មិននឹកស្មានថា ទឹកអប់មានផលប៉ះពាល់ ដល់មនុស្សពេញវ័យ និងទារកខ្លាំងយ៉ាងនេះសោះ..!

សុខភាព

ទឹកអប់គឺជាល្បាយនៃប្រេង ឬសមាសធាតុក្លិនក្រអូបដែលអាចផ្តល់ “ក្លិនក្រអូបឈ្ងុយឈ្ងប់” មកលើរាងកាយរបស់មនុស្សបាន។ បើយោងតាមកំណាព្យ និងអត្ថបទបុរាណជាច្រើនបានបង្ហាញថា ការប្រើប្រាស់ទឹកអប់របស់មនុស្ស មានតាំងពីយូរយារណាស់មកហើយ គ្រាន់តែមិនសូវជាទាន់សម័យ និងជឿនលឿនដូចសម័យបច្ចុប្បន្នប៉ុណ្ណោះ។

ក្លិនក្រអូប ដែលបានមកពីទឹកអប់ មិនថាថ្លៃ ឬថោកនោះទេ ប្រាកដជាធ្វើឲ្យអ្នកមានអារម្មណ៍ថាជឿជាក់ និងស៊ិចស៊ី ប៉ុន្តែមនុស្សមួយចំនួនមិនបានដឹងទេថា វាអាចបង្កជាផលប៉ះពាល់ដល់សុខភាពបាន។

អ្នកស្រី Jane Houlihan ជាអ្នកចូលរួមសរសេររបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយ Campaign for Safe Cosmetics សហការជាមួយ Environmental Working Group (EWG) បានលើកឡើងថា គេបានរកឃើញសារធាតុគីមីមួយចំនួនក្នុងទឹកអប់ ដែលអាចនឹងបង្កជាគ្រោះថ្នាក់យ៉ាងក្លាំងខ្លាទៅដល់សុខភាព។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីបានបន្តថា ជាញឹកញាប់ ក្រុមហ៊ុនដែលផលិតទឹកអប់ ឬគ្រឿងក្រអូបទាំងនោះ មិនបង្ហាញពីគ្រឿងផ្សំ បានគ្រប់ទាំងអស់ ដូចមានក្នុងផលិតផលរបស់ខ្លួនឡើយ។ ល្បាយទឹកអប់ អាចមានផ្ទុកសារធាតុគីមីផ្សេងៗគ្នា ពីរាប់សិប រហូតដល់រាប់រយប្រភេទឯណោះ។

នៅក្នុងរបាយការណ៍ស្តីពីទឹកអប់នោះអ្នកស្រី Jane Houlihan បានជ្រើសរើសទឹកអប់ល្បីៗពេញនិយមជាច្រើន ទាំងសម្រាប់បុរស ទាំងសម្រាប់ស្រ្តី និងមិនថាជាប្រភេទខូឡូញ ឬស្រ្ពាយ៍បាញ់ខ្លួននោះទេ ដើម្បីសង្កេត និងស្រាវជ្រាវពីសមាសធាតុគីមី ដែលផ្ទុកជាអាថ៌កំបាំងក្នុងផលិតផលទាំងនោះ។ អ្នកស្រី Houlihan បានជ្រើសយកផលិតផលចំនួន ១៧ម៉ាក ដើម្បីទៅធ្វើការពិសោធន៍ រួមមានម៉ាកល្បីៗដូចជា Chanel Coco Victoria’s Secret Calvin Klein AXE Dolce & Gabbana -ល-។

ការធ្វើតេស្តនេះ បានរកឃើញសារធាតុគីមី ៣៨ មុខ និងជាមធ្យមមានសារធាតុគីមីចំនួន ១៤ មុខក្នុងមួយផលិតផល។ អ្នកស្រី និងសហការីពិសោធន៍បានបន្តការពិសោធន៍ និងសង្កេតឃើញថា មានសារធាតុគីមី ១០ ប្រភេទ ដែលអាចបង្កឲ្យជាប្រតិកម្មអាឡែស៊ី រួមមានដូចជា ឈឺក្បាល ពិបាកដកដង្ហើម ឬជំងឺហឺត។ ជាងនេះទៅទៀត សារធាតុគីមី ១២ ប្រភេទផ្សេងទៀត ធ្វើឲ្យប៉ះពាល់ដល់អរម៉ូន រួចបង្កជាជំងឺដទៃថែមទៀត។

មិនត្រឹមតែប៉ុណ្ណោះ ក្លិនក្រអូប ដែលមាននៅក្នុងម្សៅលាបមុខ លាបមាត់ ឬបណ្តាគ្រឿងតុបតែងមុខផ្សេងៗទៀត ក៏អាចបង្កជាបញ្ហាបានដែរ ពីព្រោះមានសារធាតុគីមីមួយចំនួន អាចធ្វើឲ្យមានប្រតិកម្មអាឡែស៊ី ដល់ស្បែករហូត បណ្តាលឲ្យស្បែកកើតមហារីកក៏មាន។ លទ្ធផលនៃការធ្វើតេស្តពិសោធន៍ដោយ Campaign for Safe Cosmetics បានបង្ហាញថា មិនត្រឹមតែទឹកអប់ប៉ុណ្ណោះទេ ដែលមានសារធាតុគីមីមិនល្អ សូម្បីតែគ្រឿងសម្អាង ឬគ្រឿងតុបតែងមុខដែលមានក្លិនក្រអូប ក៏មានសារធាតុគីមី “សំងាត់” ដូចនឹងទឹកអប់ដែរ។

ទោះបីជាមនុស្សមួយចំនួនមិនមានបញ្ហាអាឡែស៊ី ឈឺក្បាល ឬប្រតិកម្មក្លិនក៏ដោយ ក៏សារធាតុគីមី មាននៅក្នុងទឹកអប់អាចបង្កជាបញ្ហាស្បែកបានដែរ។ បញ្ហារលាកស្បែក សឹងតែជាបញ្ហាទូទៅ ទៅហើយ។ ជាពិសេស វាអាចធ្វើឲ្យស្បែករបស់មនុស្សមួយចំនួនឡើងក្រហម រមាស់ និងរោល រហូតមានការឈឺចាប់ខ្លាំង ក្លាយជារោគសើស្បែករ៉ាំរ៉ៃទៀតផង។

ថ្វីត្បិតតែមានបញ្ហាគ្រឿងផ្សំគីមីប្រតិកម្មស្មុគ្រស្មាញក៏ពិតមែន ក៏អ្វីដែលអ្នកត្រូវធ្វើ គឺការពារស្បែករបស់អ្នក។ អ្នកត្រូវចេះចំណាំ ឬត្រូវដឹងថា ខ្លួនរបស់អ្នកមានប្រតិកម្មជាមួយផលិតផលណាខ្លះ ដើម្បីចៀសវាងការប្រើប្រាស់វា។ បើទោះបីជាអ្នកមិនមានបញ្ហាប្រតិកម្មអ្វីក៏ដោយ អ្នកគួរតែជ្រើសរើសគ្រឿងសម្អាង ដែលគ្មានក្លិនក្រអូប ឬក្លិនស្រាល ជាមួយនឹងទឹកអប់ដែលគ្មានជាតិគីមីពុល ដោយគេហៅវាថាជា “Perfume-free” (អ្នកអាចសង្កេតមើលលើដប)។

លើសពីនេះទៅទៀត ទារក និងកុមារ មានហានិភ័យខ្ពស់ ក្នុងការទទួលរងការប៉ះពាល់ពីសារធាតុគីមីក្នុងផលិតផលគ្រឿងក្រអូបណាស់។ សូម្បីតែក្លិនសាប៊ូបោកខោអាវ ទឹកក្រអូប ឡេលាបស្បែក សាប៊ូកក់សក់របស់ទារកមួយចំនួន ក៏មានសារធាតុគីមីស្រដៀងនឹងទឹកអប់ ឬគ្រឿងក្រអូបដែរ។ សរីរាង្គវិញ្ញាណរបស់ពួកគេ នៅកំពុងតែអភិវឌ្ឍនៅឡើយ ជាពិសេសមិនអាចបត់បែន តាមបរិស្ថានជុំវិញបានរហ័សឡើយ។ ហេតុនេះ ប្រសិនបើអ្នកប្រើប្រាស់ទឹកអប់ ឬគ្រឿងក្រអូបណាមួយច្រើនលើសលុបពេក ទារកអាចប្រឈមនឹងជំងឺមហារីក ពិការពីកំណើត ខូចប្រព័ន្ធភាពស៊ាំរយៈពេលយូរអង្វែង។

ដូច្នេះអ្នកត្រូវចៀសវាងបរិស្ថានជុំវិញ និងបរិយាកាសក្នុងផ្ទះរបស់ទារក កុំឲ្យមានក្លិនសារធាតុគីមីណាមួយឲ្យសោះ។ ជម្រើសដែលល្អបំផុតគឺ មិនគួរប្រើប្រាស់ទឹកអប់ឡើយ។ មួយវិញទៀត មិនត្រូវបាញ់ស្រ្ពាយ៍ ក្នុងបន្ទប់របស់ទារក ដើម្បីឲ្យក្រអូបឡើយ។ ជាងនេះទៅទៀត សម្រាប់ផលិតផលប្រើប្រាស់របស់ទារក ក៏អ្នកត្រូវជ្រើសរើសផលិតផល ដែលគ្មានក្លិនក្រអូប ឬផលិតផលដែលមានពាក្យថា “ធម្មជាតិ” (natural) នៅលើស្លាកសម្គាល់ទើបជាការល្អ៕

Comments

comments