អាថ៌កំបាំង​៩យ៉ាងដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ​និង​អាយុវែង!

0
219
views

ជីវិតរស់នៅ​សព្វថ្ងៃ ក្នុង​សម័យ​ទំនើប​ទាន់​សម័យ ទទួល​នូវ​សម្ពាធ​ជា​ច្រើន​ ដែលធ្វើ​ឲ្យ​មនុស្ស​កើត​រោគ​ស្ត្រេស ឯកោ និង​មិន​សប្បាយ​ចិត្ត។

ប៉ុន្តែ ថ្មីៗនេះ គេហ​ទំព័រ​នៃ​អង្គការ វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (World Economic Forum) ចុះផ្សាយ​អត្ថបទ​មួយ អំពី​អាថ៌​កំបាំង ៩យ៉ាង ដែល​នាំ​ឲ្យ​មនុស្ស​​មាន​សុខភាព​ល្អ និងអាយុ​វែង។

អាថ៌​កំបាំង ៩ចំណុច​នេះ គឺ​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​លោក Dan Buettner ស្ថាបនិក​ Blue Zones ជាក្រុម​អ្នកស្រាវជ្រាវ​និង​អ្នក​និពន្ធ​ ដែលស្រាវជ្រាវ​និង​បោះពុម្ព​ផ្សាយ​សៀវភៅ​អំពី​រូបមន្ត​ជីវិត​រីករាយ​និង​អាយុ​វែង។

លោក Dan Buettner បាន​ស្រាវជ្រាវ​រក​ឃើញថា កត្តា​ ៩ យ៉ាង ដែល​ធ្វើ​ឲ្យ​មនុស្ស​រស់នៅ​មាន​សុខភាព​ល្អ និង​អាយុ​យឺន​យូរ៖

១. ធ្វើ​ចលនា​តាម​ធម្មជាតិ
ការធ្វើ​ចលនាតាម​បែប​ធម្មជាតិ​ពេញ​មួយ​ថ្ងៃ ដូចជា ដើរ ធ្វើកិច្ចការ​ដាំដុះ​ក្នុង​សួន​ផ្កា ធ្វើកិច្ច​ការងារ​ផ្ទះ ជាដើម គឺ​ជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​របៀប​របប​រស់នៅ​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ។

២. គោល​បំណង
រៀងរាល់​ថ្ងៃ អ្នក​ត្រូវ​កំណត់​គោល​បំណង​ប្រចាំថ្ងៃ ឧ. ហេតុ​អ្វី​ទើប​អ្នក​ត្រូវ​ក្រោក​ពី​ព្រលឹម ជាដើម នឹងធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍រីករាយ មាន​សុខភាព​ល្អ និង​បង្កើន​អាយុ​បាន​ដល់​ទៅ ៧ឆ្នាំ។

៣. បន្ថយ​ល្បឿន (Down Shift)
មែនទែន​ទៅ ស្ត្រេស (ភាព​តប់​ប្រមល់​ក្នុង​ចិត្ត) គឺ​ជា​ផ្នែក​មួយ​នៃ​ជីវត។ ប៉ុន្តែ មនុស្ស​ដែល​មាន​អាយុវែង​លើស​១០០ឆ្នាំ មាន​វិធី​កាត់បន្ថយ​ស្ត្រេស​នៅ​ក្នុងទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​តែម្ដង។ ឧទាហរណ៍ អ្ន​កខ្លះ​ធ្វើសមាធិ ចូលព្រះវិហារ ឬ​សូត្រ​ធម៌ អ្នកខ្លះ​គេង​ថ្ងៃ និង​អ្នក​ខ្លះ​ទៀត បង្កើត​សកម្មភាព​សប្បាយៗ។

៤. ហូប​ឆ្អែត​ត្រឹម ៨០%
អ្នក​ដែល​មាន​សុខភាព​ល្អ​និង​អាយុវែង គឺ​ហូប​ឆ្អែត​ត្រឹម​ ៨០% គឺ​មិន​ឲ្យ​ឆ្អែត​ ១០០%​នោះ​ទេ ហើយ​ពួកគេ​ច្រើន​ទទួល​ទាន​អាហារ​តិច​ នៅ​ពេល​ល្ងាច។

៥. ហូប​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន
សណ្ដែក​គឺ​ជា​ម្ហូប​សំខាន់​នៃ​របប​អាហារ​របស់​អ្នក​ដែលមាន​អាយុ​វែង។ ពួកគេ​ទទួល​ទាន​បន្លែ ផ្លែ​ឈើ​ និងគ្រាប់​ធញ្ញជាតិ​ច្រើន និង​ហូប​សាច់​តិច​តួច។

៦. ទទួលទាន​ស្រា​កម្រិត​ល្មម
ការទទួលទានស្រា​កម្រិត​ល្មម ប៉ុន្តែ ទៀងទាត់ ជាមួយ​មិត្តភក្ដិ គឺ​ជា​ផ្នែក​មួយ​នៃ​របៀប​រស់នៅ​របស់​អ្នក​មាន​អាយុ​វែង​ផង​ដែរ។

៧. ចូល​ជាសមាជិក​ក្លិប ឬ​សមាគម​ផ្សេងៗ
ការចូលជាសមាជិក​ក្លិប ឬ​សមាគម​អ្វីមួយ ជួយ​បង្កើន​អាយុ​របស់​អ្នកពី ៤ឆ្នាំ ទៅ ១៤ឆ្នាំ។

៨. គិតគូរ​ដល់​មនុស្ស​ជាទីស្រលាញ់របស់អ្នក​ជាចម្បង
ការមាន​ទំនាក់​ទំនង​ល្អ​និង​ស្និទ្ធស្នាល​ជាមួយ​ក្រុម​គ្រួសារ (ប្ដី ឬ​ប្រពន្ធ ឪពុកម្ដាយ ជីដូន​ជីតា និង​ចៅៗ) គឺ​ជា​អ្វីដែលអ្នក​មានអាយុវែង​មាន​ដូចៗគ្នា។

៩. សេពគប់​ក្រុម​មនុស្ស​ដែលត្រឹមត្រូវ
ក្រុម​មនុស្ស​ដែល​មាន​អាយុ​វែងជាងគេបំផុត​នៅ​លើ​ពិភព​លោក សេពគប់​មិត្តភក្ដិ​ល្អៗ និងមាន​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ខ្លាំង។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here