ស្វែងយល់ពីមូលហេតុនៃការឈឺក្បាលរបស់អ្នក!

0
32
views

អាការៈឈឺក្បាលគឺតែងតែជួបជាញឹកញាប់ក្នុងជីវិតប្រចាំថ្ងៃ វាអាចជារឿងតូចតាច តែក៏អាចជារឿងគ្រោះថ្នាក់ដែរ។ អាការៈឈឺក្បាល ជាការឈឺចាប់ត្រង់ផ្នែកក្បាល ដោយពេលខ្លះឈឺខ្លាំងស្ទើរទ្រាំពុំបាន ឬពុំអាចប្រកបរបរការងារបាន។វាមានមូលហេតុជាច្រើនដែលបណ្តាលអោយឈឺក្បាល ដែលមូលហេតុទាំងនោះអាចឲ្យយើងដឹងបាន ប្រសិនបើមានការមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ។

១) តើបញ្ហាឈឺក្បាលប្រភេទណាដែលអ្នកធ្លាប់ឈឺ?
ការឈឺក្បាលមានច្រើនប្រភេទ និងច្រើនទំរង់ដោយខ្លះមានរយៈពេលខ្លីត្រឹមប៉ុន្មាននាទី និងខ្លះទៀតមាន រយៈពេលវែងដល់រាប់ម៉ោង។
គេចែកការឈឺក្បាលជា២ប្រភេទធំៗ៖
– ការឈឺក្បាលដោយឯកឯង ដែលមិនរួមផ្សំនឹងជំងឺផ្សេងៗ (Céphalée primaire)
– ការឈឺក្បាលបន្ទាប់ពីការប៉ះទង្គិចក្បាលឬជំងឺផ្សេងៗ (Céphalée secondaire)

២) មូលហេតុនៃការឈឺក្បាល៖
ការឈឺក្បាលមួយចំនួន បណ្តាលមកពីកត្តាដែលមិនធ្ងន់ធ្ងរ ប៉ុន្តែវាអាចអោយឈឺក្បាលរ៉ាំរ៉ៃដែលយើងជួបជា ញឹកញាប់ ហើយរំខានដល់ការងារ និងការរស់នៅប្រចាំថ្ងៃដូចជា៖
– ការឈឺក្បាលប្រកាំង
– ការឈឺសរសៃមុខ និងក្បាល
– ការរលាកឆ្អឹងច្រមុះ ឬដុះសាច់ច្រមុះ
– ការធុញថប់ (Stress) និងការថប់បារម្ភ
ប៉ុន្តែក៏មានការឈឺក្បាលមួយចំនួនបណ្តាលមកពីជំងឺធ្ងន់ធ្ងរ ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិត ដែលទាមទារអោយមានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងឆាប់រហ័សដូចជា៖
– ជំងឺរលាកស្រោមខួរក្បាល
– ការហូរឈាមក្នុងស្រោមខួរក្បាល
– ការត្បៀត ឬបែកសរសៃឈាមខួរក្បាល (Stroke)
– ដុំសាច់ក្នុងខួរក្បាល ឬខ្ទុះក្នុងខួរក្បាលជាដើម។

៣) តើយើងត្រូវធ្វើដូចម្តេចដើម្បីដឹងមូលហេតុនៃការឈឺក្បាល?
ចំពោះការធ្វើរោគវិនិច្ឆ័យ ជាទូទៅតែងតែពិបាកខ្លះ វាទាមទារអោយមានការសាកសួរ និងពិនិត្យយ៉ាងយកចិត្តទុកដាក់និងល្អិតល្អន់ពីវេជ្ជបណ្ឌិតឯកទេស រួមផ្សំជាមួយការធ្វើតេស្តមួយចំនួនដែលមាននៅមន្ទីរពេទ្យជាមួយស្តង់ដាខ្ពស់ក្នុងការ៖
– ធ្វើតេស្តឈាម
– រុករកដោយម៉ាស៊ីនស្កេនខួរក្បាល និងម៉ាស៊ីន អឹមអរអាយ (MRI)
– វាស់ប្រព័ន្ធចរន្តខួរក្បាលដោយម៉ាស៊ីន EEG ជាដើម។

៤) តើយើងត្រូវធ្វើដូចម្តេចប្រសិនបើឈឺក្បាល?
ការព្យាលបាលបញ្ហាឈឺក្បាលមានច្រើនមធ្យោបាយ និងខុសគ្នាទៅតាមមូលហេតុនៃអាការៈឈឺក្បាលនោះ។ មានតែការមកពិគ្រោះ និងពិនិត្យ ជាមួយគ្រូពេទ្យជំនាញតែប៉ុណ្ណោះ ដែលអាចអោយយើងដឹងពីមូលហេតុច្បាស់លាស់ ដើម្បីទទួលបាននូវការព្យាបាលមួយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ចំណាំ៖ សូមជៀសវាងការទៅផ្សំថ្នាំលេបនៅតាមឱសថស្ថាននានាដោយមិនបានឆ្លងកាត់ការពិគ្រោះជំងឺ ជាមួយគ្រូពេទ្យជំនាញ ដើម្បីជៀសវាងការប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬការយឺតយ៉ាវដែលនាំអោយមានគ្រោះថ្នាក់ ដល់ជីវិតជាយថាហេតុ។ ក្រុមគ្រូពេទ្យគ្រប់ជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតត្រៀមខ្លួនជាស្រេច ជួបពិគ្រោះ ពិនិត្យ និងផ្តល់អនុសាសន៏លំអិត និងដោយស៊ីជម្រៅអំពីបញ្ហាសុខភាពរបស់លោកអ្នក។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here