រៀបការ​រួច​ភ្លាម កូន​ក្រមុំ​ដាច់​ខាត​កុំ​ធ្វើ​រឿង​ទាំង​នេះ ព្រោះ​អាច​នាំ​បញ្ហា​មិន​ចេះ​ចប់

0
1096
views

ក្រោយ​ពេល​រៀបការ​រួច តាម​ទំនៀម​ពី​បុរាណ​មក បាន​ហាម​ឃាត់​កូន​ក្រមុំ​មិន​ឲ្យ​ធ្វើ​រឿង​រ៉ាវ​មួយ​ចំនួនដើម្បី​ចៀសវាង​ជួប​បញ្ហា ឬ​ ឧបទ្រព​ចង្រៃ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោកតា​ ចក់ ឡាង​ ជា​អាចារ្យ​ក្នុង​ពិធី​មង្គលការ ដោយ​សំអាង​លើ​ឯកសារ​ពី​បុរាណ​មក។

លោក​តា ចក់ ឡាង បាន​និយាយ​ថា តាម​ទំនៀម​ពី​បុរាណ​ព្រេងព្រឹទ្ធ​របស់​ដូនតា​ខ្មែរ ​ថ្ងៃ​រៀប​មង្គល​ការ​រួច​ កូន​ក្រមុំ​ហាម​និយាយ​ផ្ដេសផ្ដាស​ប៉ះពាល់​ព្រលឹង​ដូន​តា​។ ហាម​ចេញ​ពី​ផ្ទះ​ទោះ​ជិត​ឬ​ឆ្ងាយ​ មិន​ថា​ទៅ​មាន​គ្នា​ ពីរ​នាក់​ប្ដី​ប្រពន្ធ​ក៏​ដោយ គឺ​ហាម​ចេញ​ពី​របង​ផ្ទះ​រយៈ​ពេល​បី​ថ្ងៃ​។ ហាម​មាន​ចិត្ត​ហ្មង​សៅ​ក្នុង​ខ្លួន កុំ​គិត​រឿង​មិន​ល្អ​ គឺ​ត្រូវ​ធ្វើ​ចិត្ត​អោយ​ជ្រះ​ស្រឡះ​។ កុំ​និយាយ​ពាក្យ​ប្រមាថ​កាព្យ​ទាន មិន​ថា​ចំពោះ​បុគ្គល​ណា​ឡើយ​។

បើ​មិន​ដូច្នោះ​ទេ នឹង​មាន​រឿង​មិន​ល្អ​កើត​ឡើង​​ដែល​មិន​នឹក​ស្មាន​ដល់ ឬ​នាំ​ឧបទ្រព​ចង្រៃ​តាម​យាយី​មិន​ចេះ​ចប់។ ក្រោយ​ថ្ងៃ​មង្គល​ការ​​ហើយ​បី​ថ្ងៃ ជា​ទំនៀម​ទម្លាប់​គេ​តែង​រៀបចំ​ពិធី​សែន​ព្រេន​នៅ​ផ្ទះ​ខាង​ប្រុស ដើម្បី​ដូន​តា​ទាំង​សង​ខាង​ទទួល​ដឹង​លឺ​មាន​សមាជិក​ថ្មី​ម្នាក់​ទៀត​ហើយ​ ទើប​មាន​សេចក្ដី​សុខ​ចម្រើន។ ​​

លោក​អាចារ្យ ចក់ ឡាង បាន​លើក​ឡើង​ទៀត​ថា កូន​ក្រមុំ​យំ​នៅ​ពេល​រៀប​មង្គល​ការ​ក៏​ជា​រឿង​គួរ​ចៀសវាង​ដែរ ព្រោះ​អាច​នាំ​ឲ្យ​កើត​មាន​រឿង​ហ្មងសៅ​ក្រោយ​ពេល​ចប់​ពិធី។ កូន​ក្រមុំ​ភាគ​ច្រើន​អាច​ស្រណោះ​ខ្លួន​ពេក​រហូត​យំ​ពេល​រៀប​ការជា​រឿង​ធម្មតា ប៉ុន្តែ​បើ​អាច​ទ្រាំ​បាន​ត្រូវ​តែ​ទ្រាំ ដើម្បី​ឲ្យ​បាន​ជួប​សិរី​សួស្ដី។

ម្ល៉ោះ​ហើយ​បាន​ជា​ពេល​ល្ងាច​ថ្ងៃ​ចូល​រោង​ គេ​តែង​ធ្វើ​ពិធី​ក្រុង​ពាលី សូត្រ​មន្ត​សុំ​សេចក្ដី​សុខ សួស្ដី អញ្ជើញ គ្រូ​តូច​ គ្រូ​ធំ ជី​ដូន​ជី​តា ដែល​ចែក​ឋាន​ទៅ​ហើយ​នោះ អោយ​បាន​ដឹង​ឮ ថា​កូន​ចៅ​មាន​គូស្រករ​ហើយ​។ ប៉ុន្តែ​ប្រសិន​បើ​ពេល​សូត្រ​មន្ត​ស្រាប់​តែ​កូន​ក្រមុំ​យំ​ តាម​ទំនៀម​ពី​បុរាណ គេ​អោយ​យក​ក្រមួន ទឹក​អប់ ប្រេង​កូឡា ដែល​សូត្រ​ស្ដោះ​ផ្លុំ​ហើយ​យក​មក​លាប​អោយ​កូន​ក្រមុំ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here