​រៀបការ​ទាំង​បង្ខំ​ចិត្តពី​ឪពុកម្ដាយ ​ឬ​ដោយ​ការ​បង្ខំ​ចិត្ត អ្នក​នឹង​ទទួល​ជួប​នូវ​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត​

ជីវិត និង ស្នេហា

ស្នេហា​មួយ​អាច​កើត​ឡើង​បាន​ គឺ​បណ្ដាល​មក​ពី​ក្ដី​ស្រឡាញ់​ដែល​កើត​ចេញ​ពី​ក្រអៅ​បេះ​ដូង ដ៏​ពិត​ប្រាកដ​របស់​បុគ្គល​ពីរ​នាក់​រត់​ត្របាញ់​រកគ្នា។ ក្ដី​ស្រឡាញ់​របស់​មនុស្ស​ពីរ​នាក់​មាន​ចិត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​អាច​ឈាន​ទៅ​រក​ពាក្យ​ជា​សង្សារ ឈាន​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា។ ប៉ុន្តែ​ស្នេហា​កើត​ឡើង​ដោយសារ​ការ​បង្ខំ​ពី​ឪពុកម្ដាយ​ឬ​ដោយ​ការ​បង្ខំ​ចិត្ត​នឹង​ទទួល​ជួប​នូវ​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត​។

​១. មិន​បាន​ស្រឡាញ់​ចេញ​ពី​ចិត្ត
នៅ​ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា យល់​ព្រម​រៀបការ​ជាមួយ​នរណា​ម្នាក់​ដោយ​មាន​ហេតុផល​ចាំ​បាច់ ឬ​មាន​ការ​បង្ខំ​ពី​ឪពុកម្ដាយ។ ស្នេហា​នេះ​ធ្វើ​ឱ្យ​បុគ្គល​នោះ​ មាន​វិប្បដិសារី​ក្នុង​ចិត្ត​អស់​មួយ​ជីវិត ដោយសារ​ធ្វើ​រឿង​មួយ​ប្រឆាំង​នឹង​បេះ​ដូង​ដែល​បញ្ជា ទាំង​មិន​ដែល​ស្រឡាញ់​ម្នាក់​នោះ​សូម្បី​បន្តិច។ ការ​រស់​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ឯង​មិន​ស្រឡាញ់ គឺ​ជា​ការ​ក្បត់​ឧត្ដម​គតិ​ខ្លួន​ឯង​ទាំង​ស្រុង ហើយ​អាច​កើត​ជា​ជំងឺ​ផ្លូវ​ចិត្ត​ក៏​ថា​បាន​ដែរ​ ជា​ពិសេស​ភាគី​ម្ខាង​ទៀត​ក៏​អាច​គ្រាំ​ចិត្ត​ដោយ​សារ​ស្នេហា​មួយ​មិន​បាន​កើត​ចេញ​ពី​ចិត្ត​ពិត​ប្រាកដ​។

២. រស់​នៅ​មិន​ចុះ​សម្រុង
រៀបការ​រួច​គឺ ​ត្រូវ​រួមរស់​ជាមួយ​គ្នា​អស់​មួយ​ជីវិត ប៉ុន្តែ​រៀបការ​ដោយ​ការ​បង្ខំ​នោះ​ក្នុង​សង្គម​គ្រួសារ​មួយ​ប្រាកដ​ជា​រស់នៅ​ គ្មាន​សុភមង្គល​នោះ​ទេ។ រៀបការ​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់​គ្នា នៅ​តែ​មាន​រឿង​ឈ្លោះ​ ចុះ​ទម្រាំ​រៀប​ការ​ទាំង​បង្ខំ​នឹង​មាន​រឿង​អ្វី​កើត​ឡើង។ ដូច្នេះ​គួរ​រៀបការ​ដោយ​សារ​ឪពុកម្ដាយ​បង្ខំ ឬ​ដោយសារ​ហេតុផល​ដែរ​ឬទេ?

​ ៣. ដាក់​សម្ពាធ​លើ​ជីវិត
រៀបការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​មិន​បាន​ស្រឡាញ់ ប្រៀប​ដូចជា​យក​អម្រែក​ដ៏​ធ្ងន់​មក​ដាក់​លើ​ស្មា​ ហើយ​ត្រូវ​រែក​អម្រែក​នោះ​អស់​មួយ​ជីវិត។ ធ្វើ​បែប​នេះ​ ដូចជា​ធ្វើ​បាប​ខ្លួន​ឯង​ពេក​ទេ​ដឹង ​បើ ​កាល​ទេសៈ​​មួយ​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​នរណា​ម្នាក់ គឺ​ត្រូវ​ហ៊ាន​អារកាត់​នឹង​ជម្នះ​រឿង​នោះ​ឱ្យ​បាន។ ព្រោះ​ក្ដី​សុខ​ឬ​ក្ដី​ទុក្ខ​មិន​មាន​អ្នក​ណា​មក​រ៉ាប់រង​ជំនួស​ យើង​នោះ​ទេ មាន​តែ​ខ្លួន​ឯង​នេះ​ហើយ​ជា​អ្នក​ទទួល​រ៉ាប់រង។ ដូច្នេះ​មុន​រៀបការ​ត្រូវ​គិត​ឱ្យ​ច្បាស់ ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​សម្រេច​បាន​ក្រៅពី​​ខ្លួន​ឯង​នោះ​ឡើយ​។

៤. គ្មាន​ភាព​រីក​ចម្រើន​ក្នុង​គ្រួសារ
បន្ទាប់​ពី​រៀបការ​រួច​ការ​ចាប់​ដៃ​គ្នា​ កសាង​គ្រួសារ​គឺ​ជា​កាតព្វកិច្ច​របស់​ប្ដី​ប្រពន្ធ​។ ប៉ុន្តែ​ការ​ស្រឡាញ់​គ្នា​ជា​កាតព្វកិច្ច​ដែរ​នោះ គឺ​គ្មាន​ការ​រីកចម្រើន​ទេ ដោយ​ភាគី​ទាំង​សង​ខាង​គ្មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​នោះ​ឡើយ។ កម្លាំង​ចិត្ត​ដែល​ខំ​ធ្វើ​អ្វី​មួយ​ គឺ​មក​ពី​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ចុះ​បើ​ម្នាក់​នោះ​ យើង​មិន​បាន​ស្រឡាញ់​ផង​តើ​ខំ​ប្រឹង​ដើម្បី​នរណា។ ដូចនេះ​ទាំង​បុគ្គល​ផ្ទាល់ ដែល​ជួប​រឿង​បែប​នេះ ទាំង​ឪពុកម្ដាយ​ដែល​តែង​មាន​ហេតុផល យក​មក​បង្ខំ​ចិត្ត​កូន​គួរ​គិត​សារ​ឡើង​វិញ​ទៅ​លើ​បញ្ហា​នេះ​។

៥. ប្រឈម​មុខ​នឹង​ការ​លែងលះ
លទ្ធផល​ចុង​ក្រោយ​ នៃ​ការ​រៀបការ​ដោយ​មិន​បាន​ស្រឡាញ់​គ្នា ចេញ​ពី​ចិត្ត​ ចុង​ក្រោយ​គឺ​មាន​តែ​ជ្រើស​រើស​ការ​បែក​។ ការ​លែងលះ​នេះ​គ្មាន​នរណា​ចង់​ជួប​នោះ​ទេ ស្ត្រី ក៏​មិន​ចង់​ជាប់​ឈ្មោះ​ជា​ស្រី​មេម៉ាយ រី​ឯ​បុរស​ក៏​មិន​ចង់​មាន​ឈ្មោះ​ជា​ពោះម៉ាយ​ដែរ។ ដូច្នេះ​បើ​ដឹង​មុន​ថា​លទ្ធផល​ចុង​ក្រោយ​ ទៅ​ជា​បែប​នេះ​កុំ​រៀបការ​ជា​មួយ​គ្នា​អី​ល្អ​ជាង​។ ប្រសិន​បើ​មាន​កូន​ទៀត​គឺ​កាន់តែ​ជា​បញ្ហា​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ព្រោះ​ក្រៅ​ពី​នាក់​ទាំង​ពីរ​ឈឺ​ចាប់​ហើយ​នោះ គឺ​កូន​ជា​អ្នក​ឈឺ​កាន់​តែ​ខ្លាំង​។

Comments

comments