ជំនឿ​ចាស់​បុរាណ ដាំដំណាំហូប​ផ្លែ​៩​មុខនេះ នៅជុំវិញ​ផ្ទះនឹង ​​​នាំ​ជោគ​លាភ និង​ត្រជាក់ត្រជំ

0
422
views

ផ្លែ​ឈើ​ហូប​ផ្លែ​ចំនួន ៩​មុខ​តែង​ត្រូវ​គេ​និយម​ដាំ​ជុំវិញ​បរិវេណ​ក្នុង​ផ្ទះ ដោយ​មិន​ត្រឹម​តែ​អាច​ផ្ដល់​ម្លប់​និង​ផ្លែ​សម្រាប់​ទទួល​ទាន​នោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់​នូវ​សិរីមង្គល​សម្រាប់​ម្ចាស់​ផ្ទះ​ផង​ដែរ បើ​តាម​ជំនឿ​ចាស់​ៗ​បុរាណ។

១. ដើម​ស្វាយ៖ ជា​ដើម​ឈើ​ដែល​ចាស់​បុរាណ​និយម​ជឿ​ថា​ជួយ​បណ្ដេញ​គ្រោះ​អាក្រក់ មនុស្ស​អាក្រក់ និង​រឿង​អាក្រក់​ៗ​ចេញ​ពី​ក្នុង​ផ្ទះ។ បើ​ដាំ​ខាង​ត្បូង​ផ្ទះ​នឹង​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​ឡើង​ឋានៈ ប្រកបការងារ​និង​មុខ​របរ​ផ្សេង​ៗ​មាន​ភាព​ចម្រុង​ចម្រើន។


២. ដើម​ក្រូច៖ ផ្លែ​ឈើ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់​រាង​កាយ​នេះ បើ​យក​មក​ដាំ​ក្នុង​ទី​ធ្លា​ផ្ទះ​នឹង​ជួយ​ឲ្យ​គ្រួសារ​មាន​ភាព​ត្រជាក់​ត្រជំ ស្រឡាញ់​សាមគ្គី​គ្នា មាន​ជោគ​លាភ រួច​ផុត​ពី​គ្រោះ​អាក្រក់​ទាំង​ពួង។


៣. ដើម​ពុទ្រា៖ក្រៅ​ពី​មាន​រសជាតិ​ឆ្ងាញ់​ត្រូវ​មាត់​មនុស្ស​ភាគ​ច្រើន ដំណាំ​ពុទ្រា​ក៏​ជា​និមិត្ត​សញ្ញា​តំណាង​ភាព​ជោគជ័យ និង​ជួយ​បង្កើន​ទ្រព្យ​សម្បត្តិ​និង​ជោគ​លាភ ក៏​ដូច​ជា​ការពារ​គ្រោះថ្នាក់​ អន្តរាយ​ផ្សេង​ៗ​សម្រាប់​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​ផង​ដែរ ៕


៤. ដើម​អម្ពិល៖ ត្រូវ​បាន​គេ​ជឿ​ថា​ជា​ដើម​ឈើ​មង្គល ជួយ​ឲ្យ​អ្នក​ផង​គោរព​កោត​ក្រែង បើ​ដា​នៅ​ខាង​លិច​ផ្ទះ​នឹង​ជួយ​ការពារ​ការ​យាយី​ពី​វិញ្ញាណ​អាក្រក់​ៗ​ទាំង​ឡាយ។


៥. ដើម​ខ្នុរ៖ ជួយ​បង្កើន​សិរី​មង្គល​សម្រាប់​អ្នក​នៅ​ក្នុង​ផ្ទះ និង​ជួយ​ឲ្យ​មាន​អ្នក​ឧបត្ថម្ភ​គាំទ្រ​ រួច​ផុត​ពី​ការ​និន្ទា​ឈ្នានីស​ទាំង​ពួង។ បើ​ដាំ​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច​នឹង​ជួយ​ឲ្យ​ឆាប់​ទទួល​បាន​ភាព​ជោគជ័យ​សម្រាប់​ការងារ​ដែល​ប្រឹងប្រែង​ធ្វើ​ជា​យូរ​មក​ហើយ។ ​


៦. ដើម​ចេក៖ មិន​ត្រឹម​តែ​អាច​ផ្ដល់​ប្រយោជន៍​គ្រប់​យ៉ាង​ តាំង​ពី​ដើម ផ្កា ផ្លែ និង​ស្លឹក ដើម​ចេក​ត្រូវ​បាន​ចាស់​បុរាណ​ជឿ​ថា​បើ​នាំ​មក​ដាំ​ក្បែរ​ផ្ទះ នឹង​ជួយ​ឲ្យ​ជីវិត​មាន​ភាព​រលូន ធ្វើ​អ្វី​សម្រេច​ផល​ដូច​ប្រាថ្នា។ ទិស​ល្អ​សម្រាប់​ដាំ​ដើម​ចេក គឺ​ទិស​ខាង​កើត។


៧. ដើម​ទទឹម៖ ត្រូវ​បាន​គេ​ជឿ​ថា​ជា​ដើម​តំណាង​​ឲ្យ​ភាព​សម្បូរសប្បាយ បើ​ដាំ​នៅ​មុខ​ផ្ទះ​នឹង​ជួយ​ការពារ​ពី​គ្រោះ​អាក្រក់​ផ្សេង​ៗ។


៨. ដើម​កន្ទួត៖ ជួយ​ឲ្យ​មាន​​អ្នក​ស្រឡាញ់​រាប់​អាន​ច្រើន ជួយ​ការពារ​ពី​សត្រូវ ខ្មោច​ព្រាយ​តាម​យាយី​អ្នក​នៅ​រស់​នៅ​ក្នុង​ផ្ទះ។ គួរ​ដាំ​នៅ​ទិស​ខាង​លិច​​ដើម្បី​ជួយ​លើក​រាសី។


៩. ដើម​ត្របែក៖ ផ្លែ​ឈើ​ដែល​មាន​ជាតិ​វីតាមីន C ខ្ពស់​និង​ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​រាង​កាយ​នេះ​ ប្រសិន​បើ​យក​មក​ដាំ​នៅ​ក្បែរ​ផ្ទះ​ក៏​នឹង​ជួយ​ផ្ដល់​សិរី​មង្គល បារមី និង​ភាព​ចម្រុងចម្រើន ជួយ​ឲ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​ដោយ​ការ​ធ្វើ​អំពើ​ផ្សេង​ៗ​ទៀត​ផង។ គួរ​ដាំ​ត្របែក​នៅ​ទិស​ខាង​ជើង​នៃ​ផ្ទះ។

ទាំង​នេះ​គ្រាន់​តែ​ជា​ជំនឿ​ចាស់​បុរាណ​ដែល​យើង​អាច​ជឿ​ឬ​មិន​ជឿ។ យ៉ាង​ណា​ក្ដី​បើ​​មាន​ដី​ទំនេរ​អាច​ដាំ​បាន​ ក៏​គួរ​ដាំ​ដើម្បី​បង្កើត​បរិយាកាស​ល្អ​ជុំវិញ​ផ្ទះ និង​មាន​ផ្លែ​ឈើ​ធម្មជាតិ​ទទួល​ទាន​ដោយ​ខ្លួន​ឯង​ក៏​ជា​ការ​ល្អ ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here