ជិវិតអ្នករស់​គ្មាន​ក្ដី​សុខទេ បើអ្នកគិតពីរឿងទាំងនេះ !

ជីវិត និង ស្នេហា

ជីវិត​តែង​ប្រឈម​ជាមួយ​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​រាប់​មិន​អស់ ព្រោះ​គ្មាន​អ្វី​ប្រសើរ​គាប់​ចិត្ត​រហូត​នោះ​ទេ ប៉ុន្តែ​រឿង​ខ្លះ​ក៏​មិន​ចាំ​បាច់​យក​មក​គិត ​នាំ​ឱ្យ​ជីវិត​ស្មុគស្មាញ​ឥត​ប្រយោជន៍​ដែរ។ តើ​រឿង​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​ជីវិត​ស្មុគស្មាញ​រស់​គ្មាន​ក្ដី​សុខ​? ​

តូច​ចិត្ត​ឃើញ​គេ​មាន​ជាង​ខ្លួន៖ មនុស្ស​មួយ​ចំនួន​ទោះ​បី​ជា​ស្ថានភាព​ជីវិត​បាន​ល្អ​ប្រសើរ​ប៉ុណ្ណា​ ក៏​នៅ​មិន​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន​។ មួយ​វិញ​ទៀត​ មិន​ព្រម​រើ​បម្រាស់​ពី​ស្ថាន​ភាព​ដែល​លំបាក​ នៅ​ក្រាញ​ននៀល​ មិន​ខិតខំ​ប្រឹង​ប្រែង​បំពេញ​ន័យ​ឱ្យ​ជីវិត​។ ដូចនេះ​បើ​មិន​ចង់​ឱ្យ​ជីវិត​ស្មុគស្មាញ​រស់​គ្មាន​សេចក្ដី​សុខ គួរ​កុំ​យក​ខ្លួនឯង​ប្រៀបធៀប​ជាមួយ​អ្នក​ដ៏​ទៃ ត្រូវ​ខិតខំ​ឱ្យ​អស់​ពី​សមត្ថភាព​ដែល​ខ្លួន​មាន​ នោះ​ទើប​ជីវិត​ល្អ​ប្រសើរ​។​​​

មិន​ចេះ​គ្រប់​គ្រាន់៖ មនុស្ស​គ្រប់​រូប​តែង​មាន​មហិច្ឆតា​ ទើប​មាន​កម្លាំង​ចិត្ត​ប្រឹងប្រែង​តស៊ូ​ទើប​អាច​បំពេញ​នូវ​គោលដៅ​ ដែល​ចង់​ទៅ​ដល់​។ ប៉ុន្តែ​កុំ​ឱ្យ​មហិច្ឆតា​នេះ​ធ្វើ​ឱ្យ​ក្លាយ​ជា​ភាព​លោភលន់​មិន​ចេះ​ស្កប់ស្កល់។ ​ជីវិត​រស់​នៅ​មាន​សេចក្ដី​សុខ​ កើត​មាន​ចំពោះ​បុគ្គល​ណា​ដែល​ចេះ​គ្រប់​គ្រាន់​ប៉ុណ្ណោះ​។ ភាព​មិន​ចេះ​គ្រប់គ្រាន់​ធ្វើ​ឱ្យ​ជីវិត​រស់​នៅ​មាន​តែ​ភាព​ក្ដៅ​ក្រហាយ​ រស់​នៅ​មិន​ស្ងប់​សុខ​ ដូចនេះ​មួយ​ជីវិត​កើត​មក​គឺ​គ្មាន​ពេល​សម្រាប់​ភាព​រីករាយ​នោះ​ទេ​។

ច្រណែន​នឹង​សុភមង្គល​គ្រួសារ​គេ៖ ឃើញ​គ្រួសារ​អ្នក​ដ៏​ទៃ​រស់​នៅ​មាន​សុភមង្គល​បែរ​ជា​មាន​អារម្មណ៍​តូច​ចិត្ត​ចំពោះ​គ្រួសារ​ខ្លួន​ឯង​។ ចុះ​ហេតុអ្វី​មិន​ព្រម​ធ្វើ​ឱ្យ​បាន​ដូច​គេ​ទៅ​? ហេតុផល​នេះ​បណ្ដាល​មក​ពី​ចិត្ត​ច្រណែន មាន​ក្នុង​ខ្លួន​មិន​ព្រម​ដក​ចេញ​ និង​មួយ​វិញ​ទៀត​អាច​បណ្ដាល​មក​ពី​ការ​អប់​រំ​នៅ​មាន​កម្រិត​។ ដូច​នេះ​ការ​កសាង​គ្រួសារ​មួយ​ឱ្យ​មាន​សុភមង្គល​គឺ​មិន​ពិបាក​នោះ​ទេ​ អាស្រ័យ​លើ​គ្រួសារ​នោះ​មាន​កម្រិត​យល់​ដឹង​ក្នុង​ខ្លួន​កម្រិត​ណា​។

ពូកែ​ទើស​ទាល់​គ្រប់​រឿង៖

ភាព​ស្មុគស្មាញ​ក្នុង​ជីវិត​អាច​កើត​ឡើង​ដោយសារ​មនុស្ស​មាន​ចិត្ត​ចង្អៀត​ចង្អល់ មិន​ព្រម​បើក​ចិត្ត​ឱ្យ​ទូលាយ​គ្រប់​រឿង​រ៉ាវ​នោះ​ទេ​។ ការ​រស់​នៅ​មិន​ថា​ក្នុង​សង្គម​គ្រួសារ​ ឬ​សង្គម​ខាង​ក្រៅ​ ​ប្រសិន​បើ​បុគ្គល​នោះ​ត្រូវ​ការ​តែ​អ្វី​ដែល​ត្រូវ​ចិត្ត​ខ្លួន​គឺ​រស់​នៅ​គ្មាន​ក្ដី​សុខ​នោះ​ឡើយ​។ ត្រូវ​ដឹង​ថា​មិន​អាច​មាន​តែ​រឿង​ល្អ​ៗ​កើត​ឡើង​រាល់​ថ្ងៃ​​ទេ រមែង​មាន​រឿង​មួយ​ចំនួន​មិន​ត្រូវ​ចិត្ត​ដូច​គ្នា​។

មើល​អ្នក​ដទៃ​ក្នុង​ផ្លូវ​មិន​ល្អ៖ ភាព​មិន​ចូល​ចំណោម​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ ក៏​ជា​ហេតុផល​មួយ​ធ្វើ​ឱ្យ​ជីវិត​គ្មាន​ក្ដី​សុខ​ដូច​គ្នា។ តែង​យល់​ថា​មាន​តែ​ខ្លួន​ឯង​ទេ​ជា​មនុស្ស​ល្អ​គ្រប់​ដប់​អ្នក​ដទៃ​សុទ្ធ​តែ​មិន​ស្មើ​ខ្លួន​។ មនុស្ស​មិន​អាច​វាយ​តម្លៃ​តែ​សំបក​ក្រៅ​នោះ​ទេ រូបភាព​ដែល​ឃើញ​ខាង​ក្រៅ​ មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​លក្ខណៈ​ក្នុង​របស់​មនុស្ស​ឡើយ​។

ចង់​បាន​គូរ​អនាគត​ល្អ​ឥត​ខ្ចោះ៖ ហេតុ​នេះ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​មនុស្ស​ខ្លះ​មក​ពី​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​ពូកែ ឆ្លាត មាន​សមត្ថភាព តែង​ប្រាថ្នា​យក​គូរ​ស្រករ​ដែល​ល្អ​ឥត​ខ្ចោះ​មក​រួម​ដំណើរ​ជីវិត​ជាមួយ​ខ្លួន​។ ការ​គិត​បាន​ត្រឹម​គិត​ ប៉ុន្តែ​ការ​ពិត​សុទ្ធ​តែ​ជា​រឿង​មិន​អាច​ទាយ​ទុក​មុន​ ដូចនេះ​ចាំ​បាច់​គិត​រឿង​ដែល​មិន​ទាន់​កើត​ឡើង​ធ្វើ​អី? រឿង​អនាគត​គ្មាន​នរណា​ម្នាក់​អាច​មើល​ដឹង​មុន​ទេ​។

Comments

comments