សូមប្រយ័ត្ន! យុវវ័យទទួលទាន តែបៃតង ៣កែវ ក្នុងមួយថ្ងៃ អាចកើតជម្ងឺ រលាកថ្លើម

សុខភាព

អង់គ្លេស៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានកើតជម្ងឺរលាកថ្លើម ដោយសារតែមូលហេតុ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត នោះគឺ តែបៃតង ដែលនាងញ៉ាំរាល់ថ្ងៃ ដើម្បីសម្រកទម្ងន់។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្មេងស្រីជំទន់ មិនស្គាល់អត្ដសញ្ញាណម្នាក់ អាយុ១៦ឆ្នាំ មានដើមកំណើត មកពីប្រទេស យ៉េមែន បានទៅពិគ្រោះ ជាមួយគ្រូពេទ្យ បន្ទាប់ពីនាង មានអារម្មណ៍ថា វិលមុខ ក្អួតចង្អោរ ឈឺក្រពះ និងឈឺសន្លាក់។ ក្រោយពីពិនិត្យរួចហើយ គ្រូពេទ្យជឿថា នាងមានរោគនៅផ្លូវទឹកនោម ហើយក៏ចេញថ្នាំ Antibiotics (សម្លាប់មេរោគ) រួចឲ្យនាងត្រលប់ទៅផ្ទះវិញ។ ផ្ទុយទៅវិញ នាង​ញ៉ាំថ្នាំនោះ បានត្រឹមតែ ពីរដងប៉ុណ្ណោះ រោគសញ្ញារបស់នាង កាន់តែអាក្រក់ទៅៗ ហើយនាង ក៏ត្រូវបញ្ជូនភ្លាម ទៅផ្នែកសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ ក្នុងទីក្រុង Birmingham នៃប្រទេសអង់គ្លេស។

ក្រោយពេលពិនិត្យ ទើបដឹងថា នាងមានជម្ងឺលឿង (Jaundice) ដែលបណ្តាលឲ្យ ស្បែក​ និងភ្នែក របស់នាង ប្រែក្លាយទៅជា ពណ៌លឿង ទាំងអស់។ ស្ថានភាពរបស់នាង គឺពិតជាធ្ងន់ធ្ងរ ខ្លាំងណាស់ ហើយត្រូវទទួល ការពិនិត្យ យ៉ាងយកចិត្តទុកដាក់ ពីគ្រូពេទ្យទើបដឹងថា នាងកំពុងតែប្រឈមមុខ នឹងជម្ងឺរលាកថ្លើម ដោយជម្ងឺនេះ អាចបណ្តាលមកពី មេរោគ ឬដោយសារថ្លើម ត្រូវបានប៉ះពាល់ ទៅនឹងសារធាតុ ដែលបណ្តាលឲ្យខូចខាត ដូចជា គ្រឿងស្រវឹង ជាដើម។

ទោះបីជាយ៉ាងណា ក្មេងស្រីខាងលើ បានបដិសេធថា មិនបានទទួលទាន ជាតិស្រវឹង និងមិនបានប្រើថ្នាំ ដោយមិនគោរពវេជ្ជបញ្ជា ដូចជា ប៉ារ៉ាសេតាមុល ឬក៏ថ្នាំខុសច្បាប់ នោះទេ។ ជាងនេះទៅទៀត នាងក៏មិនដែល ទៅកំសាន្តនៅ ក្រៅស្រុក ដែលអាចឲ្យនាង ឆ្លងរោគថ្លើម ហើយក៏មិនដែល សូម្បីតែបញ្ចូលឈាម ពីនរណាម្នាក់ ឡើយ។

បន្ទាប់មកគ្រូពេទ្យក៏ព្យាយាម សួរនាងម្តងទៀត នាងក៏បានប្រាប់ឲ្យដឹងថា នាងបានកម្មង់ទិញ តែបៃតងសម្រកទម្ងន់ ពីប្រទេសចិន តាមអ៊ិនធើណេត ចំនួន២ប្រអប់ ដោយក្នុងមួយប្រអប់ មាន ១០០កញ្ចប់។ នាងមិនដឹងទេថា តែបៃតងនោះ មានសារធាតុផ្សំអ្វីខ្លះ តែនាងញ៉ាំ ៣ដង ក្នុងមួយថ្ងៃ អស់រយៈពេល ២ ទៅ ៣ខែ មកហើយ។

ក្រោយពីគ្រូពេទ្យ ធ្វើការស៊ើបអង្កេត យ៉ាងដិតដល់ ទើបដឹងថា តែបៃតងនោះ មានសារធាតុផ្សំម្យ៉ាង ហៅថា Camellia Sinensis នៅក្នុងស្លឹកត្រួយរបស់តែ ដែលគេយកមកធ្វើ ជាភេសជ្ជៈ សម្រាប់ទទួលទាន ដែលជាមូលហេតុ បណ្តាលឲ្យនារីវ័យក្មេង ខាងលើ កើតមានជំងឺ រលាកថ្លើម បែបនេះ។

ជាមួយគ្នានេះដែរ គ្រូពេទ្យក៏បានស្នើរឲ្យនាង បញ្ឈប់ការទទួលទានវា ហើយទទួលការព្យាបាល ដោយសារធាតុរាវ និងថ្នាំ បន្តិចម្តងៗ រហូតដល់ថ្លើម ដែលហើម មកពីការរលាកនោះ ស្រកចុះវិញ។ ក្រោយពីស្នាក់នៅ និងទទួលការព្យាបាល មួយរយៈពេលខ្លី ក្នុងមន្ទីរពេទ្យមក នាងក៏បានធូរស្បើយ ហើយប្រមាណ ២ខែក្រោយមក មុខងារថ្លើមរបស់នាង ក៏ប្រែមកជាធម្មតាវិញ។

គួរបញ្ជាក់ឲ្យដឹងថា ឱសថរុក្ខជាតិ រួមទាំង តែ និងថ្នាំគ្រាប់ ដែលមានសារធាតុ Camellia Sinensis អាចរកបាន ដោយងាយ ពីប្រភពមិនច្បាស់លាស់ ដូចជា តាមអ៊ិនធើណេត ជាដើម។ កាលពីកន្លងមក តែបៃតង ក៏ធា្លប់ជាប់ពាក់ព័ន្ធ រាប់សិបករណីទៅហើយ ក្នុងការធ្វើឲ្យថ្លើមខូច បន្ទាប់ពីដឹងថា មនុស្សភាគច្រើនឈឺ ក្រោយពីទទួលទាន សារធាតុផ្សំ ដែលនៅក្នុងស្លឹកតែ ក៏ដូចជា ម្សៅដែលធ្វើពីស្លឹកតែ​ រួមទាំងសារធាតុ ដែលមាននៅក្នុងអាហារ សម្រាប់សម្រកទម្ងន់ ទាំងនោះ។ ករណីខ្លះ អាចឲ្យជនរងគ្រោះ កើតមានជម្ងឺថ្លើមធ្ងន់ធ្ងរ រហូតដល់តម្រូវឲ្យ ធ្វើការវះកាត់ចេញ និងអាចឈានដល់ស្លាប់ ក៏មានដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គេក៏ទទួលស្គាល់ថា តែបៃតង គឺជាភេសជ្ជៈសុខភាព និងមានសុវត្ថិភាព ដល់រាងកាយ ដោយវាមានគុណសម្បត្តិ ក្នុងការប្រឆាំងនឹង អុកស៊ីតកម្ម ផងដែរ។ ប៉ុន្តែបើទទួលទានតែ ដែលមានលាយសារធាតុ Camellia Sinensis នោះ វានឹងអាច បង្កឲ្យមានជម្ងឺ ទៅវិញ៕

អត្ថបទដែលអ្នកប្រហែលជាត្រូវអាន៖

ទទួលទាន «តែបៃតង» ឲ្យបានត្រឹមត្រូវ និងតាមពេលវេលារបស់វា ទើបអាចទទួលបាន អត្ថប្រយោជន៍ច្រើនលើសលុបដល់សុខភាព…!

តែបៃតងជាប្រភេទតែសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព ព្រមទាំងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់យ៉ាងច្រើនដូចជា អង់ស៊ីម អាស៊ីតអាមីណូ និង Polyphenols ជាដើម។ ជាពិសេសសព្វថ្ងៃនេះ វាជាភេសជ្ជៈដែលមនុស្សសឹងតែគ្រប់ៗគ្នាចូលចិត្តទទួលទានបំផុត។

ដើម្បីទទួលបានអត្ថប្រយោជន៍ដល់សុខភាពដ៏ច្រើនពីតែបៃតង អ្នកត្រូវទទួលទានទៅតាមពេលរបស់វា។

ចង់ដឹងថាពេលណាដែលគួរទទួលទាន និងពេលណាមិនគួរទទួលទាននោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោម៖

១. បន្ទាប់ពីបរិភោគអាហារពេលព្រឹករួច

ជម្រើសល្អបំផុតសម្រាប់សុខភាព គឺទទួលទានតែបៃតង បន្ទាប់ពីបរិភោគអាហារពេលព្រឹករួច។ ការដែលអ្នកទទួលទានតែបៃតង ទាំងពោះទទេ នៅពេលព្រឹក វាអាចបណ្តាលឲ្យរាងកាយខ្សោះជាតិទឹក និងប៉ះពាល់ក្រពះរហូតដំបៅក៏មាន។

២. មុនពេលចូលគេង

សម្រាប់អ្នកដែលចង់ស្រកទម្ងន់ គួរទទួលទានតែបៃតងមុនពេលចូលគេង ២ ម៉ោង ដោយវាអាចជួយដុតបំផ្លាញជាតិខ្លាញ់របស់អ្នក នៅពេលកំពុងគេងបាន។ ប៉ុន្តែប្រសិនបើអ្នកទទួលទានតែបៃតងភ្លាម ចូលគេងភ្លាម នោះជាតិកាហ្វេអ៊ីនរបស់តែ នឹងធ្វើឲ្យអ្នកគេងមិនលក់ជាមិនខាន។

៣. មុនហាត់ប្រាណកន្លះម៉ោង

អ្នកគួរទទួលទានតែបៃតង យ៉ាងហោចណាស់មុនហាត់ប្រាណ កន្លះម៉ោង ដោយសារតែបៃតង អាចជួយឲ្យអ្នកមានភាពសកម្មបានយូរជាងមុន ជាពិសេសជួយសម្រកទម្ងន់ និងដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងរហ័ស ទន្ទឹមនឹងការហាត់ប្រាណរបស់អ្នក។

៤. មួយម៉ោងមុននិងក្រោយ បរិភោគអាហារ

មនុស្សជាច្រើន មានទម្លាប់ទទួលទានតែបៃតងភ្លាមៗ បន្ទាប់ពីបរិភោគអាហាររួច ប៉ុន្តែការទទួលទានភ្លាមៗបែបនេះ អាចបង្អាក់ដំណើរការស្រូបយកសារធាតុចិញ្ចឹមរបស់រាងកាយ។ ហេតុនេះការទទួលទានតែបៃតងមុន និងក្រោយអាហារឲ្យបាន ៤៥ នាទីទៅ ១ ម៉ោង ទើបជាជម្រើសល្អបំផុត។

៥. ទទួលទានតែបៃតងពេញមួយថ្ងៃ

ប្រសិនបើអ្នកចង់កម្ចាត់ជាតិពុលចេញពីរាងកាយ ដោយប្រើតែបៃតងនោះ អ្វីដែលអ្នកត្រូវធ្វើគឺ ទទួលទានក្រេបៗ រយៈពេលពេញមួយថ្ងៃជាការស្រេច។ នេះក៏ដោយសារតែ វាមានសមត្ថភាពកំចាត់ជាតិពុលយឺត ហេតុនេះត្រូវតែទទួលទានម្តងបន្តិចទើបមានប្រសិទ្ធភាព ប្រសិនបើអ្នកទទួលទានម្តងទាំងអស់ភ្លាមៗ វានឹងមិនអាចកំចាត់ជាតិពុលបានទេ។ ងាយៗដោយអ្នកគ្រាន់តែឆុងតែបៃតងមួយលីត្រ ទុកសម្រាប់ទទួលទានម្តងបន្តិចៗរយៈពេលពេញមួយថ្ងៃជាការស្រេច។

# អ្នកត្រូវចៀសវាង ការទទួលទានតែបៃតង ៖

• នៅពេលពោះទទេ មិនទាន់ញ៉ាំអ្វី នៅពេលព្រឹក

• នៅពេលកំពុងបរិភោគអាហារ

• នៅពេលយប់ជ្រៅ ពីព្រោះអាចធ្វើឲ្យគេងមិនលក់

• ជាពិសេស មិនត្រូវទទួលទានលើសពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃទេ

• និងមិនត្រូវទទួលទានតែបៃតង ដោយដាក់ទឹកដោះគោ ឬស្ករ លាយចូលគ្នាឡើយ៕

Comments

comments