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ ពាក្យ​ថា “​ភ្ជុំបិណ្ឌ​” មកពី​ពាក្យ «​ភ្ជុំ​» រួមគ្នា​ជាមួយ​ពាក្យ​«​បិណ្ឌ​»​ដែល​មានន័យថា​: ភ្ជុំ​គឺ​ការ​ប្រមូលផ្តុំ ឬ​ប្រជុំ​បិណ្ឌ​(​មកពី​ភាសាបាលី​)”​ដុំ​បាយ​» ដូច្នេះ​យើង​អាច​សម្គាល់​ពាក្យ​នេះ​តាម​វិធី​ងាយ​បាន​ថា គឺជា «​ការប្រជុំ​ឬ​ប្រមូល​ផ្តុំ​ដុំ​បាយ​» ការ​ពូត​ដុំ​បាយ​ជា​ដុំៗ​ដែល​យើង​ហៅថា «​បាយបិណ្ឌ​»​។ បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​យើង​បាន​បង្ហាញថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​កើតមាន​តាំងពី​បុរាណកាល​មក​ម្ល៉េះ​។ ប៉ុន្តែ​ទាស់​ត្រង់​ថា កាលពី​សម័យ​មុនគេ​មិន​ហៅថា​បុណ្យ​ភ្ជុំ​ទេ​ដោយ​នៅក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែកចេញជា​ពីរ​ថ្នាក់។ ថ្នាក់ដំបូង គឺ​គេ​ចាប់ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ​១​រោច​រហូតដល់​ថ្ងៃ​១៤​រោច​ជា​វា​រក​ភត្ត​ធ្វើតាម​ថ្ងៃ ជា​បន្តបន្ទាប់​ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​១៥​រោច​ដែល​គេ​ហៅថា​បុណ្យ​ភ្ជុំ​។

ពិធីបុណ្យ​ទាំងពីរ​ថ្នាក់​នេះ​បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ហើយ​ហៅ​កាត់​ថា​ពិធីបុណ្យ​បិណ្ឌ​ភ្ជុំ​នេះឯង។

ទាក់ទង​នឹង​បុណ្យ​ភ្ជុំបិណ្ឌ​អ្នកប្រាជ្ញ​បាន​បង្កើត​ឲ្យ​មាន​គម្ពីរ​៣​ដែល​ទាក់ទង​ទៅ​នឹង​ពិធីបុណ្យ​កាន់បិណ្ឌ​គឺ​:១ គម្ពីរ​បេ​ត​វត្ថុ​: បកស្រាយ​ពី​រឿង​ប្រេត​គម្ពីរ​អា​និ​សង្ឃ​បិណ្ឌ​និយាយ​អំពី​ផល​នៃ​ការ​ធ្វើ​បុណ្យ​២ គម្ពីរ​ពិទ្យាធរ​ឬ​គម្ពីរ​វិជ្ជាធរ​និយាយ​តំណាល​អំពី​ប្រពៃណី​របស់​ជាតិ​ខែ្មរ​ដែល​ជាប់​ទាក់ទង​មកដល់​សព្វ​ថៃ្ង​៣ គម្ពីរ​វិមានវត្ថុ​គម្ពីរ​ធម្មបទ​ជាដើម​។ បើ​តាម​គម្ពីរ «​ពិទ្យាធរ ឬ​វិជ្ជាធរ​» មាន​តំណាល​ថា កាលនោះ​មាន​ព្រះ​ថេរ​មួយ​អង្គ​ឈ្មោះ ព្រះ​ឧបគុត្តសេ្ថរ លោក​មានអំណាច​មាន​ឥទ្ធិពល​ច្រើនណាស់​លោក​ក៏បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ស្ថាន​នរក​ដែល​ពោរពេញ​ដោយ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ក្តៅ​ខ្លាំង ប៉ុនែ្ត​ដោយ​ឥទ្ធិពល​របស់​លោក​ក៏​មាន​លេចចេញ​ឲ្យ​មាន​នូវ​ផ្កា​ឈូក​រ័ត្ន មួយ​ធំ​ប៉ុន​កង​រាជរថ​រួច​លោក​ក៏​គង់​នៅ​លើ​ផ្កាឈូក​នោះ​ហើយ​ផ្កាឈូក​នោះ​ក៏​ហោះ​កាត់​ស្ថាន​នរក​ដែល​ធើ្វ​ឲ្យ​ព្រះអង្គ​ត្រជាក់​ស្រួល​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ភ្លើង​កម្តៅ​ស្ថាន​នរក​ឡើយ​។

រីឯ​ពួក​សត្វ​នរក​វិញ​គ្រាន់តែ​ដឹង​ថា ព្រះ​ឧ​ប​គុ​ត្ត​សេ្ថ​រលោក​និមន្ត​ទៅ​ភ្លាម​ក៏​ធ្វើ​ឲ្យ​ពួក​សត្វ​នរក​ទាំងនោះ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ពួក​សត្វ​នរក​ទាំងនោះ​មានការ​កោតខ្លាច​នូវ​ភាព​អស្ចារ្យ​នេះ​យ៉ាង​ខ្លាំង​ក៏​នាំគ្នា​ចុះ​មក​អបអរសាទរ ហើយ​សួរ​អំពី​ឫទ្ធិ​បារមី​របស់​ព្រះអង្គ​លោក​ក៏បាន​ពន្យល់​សមែ្តង​ធម៌​ទេសនា​ឲ្យ​ពួក​សត្វ​នរក​ទាំងនោះ​ស្តាប់​ក្រោយមក​លោក​ក៏បាន​លា​ត្រឡប់​មក​ស្ថាន​មនុស្ស​វិញ​ហើយ​ពួក​សត្វ​នរក​ទាំង​នោះ​បាន​ផ្តាំផ្ញើ​ថា​ទូលព្រះបង្គំ​ទាំងអស់គ្នា​សព្វ​ថ្ងៃ​នេះ​លំបាក​វេទនា​ណាស់ណា​កម្តៅ​ភ្លើង​នរក​ណា​អត់​អាហារ​មិន​ដែល​មាន​សាច់សាលោហិត​ណា​លើកយក​អាហារ​ភោជន ឬ​បច្ច័យបួន​មក​ឧបត្ថម្ភ​ខ្ញុំ​ម្តង​ណា​ទេ គឺ​ខ្ញុំ​អត់ឃ្លាន​នោះ​ខ្លាំង​ណាស់​រោគាព្យាធិ​ជំងឺ​តម្កាត់​ក៏​មាន​ច្រើន​ដែរ​អ៊ីចឹង​បើ​តេជគុណ​និមន្ត​ទៅ​ស្ថាន​មនុស្សលោក​វិញ​សូម​ព្រះ​តេជគុណ​មេត្តា​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ញាតិមិត្ត ម៉ែឪ ជីដូន​ជីតា របស់ខ្ញុំ​ធ្វើបុណ្យ​និមន្ត​ព្រះសង្ឃ​មក​ដាក់​បិណ្ឌ ឬ​កាន់បិណ្ឌ​ផង រួចហើយ​ផ្សព្វផ្សាយ​ពរ​សព្វ​សាធុការ​ផលានិសង្ស បុណ្យ​ដាក់​បិណ្ឌ​ដល់​ទូលព្រះបង្គំ​ទាំងអស់គ្នា​ផង ដើម្បី​ឲ្យ​បាន​ផល​ជួប​ឧបត្ថម្ភ​ឲ្យ​បាន​ឆ្អែត​ស្កប់ស្កល់​បាត់​ទុក្ខវេទនា​តទៅ។

ព្រះ​ឧ​ប​គុ​ត្ត​តេ្ថ​រ​ក៏​នាំ​យក​បណ្តាំ​ទាំងនោះ​ទៅ​ក្រាប​បង្គំ​ទូល​សេ្ត​ច​នា​ពេល​នោះ​ទៅ ពោល​គ្រាន់តែ​ថ្វាយព្រះពរ​ប៉ុណ្ណឹង សេ្ត​ច​ក៏​ធ្វើជា​ចុ​ត​ហ្មាយ​ផ្សព្វផ្សាយ​ដល់​ប្រជារាស្ត្រ​គ្រប់ៗ​គ្នា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ឲ្យ​ប្រជារាស្ត្រ​ទាំងអស់​ធ្វើបុណ្យ​ដាក់​បិណ្ឌ​ឬ​កាន់បិណ្ឌ​នៅក្នុង​រដូវវស្សា​ដោយ​ផ្តាំផ្ញើ​ទៀត​ថា ឲ្យ​ធ្វើ​ចំ​នៅ​ថៃ្ង​១​រោច​ខែភទ្របទ​រហូតដល់​ថៃ្ង​១៥​រោច​ខែភទ្របទ ឬ​ដាច់​ខែ​ដោយហេតុ​នេះ​ហើយ​ដែល​នាំ​ឲ្យ​មាន​ពិធី​កាន់បិណ្ឌ​ជា​ប្រពៃណី​តាំងពី​ពេលនោះ​រហូតមកដល់​សព្វ​ថៃ្ង​នេះ។

មូល​ហេតុ​ដែល​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រជាជន​ខែ្មរ​ក៏​តែងតែ​ចងចាំ និង​យល់​គ្រប់ៗ​គ្នា​ថា          «​បុណ្យ​ភ្ជុំ​បិ​ណ្យ​» គឺជា​ការ​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ​ដើម្បី​ឧទ្ទិស​ដល់​បេត​បុគ្គល​ជា​ឪពុក​ម្តាយ​បងប្អូន​ញាតិសន្តាន​ទាំងឡាយ​ដែល​បាន​ចែក​ស្ថាន​ទៅ​ហើយ​មិនដឹង​ជា​ទៅ​ចាប់កំណើត​នៅ​លោក​ខាង​មុខជា​អ្វី​នោះ​។ ប៉ុ​នែ្ត​បើ​តាម​អត្ថបទ​របស់​លោក​សុង ស៊ីវ វិញ​ការ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​ពុំ​មែន​មានន័យ​តែ​ប៉ុណ្ណឹង​ទេ គឺ​លោក​បាន​បកស្រាយ​ដោយ​លើកយក​អត្ថន័យ​ចំនួន​៣​គឺ ដើម្បី​ឧទ្ទិស​កុសល​ចំពោះ​បេត​បុគ្គល​ឬ​ប្រេត​បុគ្គល (​ពាក្យ «​បេ​ត​» ជា​ពាក្យ​បាលី ឯ​ពាក្យ «​ប្រេត​»​ជា​ពាក្យ​សំស្ក្រឹត​)​ដើម្បី​ឲ្យ​បាន​សេចក្តី​សុខ​ចម្រើន​សិរី​សួស្តី​ដែល​កើត​ពី​ផល​ទាន​របស់​ខ្លួន​។ ដើម្បី​បង្កើត​សាមគ្គី​របស់​ជាតិ គឺ​ការ​ស្រុះស្រួល​គ្នា​ទាំង​ពេលវេលា​កំណត់​ទាំង​ការ​ធ្វើ​នំគម​អន្សម​ពេញ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក៏​អាច​កត់សម្គាល់​នូវ​ពាក្យ​មួយ​ទៀត​ថា «​បុណ្យ​សែនដូនតា​» ដែល​ជា​ពាក្យ​សាមញ្ញ​សម្រាប់​ប្រជារាស្ត្រ​ខ្លះ​ព្រោះថា​ពាក្យ​ទាំងពីរ​គឺ​មាន​ន័យ​ដូចគ្នា​។

កាលពី​សម័យ​បុរាណ​កាល​គេ​ធ្វើ​ពិធីបុណ្យ​នេះ គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល​៣​ខែ​ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា​រហូតដល់​ថ្ងៃ​ចេញ​វស្សា។ នៅក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា ដោយ​នៅក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​រលឹម​ពព្រិច​ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត​។ ហេតុដូច្នេះ​ទើប​បណ្ដា​ពុទ្ធបរិស័ទ​នាំគ្នា​រៀបចំ​ពិធី​នេះ​ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំថ្ងៃ​រហូតដល់​ថ្ងៃ​ចេញ​វស្សា​។ ម្យ៉ាងវិញទៀត​នៅក្នុង​ពិធីបុណ្យ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេ​ត​ជន​ញាតិ និង​ញាតិ​ទាំង​៧​សណ្ដាន ព្រមទាំង​តំណ​ញាតិ​ច្រើន​មហា​កប្ប​នោះ​ផង​ដែរ​តាមរយៈ​អនុភាព​នៃ​សង្ឃគ​តា​ទក្ខិណាទាន​ដែល​រស់​រង​ទុក្ខវេទនា​កើតជា​ប្រេត​មានកម្ម​ពៀរ​ជាប់ទោស​ធ្ងន់​រងកម្ម​ក្រហល់ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ​បាន​រួចផុត​ពី​ក្ដី​លំបាក​សោកសៅ​។

ទំនាក់ទំនង​បុណ្យ​ភ្ជុំបិណ្ឌ​និង​បុណ្យ​ចូល​វស្សា​បើ​តាម​សង្ឃដីកា​របស់​ស​មេ្ត​ច​ព្រះ​មង្គលទេពាចារ្យ​អ៊ុំ​ស៊ុម​បាន​ឲ្យ​ដឹង​ថា នៅ​សម័យ​ដើម​គឺ​ក្រោយ​ពេល​ដែល​ព្រះពុទ្ធសាសនា​បាន​ផ្សាយ​ចូល​មក​ក្នុង​ប្រទេស​ខែ្មរ​យើង​ហើយ​នោះ​ភិក្ខុសង្ឃ​បាន​និមន្ត​ទៅ​បិណ្ឌបាត​គ្រប់​ច្រក​ល្អក​រាល់ពេល​វេលា​ដោយ​មិន​គិតថា​ជា​រដូវវស្សា​រដូវប្រាំង​រដូវក្តៅ​ឬ​រដូវរងា​ឡើយ​។ លុះដល់​សម័យ​សេ្ត​ច​សោយរាជ្យ​គឺ​វង្ស​«​ជ័យវរ្ម័ន​»​ព្រះអង្គ​មាន​ព្រះទ័យ​ជ្រះថ្លា​នឹង​ព្រះពុទ្ធសាសនា​ក៏បាន​ឧបត្ថម្ភ​ព្រះសង្ឃ​ដែល​បួស​ក្នុង​ព្រះពុទ្ធសាសនា​ដោយ​បច្ច័យបួន​មាន​ច​ង្អា​ន់​បិណ្ឌ​បាត្រ​សេនាសណៈ​ភេសជ្ជៈ​និង​ចីវរ​។

ក្រោយ​មក​ទៀត​ព្រះអង្គ​ទ្រង់​ឈេ្វ​ង​យល់ថា​នៅ​រដូវវស្សា​ព្រះសង្ឃ​និមន្ត​ចេញទៅ​បិណ្ឌ​បាត្រ​នោះ​ជួបប្រទះ​នូវ​ការ​លំបាក​ខ្លាំង​ណាស់​ដូចជា​ភ្លៀង​ផ្គរ​រន្ទះ​ខ្យល់​បក់បោក​ដែល​បណ្តាល​ឲ្យ​ព្រះសង្ឃ​អង្គ​ខ្លះ​ត្រូវ​ដួល​លើ​ភក់ជ្រាំ​នោះ​ក៏​នាំ​ឲ្យ​ព្រះអង្គ​កើត​ព្រះទ័យ​ស​ងេ្វ​គ​ផង​ជ្រះថ្លា​ផង​ហើយក៏​បាន​បវរ​ណា​ដល់​ព្រះសង្ឃ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​និមន្ត​គង់នៅ​ក្នុង​វត្ត​ហើយ​កុំ​និមន្ត​ចេញ​បិណ្ឌ​បាត្រ​ឯណា​ក្នុង​រយៈពេល​៣​ខែ​មិនតែប៉ុណ្ណោះ​ព្រះអង្គ​ក៏បាន​ធ្វើជា​ព្រះរាជប្រកាស​ផ្សព្វផ្សាយ​ឲ្យ​ប្រជារាស្ត្រ​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជួយឧបត្ថម្ភ​បច្ច័យបួន​ដល់​ព្រះសង្ឃ​ក្នុង​រយៈពេល​នៃ​រដូវវស្សា​កុំ​ឲ្យ​ព្រះសង្ឃ​និមន្ត​បិណ្ឌ​បាត្រ​នៅ​ខាងក្រៅ​ទៀត​។

ការ​អនុវត្តន៍​បែបនេះ​ចេះតែ​ក្លាយ​បន្តិច​ម្តងៗ​ប្រជារាស្ត្រ​ក៏​ធ្វើតាម​ព្រះរាជា​រហូត​មក​គឺ​ឲ្យ​តែ​ដល់​រដូវវស្សា​រយៈពេល​៣​ខែ​ដោយ​គិត​ចាប់ពី​ថៃ្ង​១​រោច​ខែអាសាឍ​ដល់​ថៃ្ង​ពេញ​បូរ​មី​ខែអស្សុជ​មិន​ឲ្យ​ព្រះសង្ឃ​ទៅណា​ទេ​គឺ​នៅ​សម័យ​នោះ​គេ​ដាក់​បិណ្ឌ​ក្នុង​រយៈពេល​៣​ខែ​តែ​ក្រោយៗ​មក​ក៏​សល់​រយៈពេល​តិច​ទៅៗ​រហូតមកដល់​សព្វ​ថ្ងៃ​នេះ​អាស្រ័យ​ដោយ​កត្តា​ជីវភាព​រស់នៅ​ក្នុង​សង្គម​មានការ​ប្រែប្រួល​។

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ  ចាប់តាំងពី​សម័យ​បុរាណ​កាល​រហូតមកដល់​បច្ចុប្បន្ន​នេះ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​គេ​តែងតែ​ប្រារព្ធ​នៅក្នុង​រដូវវស្សា​ព្រោះ​នៅក្នុង​រដូវ​នេះ​ពពួក​ប្រេត​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក​ចំណីអាហារ​ជាង​រដូវ​ផ្សេងៗ​ទាំងអស់​។ ម្យ៉ាងវិញទៀត​នៅក្នុង​វស្សានរដូវ​អាហារ​របស់​ពួក​ប្រេត​ដូចជា​ភក់ជ្រាំ​ស្លេស្ម៍​កំហាក​សាកសព​និង​កាកសំណល់​អសោចិ៍​សម្បូរ​នៅក្នុង​ខែ​ភ្លៀង​ផ្គរ​ពព្រិច។ នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃនេះ​មាន​ពពួក​បេត​ជន (​ពួក​ប្រេត​)​សាច់ញាតិ​ទាំង​ប្រាំពីរ​សន្ដាន​ព្រមទាំង​តំណ​ញាតិ​ច្រើន​មហា​កប្ប​ដែល​អត់ឃ្លាន​អាហារ​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​នោះ​ត្រូវ​បាន​រួចផុត​ពី​ការ​ឃុំឃាំង​អនុញ្ញាត​ឲ្យ​មក​ស្វែងរក​សាច់ញាតិ​នៅ​តាម​វត្ត​អារាម​ផ្សេងៗ​ដែល​នាំ​យក​ចំណីអាហារ​ផ្សេងៗ​មក​ឧទ្ទិស​កុសល​ឲ្យ​។​បាន​ផល​ជួប​ឧបត្ថម្ភ​ឲ្យ​បាន​ឆ្អែត​ស្កប់ស្កល់​បាត់​ទុក្ខវេទនា​តទៅ​។

មូលហេតុ​ដែល​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រជាជន​ខ្មែរ​ក៏​តែងតែ​ចងចាំ និង​យល់​គ្រប់ៗ​គ្នា​ថា «​បុណ្យ​ភ្ជុំ​បិ​ណ្យ​» គឺជា​ការ​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ​ដើម្បី​ឧទ្ទិស​ដល់​បេ​ត​បុគ្គល​ជា​ឪពុក​ម្តាយ បងប្អូន ញាតិសន្តាន​ទាំងឡាយ​ដែល​បាន​ចែក​ស្ថាន​ទៅ​ហើយ​មិនដឹង​ជា​ទៅ​ចាប់កំណើត​នៅ​លោក​ខាង​មុខជា​អ្វី​នោះ​។ ប៉ុ​នែ្ត​បើ​តាម​អត្ថបទ​របស់​លោក​សុង ស៊ីវ វិញ​ការ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​ពុំ​មែន​មានន័យ​តែ​ប៉ុណ្ណឹង​ទេ គឺ​លោក​បាន​បកស្រាយ​ដោយ​លើកយក​អត្ថន័យ​ចំនួន​៣​គឺ : ដើម្បី​ឧ​ទិ្ទ​ស​កុសល​ចំពោះ​បេត​បុគ្គល​ឬ​ប្រេត​បុគ្គល (​ពាក្យ «​បេ​ត​»​ជា​ពាក្យ​បាលី ឯ​ពាក្យ «​ប្រេត​» ជា​ពាក្យ​សំស្ក្រឹត​)​ដើម្បី​ឲ្យ​បាន​សេចក្តី​សុខ​ចម្រើន​សិរី​សួស្តី​ដែល​កើត​ពី​ផល​ទាន​របស់​ខ្លួន​។ ដើម្បី​បង្កើត​សាមគ្គី​របស់​ជាតិ គឺ​ការ​ស្រុះស្រួល​គ្នា​ទាំង​ពេលវេលា​កំណត់​ទាំង​ការ​ធ្វើ​នំគម​អន្សម​ពេញ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក៏​អាច​កត់សម្គាល់​នូវ​ពាក្យ​មួយ​ទៀត​ថា «​បុណ្យ​សែនដូនតា​» ដែល​ជា​ពាក្យ​សាមញ្ញ​សម្រាប់​ប្រជារាស្ត្រ​ខ្លះ​ព្រោះថា​ពាក្យ​ទាំងពីរ​គឺ​មាន​ន័យ​ដូចគ្នា​។

កាលពី​សម័យ​បុរាណ​កាល​គេ​ធ្វើ​ពិធីបុណ្យ​នេះ គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល​៣​ខែ​ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា​រហូតដល់​ថ្ងៃ​ចេញ​វស្សា​។ នៅក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា ដោយ​នៅក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​រលឹម​ពព្រិច​ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌ​បាត្រ​។ ហេតុដូច្នេះ​ទើប​បណ្ដា​ពុទ្ធបរិស័ទ​នាំគ្នា​រៀបចំ​ពិធី​នេះ​ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំថ្ងៃ​រហូតដល់​ថ្ងៃ​ចេញ​វស្សា​។ ម្យ៉ាងវិញទៀត​នៅក្នុង​ពិធីបុណ្យ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេ​ត​ជន​ញាតិ និង​ញាតិ​ទាំង​៧​សន្តាន ព្រមទាំង​តំណ​ញាតិ​ច្រើន​មហា​កប្ប​នោះ​ផង​ដែរ​តាមរយៈ​អានុភាព​នៃ​សង្ឃគ​តា​ទក្ខិណាទាន​ដែល​រស់​រង​ទុក្ខវេទនា​កើតជា​ប្រេត​មានកម្ម​ពៀរ​ជាប់ទោស​ធ្ងន់​រងកម្ម​ក្រហល់ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ​បាន​រួចផុត​ពី​ក្ដី​លំបាក​សោកសៅ​។

នៅក្នុង​រយៈពេល​១៤​ថ្ងៃ​នៃ​ការ​កាន់បិណ្ឌ​ឬ​ដាក់​បិណ្ឌ​នេះ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់​ជាពិសេស​ក្រុម​នីមួយៗ​ដែល​បាន​រៀប​ចំ​ជា​ក្រុម​ដោយ​លោកតា​អាចារ្យ​ចាត់ចែង​នោះ​ត្រូវ​បែងចែក​ចេញ​៣ ឬ​៤​ក្រុម​តូចៗ​ដើម្បី​រៀបចំ​ធ្វើ​យាគូ​ឬ​ធ្វើ​ភត្តាហារ​ជា​៣​ទៅ​៤​ឆ្នាំង​ស្មើនឹង​៣​ទៅ​៤​មុខម្ហូប​។

ពេល​ទូងស្គរ​ចំណាំ​វស្សា​អ្នក​នៅក្នុង​ក្រុម​វេន​នីមួយៗ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ចង្ហាន់​ហើយ​យាយ​តា​ចាស់ៗ​ក្នុង​ក្រុម​វេន​ត្រូវ​ជ្រើស​រើស​យក​ផ្ទះ​ណាមួយ​ដើម្បី​ប្រមូល​នំនែក​រៀបចំ​បាយបិណ្ឌ​បាយបត្តបូរ។ រៀបចំ​រួចហើយ​ត្រូវ​នាំគ្នា​ទៅ​វត្ត​ស្ដាប់​លោក​សូត្រ​ថ្វាយបង្គំ​ធម៌​សុ​ខោ និង​ធម៌​បរាភវ​សូត្រ​។

ចំណែកឯ​កូនចៅ​ដែល​នៅផ្ទះ​ត្រូវ​នាំគ្នា​ខិតខំ​ដុតដៃដុតជើង​បបរ ឬ​ស្ល​ស្លុក​តាម​មុខម្ហូប​នីមួយៗ​ដោយឡែក​ពី​គ្នា​។ លុះដល់​ពេលព្រឹក​ព្រាង​អរុណោទ័យ​ត្រូវ​នាំគ្នា​រៀបចំខ្លួន​កណ្ដៀត​យួរ​កាន់​ទូល​រែក​ចង្ហាន់​ទៅ​វត្ត។

នៅក្នុង​វត្ត​លោកតា​អាចារ្យ​ត្រូវ​រៀបចំ​ពី​ធី​រាប់បាត្រ​នៅ​លើ​ឧបដ្ឋានសាលា​។ បន្ទាប់មក​លោក​អាចារ្យ​ជា​ប្រធាន​ត្រូវ​នាំ​ពុទ្ធបរិស័ទ​វេរចង្ហាន់​ប្រគេន​ព្រះសង្ឃ​វេរ​បាយបត្តបូរ​។​ល​។ លុះ​ដល់ពេល​ព្រះសង្ឃ​ធ្វើ​ប​ត្តា​នុ​មោទន​គាថា ចប់​មេ​វេន​ក្រុម​នីមួយៗ​ត្រូវ​រៀបចំ​ម្ហូបអាហារ​ចំណី​ចូល​គំនាប់​ជូន​លោកតា​អាចារ្យវត្ត​ព្រមទាំង​ចាត់ចែង​ភោជនាហារ​ទទួលភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ​នៅក្នុង​ថ្ងៃ​វេន​របស់​ខ្លួន​នោះ​ផង​ដែរ​។ ការ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ត្រូវ​បាន​ធ្វើឡើង ដើម្បី​ឧទ្ទិស​កុសល​ឲ្យ​ទៅ​ជីដូន​ជីតា​បងប្អូន និង​ញាតិ​ទាំង​៧​សន្តាន​ដែល​បាន​ស្លាប់​ក្លាយជា​ប្រេត​ហើយ​ត្រូវ​បាន​ជាប់ឃុំ​នៅក្នុង​នរក​។ ក្នុង​ការ​បើ​ទ្វារ​នរក​នេះ​ប្រេត​ខ្លះ​មានឱកាស​រួចផុត​ពី​ការ​ជាប់​ទារុណកម្ម​នៅ​នរក​ខណៈ​ដែល​ខ្លះទៀត​ត្រូវ​បាន​គេ​ដោះលែង​ឲ្យ​នៅ​ក្រៅ​នរក​ជា​បណ្តោះអាសន្ន​ដើម្បី​ទៅ​ទទួលយក​នូវ​ចំណី និង​កោសល្យ​ផល​បុណ្យ​ដែល​កូនចៅ​បាន​ឧ​ទិ្ទ​ស​ឲ្យ​ហើយនឹង​ត្រូវ​ត្រឡប់​ទៅ​ទទួល​ទុក្ខវេទនា​នៅក្នុង​នរក​បន្តទៀត​បន្ទាប់ពី​ពិធី​ភ្ជុំបិណ្ឌ​នេះ​ត្រូវ​បាន​បញ្ចប់​។

ចំពោះ​ញាតិសន្តាន​ដែល​មិនបាន​នៅក្នុង​នរក​ក៏ដោយ​ក្តី​ក៏​ត្រូវ​បាន​គេ​ចាត់ទុកថា អាច​ទទួលបាន​នូវ​កោសល្យ​ពី​ពិធីការ​ឧ​ទិ្ទ​ស​ក្នុង​ពិធីបុណ្យ​នេះ​ផង​ដែរ​។ សូម​បញ្ជាក់​ដែរ​ថា ក្នុង​ថ្ងៃបុណ្យ​ភ្ជុំ​មាន​រៀបចំ​កញ្ចប់​ចតុប្បច្ច័យ (​ស៊ង​)​ប្រគេន​គ្រប់​ភិក្ខុ​សាមណេរ​។ ឯ​គណៈកម្មការ​វត្ត​បាន​ចាត់ចែង​នំអន្សម​នំគម និង​បាយ​បិត្តបូរ​ឲ្យ​ទៅ​សិស្សគណ​ទុក​ប្រគេន​ភិក្ខុ​សាមណេរ​តាម​ចំណែក​សម្រាប់​ធ្វើ​ចង្ហាន់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។ ម្យ៉ាងវិញទៀត​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នេះ​កាលពី​សម័យ​បុរាណ​មាន​លេងល្បែង​ប្រណាំង​ក្របី​សេះ​ចាប់ពី​២-៣​គូ ទៅតាម​តំបន់​រៀងៗ​ខ្លួន ត្រូវការ​អំណះអំណាង ដើម្បី​អបអរ​នៅក្នុង​ថ្ងៃបុណ្យ​ឆ្លង​បង្ហើយ​។

លើសពី​នេះទៅ​ទៀត ក្របី សេះ​និង​របស់​ដែល​ត្រូវ​ប្រកួត​គេ​បាន​តុបតែង​លំអ​ដោយ​ប្រេង​លាប​ពណ៌​រលើបរលោង​មាន​ពាក់​ប្រឡៅ​កណ្ដឹង​ត្រដោក ឬ​ចង្ក្រង​ជាដើម​។ ត្រូវការ​អំណះអំណាង កន្លែង​ខ្លះទៀត​មាន​លេងល្បែង​ផ្សេងៗ​ខុសពី​នេះ។

​ប៉ុន្តែ​រហូត​មក​ដល់ពេល​បច្ចុប្បន្ន​នេះ​ទំនៀមទម្លាប់​នេះ​ចេះតែ​បាត់ៗ​រួញ​ថយ​បន្តិច​ម្ដងៗ​សាសនា​កាន់តែ​កន្លង​វែង​ទៅ​នាំ​ឲ្យ​ការ​ប្រកាន់ខ្ជាប់​ស្ទើរតែ​បាត់បង់​ច្រើន​ណាស់​ដែរ។

បរាភវ​សូត្រ​បរាភវ​សូត្រ (​អាន​ថា​ប៉ៈ​រ៉ា​ភៈ​វៈ​) តែង​ត្រូវ​បាន​ព្រះសង្ឃ​សូត្រ​នៅក្នុង​ព្រះវិហារ​ជា​រៀងរាល់ថ្ងៃ​នា​ពេល​ទៀបភ្លឺ​នៅក្នុង​អំឡុង​ពេល​បុណ្យកាន់បិណ្ឌ​។ នៅក្នុង​បរាភវ​សូត្រ​នេះ​ជារឿយៗ​គេ​ឮ​ឃ្លា​មួយ​ដែលថា​នាំ​ឲ្យ​វិនាស​។ ឃ្លា​នេះ​ជាហេតុ​នាំ​ឲ្យ​អ្នកខ្លះ​មាន​ទស្សនៈ​ថា ពួកគេ​មិន​ហ៊ាន​ស្ដាប់ធម៌​បរាភវ​សូត្រ​ទេ​ព្រោះ​ខ្លាច​វិនាស។

តាមពិត​បរាភវ​សូត្រ​មានន័យថា «​មាត្រា​ដែល​ពោល​ពី​ធម្មជាតិ​ដែល​គ្មាន​ក្ដី​ចម្រើន​ឬ​ធម៌​ជាហេតុ​នាំ​ឲ្យ​មាន​ក្ដី​វិនាស​»​។ សូត្រ​នេះ​មាននៅ​ក្នុង​គម្ពីរ​សុត្តន្តបិដក​ខុ​ទ្ទក​និកាយ​សុ​ត្ត​និបាត​ត​តិ​យ​ភាគ​ទី​៥៤​ទំព័រ​ទី​៣៦​។ ធម៌​នេះ​យើង​អាច​អះអាង​ថា មិនមែន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដល់​នូវ​ក្ដី​វិនាស​ឡើយ​ផ្ទុយទៅវិញ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បានដឹង​ច្បាស់​ពី​មូល​ហេតុដែល​នាំ​ឲ្យ​វិនាស​ហើយ​ឲ្យ​គេ​ជៀសវាង​ដើម្បី​គេច​ឲ្យ​ផុតពី​ក្ដី​វិនាស​ហើយ​ប្រសិនបើ​គេ​មិនបាន​ស្ដាប់ធម៌​នេះ​គេ​អាច​នឹងមិន​ដឹង​ពី​ហេតុ​ដែល​នាំ​ឲ្យ​វិនាស​ហេតុនេះ​អាច​នឹង​ប្រព្រឹត្ត​ខុស​ជាហេតុ​នាំ​ឲ្យ​វិនាស​ទៅវិញ​។

ក្នុង​នោះ ព្រះពុទ្ធ​បាន​បង្រៀន​ពី​ហេតុផល​សាមញ្ញៗ និង​ជាក់ស្ដែង​ដូចជា បុគ្គល​ដែល​មាន​វ័យ​ចំណាស់​ពេក ហើយ​យក​មនុស្ស​ក្មេង​ជា​ប្រពន្ធ​ប្ដី​ភាពជា​បុគ្គល​អក​ត្ដ​ញ្ញូ​មិន​ដឹងគុណ​ឪពុកម្ដាយ​អ្នកលេង​ល្បែង ៣​ប្រការ គឺ ល្បែង​ស្រី​ល្បែង​ស្រា និង​ល្បែងភ្នាល់​គ្រប់​ប្រភេទ​ភាពជា​អ្នក​ខ្ជិលច្រអូស​ជាដើម​ថា ហេតុ​នាំមក​នូវ​ក្ដី​វិនាស។

ការ​បោះ​បាយបិណ្ឌ​នៅ​ព្រលឹម​ម៉ោង​៤​ព្រឹក​ប្រជាពលរដ្ឋ​តែងតែ​នាំគ្នា​ដើរទៅ​វត្ដ​អារាម​នានា​នៅក្នុង​ភូមិ ឬ​នៅក្បែរ​ផ្ទះ​របស់​ខ្លួន​ជាមួយនឹង​នំចំណី​ដែល​ធ្វើ​រួចជាស្រេច​ដាក់​ក្នុង​ចាន ឬ​ស្បោង​ដើម្បី​ទៅ​វត្ដ​។ ការ​បោះ​បាយបិណ្ឌ​ជា​ជំនឿ​អរូបិយ​មួយ​ផង​ដែរ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​និយម​ធ្វើជា​រៀងរាល់​ព្រឹក​ដើម្បី​បញ្ជូន​ឬ​ឧទ្ទិស​កុសល​ឲ្យ​ទៅ​ញាតិសន្ដាន​សាច់សាលោហិត​ដែល​បាន​ចែក​ឋាន​ទៅ​បរលោក​។ ការ​បោះ​បាយបិណ្ឌ (​ការបោះ​ដុំ​បាយ​) ជា​សកម្មភាព​មួយ​ដែល​មិន​ទាន់​មាន​ឯកភាព​គ្នា​នៅក្នុង​សង្គម​ពុទ្ធសាសនិក​នៅឡើយ ដោយ​អ្នកខ្លះ​បាន​ចាត់​ទុក​ការ​បោះ​បិណ្ឌ​ជា​កិច្ច​ដ៏​សំខាន់​មួយ​មិនអាច​ខាន​បាន​នៅក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​នេះ ខណៈ​ដែល​អ្នកខ្លះ​បាន​អះអាង​និង​រិះគន់​ថា ការ​បោះ​បាយបិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ ជា​ភាព​ខ្ជះខ្ជាយ​ជា​ការ​ធ្វើ​មិន​គោរព​ទាន​ជាដើម។

អ្នក​ដែល​ជឿ​ថា បោះ​បាយបិណ្ឌ​មាន​ប្រយោជន៍​គិតថា​បោះ​បាយបិណ្ឌ គឺ​បោះ​ឲ្យ​ពួក​ប្រេត (​ហេតុនេះ​ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយបិណ្ឌ​ទេ​តែ​ហៅថា​បាយ​ប្រេត​)​។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះទៀត​បាន​អះអាងថា ការ​បោះ​បាយបិណ្ឌ​ជា​ការ​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការបង្រៀន​របស់​ព្រះពុទ្ធ​ឡើយ។

ការ​ពូន​ភ្នំខ្សាច់​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ទាក់ទិន​នឹង​ជំនឿ​ដែល​ពុទ្ធបរិស័ទ​លើកឡើង​អំពី​ការ​ពូន​ភ្នំខ្សាច់​នៅ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ វា​ជា​ជំនឿ​មួយ​ដែល​ខ្មែរ​យើង​ទូទៅ​យល់ថា​វា​ល្អ​ហើយ​មាន​ប្រយោជន៍​ទើប​ពួកគាត់​ធ្វើ ហើយ​បាន​ដាក់​លុយ​ទៅតាម​ភ្នំខ្សាច់​នីមួយៗ​ព្រមទាំង​អុជ​ធូប​ស្មា​លា​កំហុស​បាប​មួយចំនួន​ដែល​ខ្លួន​បាន​សាង​ឡើង​ដោយ​មិនបាន​ចាប់អារម្មណ៍​កន្លងមក​។ ការ​ពូន​ភ្នំខ្សាច់​នេះ​ក៏​ជាការ​ឧទ្ទិស​កុសល​មួយ​ជូន​ដល់​ឧបការី​ជន​ទាំងឡាយ​ដែល​បាន​លាចាក​លោក​ផង​ដែរ។

ប្រេត ៖ អត្ថបទ​លម្អិត​៖​ប្រេត  បើតាម​គម្ពី​ព្រះពុទ្ធសាសនា​បាន​ចែងថា មនុស្ស​ដែល​ស្លាប់ទៅ​តែង​ទៅ​កើ​តទី​ផ្សេងៗ​តាម​កម្ម​របស់ខ្លួន​។ មនុស្ស​ចិ​ត្ដ​អាក្រក់​ដែល​បានធ្វើ​បាបកម្ម​ផ្សេងៗ លុះ​ស្លាប់​ទៅ​តែងតែ​កើតជា​ប្រេត​៤​ប្រភេទ​គឺ​ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ខ្ទុះ​ឈាម​ប្រេត​ស្រេកឃ្លាន​អាហារ​ជានិច្ច ប្រេត​ដែល​ភ្លើង​ឆេះ​ជានិច្ច និង​ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅឲ្យ។ គេ​តែង​និយម​ជ្រើសរើស​ចំ​ថ្ងៃ​រនោច​ខែភទ្របទ​ព្រោះ​ពេលវេលា​នោះ​ព្រះ​ចន្ទ​ពុំ​សូវ​មាន​ពន្លឺ ហើយ​ចេះតែ​ងងឹត​ទៅៗ​ព្រោះ​ឱកាស​នោះ​ហើយ​ដែល​យមរាជ​ដោះលែង​ពួក​ប្រេត​ទាំងនោះ​ឲ្យមក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស​ចាំ​ទទួល​ភោគផល​ដែល​បងប្អូន​ញាតិសន្ដាន​ដែល​ញាតិ​ឧទ្ទិស​ឲ្យ​ព្រោះ​ពួក​ប្រេត​ខ្លាច​ពន្លឺ​ណាស់​។ ប្រសិនបើ​រយៈពេល​១៥​ថ្ងៃ ពួក​ប្រេត​ដើររក​គ្រប់​វត្ដ​ពុំមាន​ឃើញ​បងប្អូន​ញាតិសន្ដាន​ណា​ធ្វើបុណ្យ​បញ្ជូន​កុសល​ទៅ​ឲ្យ​ទេ ពួកគេ​នឹង​អត់បាយ​អត់​ទឹក​ស្រេកឃ្លាន​រង​ទុក្ខវេទនា​យ៉ាង​ក្រៃលែង ហើយនឹង​ជេរប្រទេច​ផ្ដាសា​ដល់​បង​ប្អូន​ញាតិ​កា​ទាំងឡាយ​ឲ្យ​ហិនហោច​ទ្រព្យសម្បត្ដិ​ព្រាត់ប្រាស​ឪពុកម្ដាយ​ប្ដី​ប្រពន្ធ​កូនចៅ​ញាតិ​ផៅ​ទាំង​ប្រាំពីរ​សន្ដាន។

បុណ្យ​ស្រដៀង​គ្នា​នេះ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​របស់​កម្ពុជា​។ ប៉ុន្តែ​ក៏មាន​ពិធីបុណ្យ​សម្រាប់​ឧ​ទិ្ទ​ស​កុសលផល​បុណ្យ​ដែល​មាន​ភាព​ស្រដៀង​គ្នា​នេះ​ដែរ​ដូចជា​នៅ​ស្រីលង្កា​(​ឧ​.​ការ​ឧ​ទិ្ទ​ស​ដល់​អ្នក​ដែល​ស្លាប់​) ហើយក៏​វា​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង Ghost Festival នៅ​តៃវ៉ាន់​ផង​ដែរ (​ដែល​វា​ទាក់ទង​ទៅនឹង​ការបើកទ្វារ​នរក​យមរាជ​ជាដើម។

បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​មិនមាន​ឯកសារ​ណាមួយ​បាន​បរិយាយ​ថា ចាប់ធ្វើ​ពី​សម័យ​ណា​ទេ​។ ប៉ុន្ដែ​ក្នុង​គម្ពីរ តិរោកុឌ្ឌសូត្រ​បាន​បរិយាយ​ថា ព្រះបាទ​ពិម្ពិសារ​មាន​ពួក​ញាតិ​មួយក្រុម​បាន​បំពេញ​ទាន​មិន​បរិសុទ្ធ គឺ​ស៊ី​បាយ​មុន​លោក​លុះ​ចាក​លោក​ទៅកាន់​លោក​ខាងមុខ​ក៏​កើត​ទៅជា​ប្រេត​។ លុះដល់​ព្រះ​សម្ពុទ្ធ​ព្រះនាម​កុក្ក​សន្ធោ​បាន​ត្រាស់ដឹង​ឡើង​ក្នុង​លោក ពួក​ប្រេត​ទាំងនោះ​ទៅ​សួរ​ព្រះអង្គ​ថា “​ចុះ​យើងខ្ញុំ​កាលណា បាន​អាហារ​បរិភោគ​?”​ព្រះពុទ្ធ​ត្រាស់​ថា “​ចាំ​សួរ​ព្រះពុទ្ធ​ជាន់ក្រោយ ចុះ​ក្នុង​សាសនា​តថាគត​អ្នក​ទាំងឡាយ​មិនត្រូវ​បាន​អាហារ​បរិភោគ​ទេ​”​។

លុះដល់​ព្រះពុទ្ធ​ព្រះនាម​នាគ​មនោ​បាន​ត្រាស់ដឹង ពួក​ប្រេត​ទាំងនោះ​នាំគ្នា​ទៅ​សួរ​ទៀត​។ ព្រះពុទ្ធ​ព្រះនាម​នាគ​មនោ​ក៏​ត្រាស់​ប្រាប់​ដូច​ព្រះពុទ្ធ​មុន​ទៀត​។ ពេល​ព្រះពុទ្ធ ព្រះនាម​កស្ស​បោ​បាន​ត្រាស់ដឹង​ក៏មាន​ហេតុ​ដូចគ្នា​។ ទើប​មកដល់​ព្រះ​សម្ពុទ្ធ​ព្រះនាម​សមណ​គោ​ត្ដម​យើង​នេះ ព្រះអង្គ​ទ្រង់​ត្រាស់​ថា «​ចាំមើល​ព្រះបាទ​ពិម្ពិសារ​ជា​ញាតិ​របស់​អ្នក​ទាំងឡាយ​ទ្រង់​ឱ្យទាន​ដល់​តថាគត នោះ​នឹង​ញុំ​ា​ង​អាហារ​ឱ្យ​សម្រេច​ដល់​អ្នក​ទាំងឡាយ​»​។ លុះ​ព្រះបាទ​ពិម្ពិសារ​បាន​ថ្វាយ​ទាន​ជាដំបូង ហើយ​មិន​ផ្សាយ​ទៅឱ្យ​ពួក​ញាតិ ក៏​ស្រាប់តែ​ពួក​ប្រេត​ជា​ញាតិ​ទាំងឡាយ​នោះ​យំ​ស្រែក​ទ្រហឹង​ក្នុងពេល​រាត្រី​នោះ​។ ព្រះបាទ​ពិម្ពិសារ​ស្ដេចយាង​ទៅកាន់​វត្ដ​វេឡុវ័ន ហើយ​ទូល​សួរ​ព្រះពុទ្ធ ព្រះអង្គ​ត្រាស់​ថា «​ពួក​ប្រេត​ជា​ញាតិ​របស់​ព្រះអង្គ​នាំគ្នា​យំទារ​អាហារ ព្រោះ​ពួក​ប្រេត​ទាំងនោះ​ត្រូវបាន​អាហារ​បរិភោគ​ក្នុង​សាសនា​តថាគត​»​។ ប៉ុន្ដែ​ព្រះអង្គ​បានធ្វើ​បុណ្យ​ហើយ​មិនបាន​ផ្សាយ​ផល​ទៅឱ្យ​។ ពេល​ព្រះអង្គ​បាន​ជ្រាប​ហើយក៏​ចាត់ចែង​ធ្វើបុណ្យ​បញ្ជូនទៅឱ្យ​។ ពួក​ប្រេត​ទាំងនោះ​ក៏បាន​ទទួលផល​ក្នុងពេលនោះ​ហើយ​។​

កម្មវិធី​បុណ្យ​ពេល​រសៀល​ថ្ងៃ​១៥​កើត ខែភទ្របទ ពុទ្ធបរិស័ទ​បានមក​ជួបជុំគ្នា​នៅ​សាលាឆាន់​។ អ្នក​ដែល​បាន​ព្រម​ទទួលបន្ទុក​ចំណាយ​ប្រាក់កាស​ក្នុង​ការទិញ​ម្ហូបអាហារ ភេសជ្ជៈ ឬ​រណ្ដាប់​រៀបចំ​ពិធី​សម្រាប់​ថ្ងៃទី​១ គឺ​ថ្ងៃ​១​រោច ខែភទ្របទ ដែល​គេ​និយម​ហៅថា កាន់បិណ្ឌ ហើយ​ថា​បិណ្ឌ​១​គេ​ត្រូវ​មកកាន់​ទីវ​ត្ដ ដើម្បី​ដំណើរការ​ពិធី​ដូច​គេ​ទៅ​? ១-​អ្នក​កាន់​វេន និង​ពុទ្ធបរិស័ទ​ទាំងអស់​នាំគ្នា​រៀបចំ​បាយបិណ្ឌ​។ បាយបិណ្ឌ​គឺជា​បាយ​ដែល​គេ​ដាំ​ពី​អង្ករដំណើប​ហើយ​ពូត​លាយ​ជាមួយគ្នានេះដែរ​គេ​ត្រូវ​រៀបចំ​ពាន​បិណ្ឌ ឬ​ហៅ ជើង​បិណ្ឌ​នោះ​ជា​ពីរ​ចំណែក​ទុក​ប្រគេន​ព្រះសង្ឃ​មួយចំណែក សម្រាប់​ឧទ្ទិស​ដល់​អ្នក​ដែល​ចែក​ឋាន​ទៅ និង​ជូន​អាចារ្យ​មួយចំណែក​នៅ​ថ្ងៃ​កាន់បិណ្ឌ​របស់គេ ដើម្បី​ជាការ​ដឹងគុណ​ដែល​លោក​ហត់នឿយ​ជួយ​ចាត់ចែង​ពិធី​។ ការរៀប​ជើង​បិណ្ឌ​មាន​ដាក់​ផ្លែឈើ​គ្រប់មុខ នំ​អង្ករ ប្រាក់កាស​ខ្លះ​តាម​សទ្ធា និង​ចំណូល​ចិ​ត្ដរបស់​អ្នក​កាន់បិណ្ឌ ឬ​អ្នកដទៃ​ផ្សេងទៀត​ដែល​គេ​បាន​យកមក​ដាក់ចូល​រួមជាមួយ​ដែរ​។ គេ​ពូតបាយ​ធ្វើជា​ផ្កាបិណ្ឌ​ទៀត កំណត់​រាប់​តាម​ចំនួន​វេន​បិណ្ឌ​។ ឧបមា​ថ្ងៃ​បិណ្ឌ​៥ គេ​ធ្វើ​៥ ថ្ងៃ​បិណ្ឌ​១០ គេ​ធ្វើ​១០​ដែរ​។ ផ្កាបិណ្ឌ​នេះ​គេ​ធ្វើ​ដោយ​សន្លឹក​ចេក​កេវ​ជា​កន្ទោង​រួច​កាត់​ចេកទុំ​មួយ​ចំណិត​ញាត់​ត្រង់​កំពូល​ស្រួច ហើយ​ញាត់​បាយដំណើប​រហូតដល់​ពេញ​រួច​បាន​ផ្កាប់​បញ្ឈរ​ចេញ​ជា​រាង​សាជី គេ​ដោត​ទង់​តូចៗ និង​ផ្កា​ចំរុះ​គ្រប់​ពណ៌​ពីលើ​ជាល​ម្អ​សម្រាប់​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ចូឡាមណី​ចេតិយ​។ ២-​នៅពេល​ព្រលប់ លោក​អាចារ្យ អ្នក​កាន់​វេន និង​ពុទ្ធបរិស័ទ​ទាំងអស់ ប្រារឰធ្វើ​ពិធី​ថ្វាយបង្គំ​ព្រះ និង​ឧទ្ទិស​ហៅ​ដួងព្រលឹង​អ្នក​ដែល​ចែក​ឋាន​ទៅ អញ្ជើញ​មក​ទទួល​កុសល និង​សូត្រ​ប្រតិ​ស្ថាន​បាយបិណ្ឌ​។ ៣-​ព្រះសង្ឃ​និមន្ដ​ចូលក្នុង​សាលាឆាន់​ដើម្បី​សូត្រធម៌​ចំរើន​ព្រះ​បរិ​ត្ដ និង​ឧទ្ទិស​កុសល​បាចទឹក​មន្ដ គឺ​ពិធី​ក្រុង​ពាលី​បាយបិណ្ឌ​។ ៤-​ព្រះសង្ឃ​ទេសនា​ច្រើន​ទេស​ពី​អានិសង្ស​នៃ​កុសល ដែល​បាន​ឧទ្ទិស​ដល់​អ្នក​ចែក ឋាន ឬ​ពី​កុសល​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ដល់​ពិធី​កាន់បិណ្ឌ​-​ភ្ជុំបិណ្ឌ​។ ៥-​ព្រះសង្ឃ (​ប្រធាន​សង្ឃ​) ប្រទាន​ឱវាទ​ខ្លះៗ​សម្រាប់​កម្មវិធី​បុណ្យ​នា​វេលា​ទៀបភ្លឺ​។ ថ្ងៃស្អែក​ពេល​ជិត​ភ្លឺ​វេលា​ប្រហែល​ម៉ោង​៤ ព្រះសង្ឃ​ទូងស្គរ​ជា​សញ្ញា​ដាស់​ឱ្យ​ភ្ញាក់​ពី​ដំណេក ដើម្បី​ដំណើរការ​ពិធី​បន្ដ​ដូចតទៅ ៖ -​ព្រះសង្ឃ​ចូលក្នុង​ព្រះវិហារ​សូត្រធម៌​ថ្វាយបង្គំ​ព្រះ​។ រីឯ​ពុទ្ធបរិស័ទ និង​អ្នក​កាន់​វេន​បិណ្ឌ នាំគ្នា​ចូលទៅ​សាលាឆាន់ អុជ​ទៀនធូប​រៀបចំ​បាយបិណ្ឌ និង​ថ្វាយបង្គំ​ព្រះ​។ -​ព្រះសង្ឃ​និមន្ដ​ពី​ព្រះវិហារ​ចូលមក​កាន់​សាលាឆាន់​ដើម្បី​សូត្រ​បរាភវ​សូត្រ ដែល​គេ​និយម​ហៅ​កាត់​ថា «​សូត្រ​បរា​»​។ បរាភវ​សូត្រ​នេះ គឺជា​ធម៌ ដែល​ចែង​ពី​រឿង​វិនាស​១២​ប្រការ មាន​អំពើ​ផិតក្បត់ ការលេង​ល្បែង​៣​ប្រការ​ស្រី ស្រា ល្បែង ការមិន​ត្រេកអរ​ក្នុង​ធម៌ អ្នកមាន​ទ្រព្យសម្បត្ដិ​មិន​ចិញ្ចឹម​មាតាបិតា​ការសេព​គប់​បុគ្គល​ពាល​។​ល​។ សូត្រ​បរា ចប់​ព្រះសង្ឃ បង្សុកូល និង​ឧទ្ទិស​បាយបិណ្ឌ​ដល់​ប្រេត​នរក​។ ក្រោយពេល​ព្រះសង្ឃ សូត្រ​ចប់ អាចារ្យ​វាយគង​ហើយ​ភ្លេងពិណពាទ្យ​ចាប់​កំដរ​ពិធី​។ ភ្លេង​ប្រគុំ​កំដរ​ជា​ហូរហែ ព្រម​គ្នា​ជាមួយ​ព្រះសង្ឃ​សូត្រធម៌​ឧទ្ទិស​ជា​បន្ដបន្ទាប់​នោះ ពួក​ពុទ្ធបរិស័ទ ទាំងអស់​កាន់​ចានបាយ​បិណ្ឌ​រៀងៗ​ខ្លួន​ដើរ​តម្រង់​ទៅ​ព្រះវិហារ​ដើម្បី​ប្រទក្សិណ​៣​ជុំ​ព្រះវិហារ​ដែល​គេ​ហៅថា «​បោះ​បាយបិណ្ឌ​»​។​

ពេល​ដើរ​ជុំវិញ​ព្រះវិហារ​នោះ គេ​ត្រូវ​ដុត​ធូប​ប្រាំ​សរសៃ​នៅ​លើ​ចានបាយ​បិណ្ឌ​។ ឱកាស​ដើរ​ព័ទ្ធ​បាន​មួយ​ជុំ អាចារ្យ​ប្រកាសថា អនុមោទនា​លោក​អើយ​!​ទាំងអស់គ្នា​ស្រែក​ទទួល​ថា សាធុ​! រួច​គេ​ចាប់យក​បាយ​មួយ​ដុំ​ដាក់​ទៅលើ​ដី ឬ​បោះ​គ្រវែង​ទៅកាន់​ទី​ឆ្ងាយ​ហើយ​ដោត​ធូប​មួយ​សរសៃ ដោត ផ្កាឈូក ឬ​ផ្កា​ផ្សេងៗ​មួយទង​នៅលើ​ដី​ដែរ​។ គេ​ធ្វើបែបនេះ​គម្រប់​៣​ដង​។ រីឯ​បាយបិណ្ឌ និង​ធូប​នៅសល់ គេ​នាំ​យកតាម អាចារ្យ​ដែល​អញ្ជើញ​ចេញទៅ​ក្រៅ​វត្ដ​ទៅកាន់​ទី​ដែល​នៅ​ជិត​ខ្ទម​អ្នកតា ឬ​ក្រោម​ដើម ឈើ​ធំៗ ហើយ​អុជ​ធូប និង​ចាក់​បាយបិណ្ឌ​ទាំងអស់នោះ​ទៅលើ​ដី​ដើម្បីឱ្យ​ខ្មោច​ដែល​គ្មាន​បងប្អូន​ធ្វើបុណ្យ​បញ្ជូន​ឱ្យ​។ អាចារ្យ​បាន​ហាម​មិនឱ្យ​លាងចាន និង​លាងដៃ​នៅ​ទី​នោះឡើយ​ព្រោះ​ហាក់ដូចជា​អសីលធម៌​ដល់​ខ្មោច​ដែល​កំពុង​ទទួល​។ បន្ទាប់ពី ចាក់​បាយបិណ្ឌ​ទៅលើ​ដី​អស់​គ្រប់គ្នា​ហើយ​អាចារ្យ​ធ្វើ​ពិធី​បង្សុកូល ច្រូច​ទឹក​លើ​នំចំណី និង​បាយបិណ្ឌ​ឱ្យ​ប្រេត​ទាំងនោះ ដែល​មក​ចាំ​ទទួល​ដែរ តែ​គ្មាន​ញាតិសន្ដាន​ឧទ្ទិស​ឱ្យ​។ បន្ទាប់ពី​ចប់​កិច្ច​ក្រៅ​វត្ដ ពុទ្ធបរិស័ទ​ទាំងអស់​បាន​ចូលមក​កាន់​សាលាឆាន់​វិញ ដើម្បី​រៀបចំ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ឆាន់​ពេលព្រឹក​។ ព្រះសង្ឃ​បានរៀបចំ​ពិធី​បង្សុកូល ដើម្បីឱ្យ​ពុទ្ធបរិស័ទ​រាប់បាត្រ​។ -​ចាប់ពី​ម៉ោង​៨​ព្រឹក​ទៅ គេ​សង្កេតឃើញថា មាន​អ្នកស្រុក អ្នកភូមិ​បាន​យក​បាយ ម្ហូប នំចំណី ផ្លែឈើ គ្រប់​មុខជា​បន្ដបន្ទាប់​ដើម្បី​ប្រគេន​ព្រះសង្ឃ​ឆាន់​ត្រង់ និង​រាប់បាត្រ​ជា​បណ្ដើរៗ​រហូត ដល់​ម៉ោង​១១​។ ម៉ោង​១១ អាចារ្យ​ទូងស្គរ​ម្ដងទៀត​ដើម្បី​ប្រជុំ​ព្រះសង្ឃ​ឆាន់​ថ្ងៃត្រង់​។ ពុទ្ធបរិស័ទ​ប្រជុំគ្នា​ថ្វាយបង្គំ​ព្រះ និង​សមាទានសីល​ចប់ ព្រះសង្ឃ​ធ្វើ​ពិធី​ដារ​ឆ្លង ដើម្បី​ជា​កិច្ចបញ្ចប់​បុណ្យ​នៃ​វេន​នីមួយៗ ។ កម្មវិធី​ដែល​ដំណើរការបាន​កន្លងមក​ហើយ​នោះ បាន​អនុវត្ដ​ជា​បន្ដបន្ទាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គឺ​វេន​ទី​១ ឬ​បិណ្ឌ​១ រហូតដល់​វេន​ទី​១៤ ឬ​បិណ្ឌ​១៤​។ ចំណែក​ថ្ងៃទី​១៥​រោច ខែភទ្របទ គឺជា​ថ្ងៃ​បង្ហើយ​គេ​ហៅថា «​ភ្ជុំបិណ្ឌ​» ព្រោះ​គឺជា​ការប្រជុំ​អ្នក​កាន់​វេន​ព្រមទាំង​ពុទ្ធបរិស័ទ​ដើម្បី​ឆ្លង​បញ្ចប់​បុណ្យ​។​

ឯ​កិច្ច​ឆ្លង​កុសល​នេះ គេ​រៀបចំ​ដូច​វេន​នីមួយៗ ដែរ គ្រាន់តែ​ថ្ងៃទី​១៥ អ្នក​កាន់​វេន​មក​ចូល រួម​គ្រប់គ្នា ចំណែក​ពុទ្ធបរិស័ទ ក៏បាន​មក ចូលរួម​ច្រើន​កុះករ​លើស​ថ្ងៃមុនៗ​។ ចំណែក​តាម​គេហដ្ឋាន នៅពេល​ក្របី​ចូល​ក្រោល ប្រជារាស្ដ្រ​ខ្មែរ​បានរៀបចំ​សែនដូនតា ដោយមាន​រៀប​កម្រាល​ស​ពីលើ​ខ្នើយ​ប្រវែង​ប្រហែល​ពីរ​ម៉ែត្រ​ដាក់​សម្រៀក​បំពាក់​ឆ្វេង​ស្ដាំ​។ រណ្ដាប់​ហូបចុក​មាន​ម្លូ​ស្លា បារី បង្អែម ចម្អាប ផ្លែឈើ ភេសជ្ជៈ និង​ទឹក​មួយ​ផ្ដិល​បង់​ផ្កាម្លិះ​ផង​។ នៅលើ​ចាន​ម្ហូបអាហារ ផ្លែឈើ សុទ្ធតែ​បាន​អុជ​ធូប​មួយ​សរសៃ ដើម្បី​ឲ្យ​បាន​ជ្រាប ហើយ​អុជ​ទៀន​បំភ្លឺ​ព្រោងព្រាត​ផង​។ នៅពេល​ល្ងាច​នោះដែរ គេ​បាន​យក​ស្រទបចេក ឬ​ដើម​ចេក​មក​រចនា​ធ្វើជា​ទូក ឬ​សំពៅ​ទុក​សម្រាប់​ព្រឹកស្អែក​ពេល​ព្រះអាទិត្យ​ជិត​រះ​ច្បាស់ ដើម្បី​ជូន​ដូនតា​ជិះ​ត្រឡប់​វិល​ទៅ​ទីស្នាក់អាស្រ័យ​វិញ​។ នៅលើ​ទូក ឬ សំពៅ​នោះដែរ គេ​ដាក់​ថង់​តូចៗ​ដែលមាន​ដាក់​ស្រូវ អង្ករ អំបិល ពោត សណ្ដែក ល្ង​ឆៅ​.. សម្រាប់​ទុក​ជូន​ដូនតា​ហូបចុក​នៅពេល​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​៕

Comments

comments