ទទួលទាន​មី​​ស្រុះ​ច្រើន​ពេក អាច​បណ្ដាល​ឲ្យអ្នក​ស្លាប់​បាន !!

សុខភាព

លោកអ្នក​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ពី​ការ​ព្រមាន​ផ្សេងៗ​រួច​មក​ហើយ អំពី​ការ​ទទួលទាន​មី​កំប៉ុង ឬមី​កញ្ចប់​​ច្រើន ខណៈ​អ្នក​ខ្លះ​ចូលចិត្ត​ទទួល​ទាន​វា ដោយសារតែ​​រសជាតិ​ឈ្ងុយឆ្ងាញ់របស់វា ឯខ្លះ​ទៀត​ចូលចិត្ត​វា ដោយសារតែ​វា​ងាយស្រួល​ក្នុង​ការ​ចម្អិន ប៉ុន្តែ​អ្នក​ប្រាកដ​ជា​មិន​ចូលចិត្ត នូវ​អ្វី​ដែល​វាបាន​បង្ក​ចំពោះ​សុខភាព​អ្នក​ឡើយ។

ការ​សិក្សា​ជាផ្លូវការ​ថ្មី​មួយ​បាន​ចេញ​ផ្សាយ​ថា ការ​ទទួល​ទាន​មី​កញ្ចប់​ច្រើន​ពេក មិន​ត្រឹមតែ​ធ្វើ​អោយប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ​វា​ក៏​អាច​បណ្ដាល​អោយ​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំនួន រហូត​ដល់បណ្ដាលអោយ​អ្នក​ស្លាប់​មុន​អាយុ​ទៀត​ផង។ ក្រុម​អ្នក​សិក្សាស្រាវជ្រាវ​មក​ពី​សកលវិទ្យាល័យ Baylor University និង Harvard University ​បាន​ធ្វើ​ការ​ព្រមាន​យ៉ាង​ខ្លាំង ទៅ​ដល់​អ្នក​ដែលនិយម​ទទួល​ទាន​មី​កញ្ចប់ រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។

តាមការ​សិក្សា​ថ្មី​នេះ​ត្រូវ​បាន​ចេញផ្សព្វ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី Journal of Nutrition ដែល​ជា​លទ្ធផល​នៃ​ការ​សិក្សា ដោយបាន​វិភាគទៅ​លើ​របប​អាហារ និង​សុខភាព របស់​ប្រជាជន​កូរ៉េ​ខាងត្បូង​ចំនួន 11 000នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី 19 ដល់ 64ឆ្នាំ។ មូលហេតុ​ដែល​ប្រជាជន​កូរ៉េ​ខាងត្បូង គឺ​ជា​ប្រធានបទ​នៃ​ការ​សិក្សា​នេះ​គឺ​ ដោយសារតែ​នៅ​ក្នុង​ឆ្នាំ2015 ពួក​គេ​បាន​ទទួលទាន​មី​កញ្ចប់​ជា​មធ្យម (76)កញ្ចប់​ក្នុង​មួយ​ឆ្នាំ ឬ​ស្មើនឹង មួយ​កញ្ចប់​ក្នុងរយៈពេល៥​ថ្ងៃ ដែល​វា​គឺ​ជា​ចំនួន​ច្រើន​ជាងនៅ​លើ​ពិភពលោក។

ជាអកុសល ផល​ប៉ះពាល់​បន្ទាប់ពីការ​ទទួលទាន​មី​កញ្ចប់​នេះ បាន​បង្ហាញ​យ៉ាង​ជាក់ស្ដែង​អោយ​ឃើញ​តែ​ម្ដង ដែលស្ត្រី​ជា​ច្រើន​នាក់​នៅ​ក្នុង​ការ​សិក្សាមួយ​នេះ គឺ​ជួប​ហានិភ័យ​នៃ​ជំងឺ​មេតាបូលីស (Metabolic Syndrome) ដែល​ជា​បណ្ដុំ​នៃ​អាការៈ​ដូចជា ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ សម្ពាធ​ឈាម​ឡើង​ខ្ពស់ លើស​ជាតិ​ខ្លាញ់​ត្រង់​ចង្កេះ និង​កម្រិត​កូឡេស្តេរ៉ុល​ខុស​ពីធម្មតា។ វាជាការ​ពិត​ណាស់ អាការៈ​ទាំង​អស់​នេះ គឺ​​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​ជា​ច្រើនមុខ ដូចជា ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺទឹកនោមផ្អែម ឬ គាំងបេះដូង​ ជាដើម។

ចំណែក​ឯ​បុរសៗ​វិញនៅ​ក្នុង​ការ​សិក្សា​នេះ​ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​រក​មិន​ឃើញ អំពីការ​កើត​មាន​ជំងឺ​មេតាបូលីស​ខ្លាំង​ជាង​នេះ​ឡើយ ហើយ​ពួកគេ​បាន​សន្មត​ថា វា​អាចបណ្ដាល​មក​ពី​ភាព​ខុស​គ្នា​នៃ​ជីវសាស្ត្រ​រវាង​បុរស និង​ស្ត្រី។

ងាក​ទៅ​មើល​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុងឆ្នាំ2012 វិញ សារធាតុ​ដែលបង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក ដែលមាន​ឈ្មោះ​ថា «Benzopyrene» ត្រូវ​បាន​គេ​រក​ឃើញ​ មាននៅ​ក្នុង​ផលិតផល​មី​កញ្ចប់ ចំនួន 6 ម៉ាក​ខុសៗ​គ្នា ដែល​ផលិត​ដោយ​ក្រុមហ៊ុន
​មី​កញ្ចប់ និង​ចំណី​អាហារ​ធំ​បំផុត នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ដែលមាន​ឈ្មោះ​ថា «Nongshim»។ ដោយសារ​តែ​មូលហេតុ​បែបនេះ​ហើយ ទើប​ផលិតផល​របស់​ក្រុមហ៊ុន​មួយ​នេះ ត្រូវ​បាន​ប្រមូល​យក​មក​វិញ នៅ​ទូទាំង​ពិភពលោក​៕

Comments

comments