ប្រវត្តិរូបសង្ខេប លោក វណ្ណ ម៉ូលីវណ្ណ

0
40
views

ឈ្មោះ វណ្ណ ម៉ូលីវណ្ណ
អក្សរឡាតាំង: Vann MolyvanN
ថ្ងៃ​/ខែ/ឆ្នាំ កំណើត ២៣ វិច្ឆិកា ១៩២៦
ទីន្លែងកំណើត ស្រុករាម ខេត្តកំពត
ឋានៈ អតីតរដ្ឋមន្ដ្រី (ក្រសួងវប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម និងសំណង់)
គោរមងារ្យ៍កិត្តិយស: បិតាវីរ:ស្ថាបត្យករមរតកជាតិ៚

លោក វណ្ណ ម៉ូលីវណ្ណ [អានថា៖ វ៉ាន់-ម៉ូ-លី-វ៉ាន់] គឺជាអតីតស្ថាបត្យករដ៏ល្បីរបស់ព្រះរាជអាណាចក្រកម្ពុជា ក្រោយសម័យឯករាជ្យ។ លោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម នៅពេលដែលវប្បធម៌ខ្មែរមានការរីកចម្រើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ។
| ប្រវត្តិ | Histories
លោក វណ្ណ ម៉ូលីវណ្ណ កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។
| ការសិក្សា | Education
ដើមឡើយ លោក វណ្ណ ម៉ូលីវណ្ណ សិក្សាផ្នែកនីតិសាស្ត្រទេ។ លោកបានទទួលសញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤ ហើយលោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦ នៅសាកលវិទ្យាល័យ Sorbonne។ បន្ទាប់ពីសិក្សានៅទីនោះរយៈពេលមួយឆ្នាំ លោកក៏បានប្ដួរទៅរៀនផ្នែកស្ថាបត្យកម្ម នៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ លោកបញ្ចប់ការសិក្សាដោយជោគជ័យ នៅឆ្នាំ១៩៥១ ជាមួយនឹងចំណេះដឹង និងទេពកោសល្យ។ លោកត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៥៥។ មួយឆ្នាំក្រោយមក ក៏ត្រូវបានគេតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជា។ លោកជាព្រឹទ្ធបុរសទីមួយនៃសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ (ចាប់ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៦៧)។
| ស្នាដៃ និងតំណែង |
នៅទសវត្សរ៍៦០ និង៧០ លោក វណ្ណ ម៉ូលីវណ្ណ បានគូរប្លង់ស្ថាបនាអាគារល្បីៗជាច្រើននៅកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ។ នៅទីនោះ ស្នាដៃរបស់លោក ឈរយ៉ាងសង្ហាប្រដុំប្រសងគ្នាជាមួយនឹងសំណង់អាគារបុរាណៗ វត្តអារាម និងសំណល់ពីសម័យអាណានិគម។ ស្នាដៃសំខាន់ៗរបស់លោកមាន សាលសន្និសីទចតុម្មុខ អាគារគណៈរដ្ឋមន្ត្រី ។ល។ លោកក៏បានគូរប្លង់វត្តអារាម និង ស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ។
នៅឆ្នាំ១៩៦៣ លោកបានគូរប្លង់ពហុកីឡដ្ឋានជាតិអូឡាំពិច ដែលអាចទទួលទស្សនិកជនបានប្រហែល៤ម៉ឺននាក់។ នៅឆ្នាំដដែល លោកបានស្ថាបនា សាលមហោស្រពជាតិព្រះសុរាម្រិត។ លោកក៏បានគូរប្លង់វិមានឯករាជ្យផងដែរ។
នៅឆ្នាំ១៩៧២ លោក វណ្ណ មូលីវណ្ណ និងគ្រួសារបានភៀសខ្លួនទៅរស់នៅប្រទេសស្វីស។ លោកធ្វើការឲ្យ UN Human Settlements Program រយៈពេល១០ឆ្នាំ មុននឹងលោកវិលត្រឡប់មកមាតុប្រទេសវិញនៅឆ្នាំ១៩៩៣។ លោកបានចូលបម្រើការងារជារដ្ឋមន្ដ្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម និងសំណង់។
| ស្នាដៃចម្បងៗ |
សាលសន្និសីទចតុម្មុខ
វិមានឯករាជ្យ
ពហុកីឡដ្ឋានជាតិអូឡាំពិក
សំណង់ផ្ទះ១០០ខ្នង ដែលត្រូវបានសាងសង់សម្រាប់បុគ្គលិកធនាគារជាតិកម្ពុជាស្នាក់នៅ (១៩៦៥-១៩៦៧)
វិមានរដ្ឋចម្ការមន
សាលមហោស្រពជាតិព្រះសុរាម្រឹត (សាលមហោស្រពនេះត្រូវភ្លើងឆេះ កាលពីឆ្នាំ១៩៩៤ ហើយមហោស្រពនេះមិនដែលត្រូវបានជួសជុលឡើងវិញឡើយ)
អនុវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន
វិទ្យាស្ថានភាសាបរទេស
| រង្វាន់ និងកិត្តិយស |
ស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញ លោក វណ្ណ ម៉ូលីវណ្ណ បានទទួលរង្វាន់អាស៊ីនីក្កេយ ទី១៨ (Nikkei Asia Prize) សម្រាប់ឆ្នាំ២០១៣ ផ្នែកវប្បធម៌ ផ្ដល់ដោយសាជីវកម្មនីក្កេយ ដែលជាក្រុមហ៊ុនលំដាប់ធំបម្រើផ្នែកទូរគមនាគមន៍នៅប្រទេសជប៉ុន។
លោក វណ្ណ មូលីវណ្ណ ទទួលរង្វាន់ នីកកេយអាស៊ី ទី១៨
| ជីវិតគ្រួសារ |
លោក វណ្ណ ម៉ូលីវណ្ណ មានភរិយាជាជនជាតិស្វីស។
វណ្ណ ម៉ូលីវណ្ណ និងស្ថាបត្យកម្មខ្មែរថ្មី
លោក វណ្ណ ម៉ូលីវណ្ណ ឈានចូលអាយុ៨៨ឆ្នាំ ហើយសម្រេចទៅរស់នៅសៀមរាប៚
វណ្ណ មូលីវណ្ណកំពូលស្ថាបត្យករដ៏ឆ្នើម

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here