សុភាសិតខ្មែរ (មានការបកស្រាយ) “កុំ​ទុំ​មុន​ស្រគាល”

យល់ដឹង

និយមន័យៈ កុំ​តាំង​ខ្លួន​ធ្វើ​គ្រាន់​មុន​ចេះ​ដឹង ។

អត្ថាធិប្បាយ

អត្ថានុរូប

ផ្លែ​ឈើ​ទាំងអស់​ត្រូវ​មាន​លក្ខណៈ​៥​យ៉ាង​ទើប​ត្រឹមត្រូវ​តាម​លក្ខណៈ​ធម្មជាតិ​គឺ ៖ ក្ដឹប ខ្ចី ចាស់ ស្រគាល និង​ទុំ ។

ប្រសិនបើ​គ្រប់​លក្ខណៈ​ទាំង​៥​នេះ​ហើយ ផ្លែ​ឈើ​នោះ​ទើប​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពិសា ។ ប្រសិនបើ​មាន​គេ​យក​ផ្លែឈើ​ដែល​ស្ទើរ​ចាស់​ទៅ​បន្ទុំ​ថ្ម វា​អាច​ទុំ​បាន​ដែរ ប៉ុន្តែ​មិន​សូវ​មាន​រសជាតិ​ផ្អែម​ល្អ មិន​គួរ​ឲ្យ​ចង់​បរិភោគ​ទេ ព្រោះ​វា​ទុំ​ទាំង​បង្ខំ ។

អត្ថប្បដិរូប

ទង្វើ​អ្វី​ក៏​ដោយ ប្រសិនបើ​ធ្វើ​ដោយ​ច្រូត​កាត់​ច្រើន​តែ​ជួប​នឹង​ផលវិបាក​ផ្សេងៗ ។ ម្យ៉ាងទៀត​មុន​នឹង​ចូល​ទៅ​ប្រកប​ការងារ​អ្វី​មួយ ត្រូវ​ស្វែង​យល់ ស្វែង​ចេះ​អំពី​កិច្ចការ​នោះ​ជាមុន​សិន សឹម​ចាប់​ការងារ​នោះ​ជា​ខាង​ក្រោយ​ទើប​មាន​ប្រសិទ្ធភាព ។

ទំនៀមទម្លាប់​ប្រពៃណី​បាន​ដឹក​នាំ​ឲ្យ​ស្ត្រី​ខ្មែរ​មាន​ចរិយា និង​សណ្ដាប់​ធ្នាប់​ល្អ​ណាស់ គឺ​មុន​នឹង​មាន​ប្ដី ត្រូវ​មាន​គេ​ចូល “ចែចូវ” តាម​ច្បាប់​ទម្លាប់ ។ ប៉ុន្តែ​បើ​មាន​ស្ត្រី​ណា​មាន​ប្ដី​ខ្លួនឯង ឬ​មាន​ទម្ងន់​ទើប​រៀបការ​ជា​ក្រោយ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ហើយ ។

មាន​មន្ត្រី​ខ្លះ​បាន​ចូល​ធ្វើការ​រដ្ឋ ឬ​ចូល​កាន់​តំណែង​ខ្លឹម​ណា​មួយ​តាម​រយៈ​បក្សពួក ឬ​តាម​រយៈ​សំណូក ។ ប៉ុន្តែ​គ្មាន​ចេះ​អ្វី​សោះ ។ លុះ​បាន​ចូល​ធ្វើការ ឬ​ចូល​កាន់​មុខ​តំណែង​ហើយ​ទើប​រៀន​តាម​ក្រោយ ។ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ហើយ ។

Comments

comments