ហេតុផល​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​ពឹង​​លើ​លុយ​ឪពុក​ម្តាយ​ទាំង​ស្រុង ​ហើយ​រៀន​រស់​ដោយ​ខ្លួន​ឯង​

ជីវិត និង ស្នេហា

​មនុស្ស​ភាគច្រើន​​ដែល​កើត​មក​ក្នុង​ត្រកូល​​ធូរធារ​ ​គឺ​មិន​សូវ​ស្គាល់​ការ​លំបាក​នោះ​ឡើយ​ ​​ព្រោះថា​ ​ឪពុកម្ដាយ​របស់​ពួកគេ​មាន​លុយ​ច្រើន​ ​ដែល​អាច​ដោះស្រាយ​រាល់​ការ​ចំណាយ​ផ្សេងៗ​។ ​សម្រាប់​មនុស្ស​ដែល​កើត​មក​ ​ជាមួយ​នឹង​ជីវភាព​លំបាក​​គឺ​ប្រាកដ​ជា​ ​ជួប​​បញ្ហា​រស់នៅ​ជា​ច្រើន​ ​ព្រោះ​​គ្រួសារ​របស់​ពួក​គេ​​ ​​ពិត​ជា​ត្រូវ​ការ​កម្លាំង​ពលកម្ម​របស់​សមាជិក​ម្នាក់ៗ​​ដើម្បី​លើក​ស្ទួយ​ជីវភាព​។

​ប៉ុន្តែ​អ្នក​ដែល​កើត​ក្នុង​ត្រកូល​អ្នក​មាន​​មួយ​ចំនួន​ ​ក៏​បាន​បញ្ចេញ​ពលកម្ម​ដោយ​ខ្លួន​ឯង​ច្រើន​ ​ដោយ​មិន​ពឹង​លើ​លុយ​របស់​ឪពុក​ម្តាយ​នោះ​ឡើយ​ ​ចំណែក​កូន​អ្នក​ក្រ​មួយ​ចំនួន​ក៏​មិន​បាន​​លើក​ស្ទួយ​ជីវភាព​គ្រួសារ​អ្វី​ដែរ​ ​ហើយ​អ្នក​ខ្លះ​ក៏​ជួយ​បំផ្លាញ​ថែម​ទៀត​។ ​បើ​ទោះ​បី​ជា​​ ​ស្ថិត​ក្នុង​គ្រួសារ​មាន​ឬ​ក្រ​ក៏​ដោយ​ ​ក្នុង​នាម​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​ពេញ​វ័យ​អាច​ធ្វើ​ការ​បាន​នោះ​ ​គឺ​មិន​គួរ​ចាំ​តែ​លើក​ដៃ​ទទួល​លុយ​ពី​ឪពុក​ម្តាយ​ ​ហើយ​ទិញ​របស់របរ​ប្រើប្រាស់​ថ្លៃៗ​ ​សម្ញែង​មិត្តភក្ដិ​នោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​បញ្ចេញ​ពលកម្ម​ដោយ​ខ្លួន​ឯង​ ​ដើម្បី​រៀនរស់​។

​ខាង​ក្រោម​នេះ​​ ​គឺ​ជា​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​ពឹង​​លើ​លុយ​ឪពុក​ម្តាយ​ទាំង​ស្រុង៖

១) ​រៀន​ស្គាល់​ការ​លំបាក​៖​ ​មិន​​មិន​ធ្លាប់​ក្រ​ ​​អ្នក​ក៏​មិន​អាច​ដឹង​ថា​ ​ជីវិត​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​លំបាក​ប៉ុណ្ណា​ដែរ​​។ កាលណា​អ្នក​ពឹង​លើ​​តែ​លុយ​ឪពុកម្ដាយ ​(ជា​ពិសេស​អ្នក​មាន​) ​អ្នក​ពិត​ជា​គ្មាន​ថ្ងៃ​អាច​ដឹង​ច្បាស់​អំពី​ការ​តស៊ូ​​ក្នុង​ជីវិត​​បែប​ណា​ឡើយ​។ ​ត្រូវ​ចាំ​ថា​ ​ឪពុក​ម្តាយ​របស់​អ្នក​មិន​អាច​ចាំ​ផ្តល់​លុយ​​​អស់​មួយ​ជីវិត​នោះ​ឡើយ​ ​ហើយ​ទ្រព្យ​សម្បត្តិ​ក៏​មិន​អាច​ចាយ​មួយ​ជីវិត​បាន​ដែរ ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ចេះ​តស៊ូ​ ​និង កាន់កាប់​ជីវិត​ដោយ​ខ្លួន​ឯង​ទើប​ជា​ជម្រើស​ល្អ។ អ្នក​ត្រូវ​តែ បញ្ចេញ​ពល​កម្ម​ដោយ​ខ្លួន​ឯង​ដើម្បី​ស្វែងរក​កម្រៃ​ ​​ហើយ​ឆ្លៀតពេល​រៀន​សូត្រ​ពី​មេរៀន​ជីវិត​សំខាន់ៗ​ក្នុង​គ្រា​លំបាក​នោះ​។

២) ​​មាន​ឯករាជ្យ​៖ ​នៅ​ពេល​អ្នក​មិន​ពឹង​លើ​លុយ​របស់​ឪពុក​ម្តាយ​​​ច្រើន​ពេក​នោះ​​ ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​មាន​ស្វ័យភាព​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​ផ្សេងៗ​ដែល​ខ្លួន​​ពេញ​ចិត្ត។ ​មាន​ន័យ​​ថា ​ដរាបណា​​អ្នក​​ប្រើ​លុយ​ឪពុក​ម្តាយ​ដើម្បី​ចាយវាយ​ ​និង សម្ញែង​មិត្តភក្ដិ​នោះ​ ​អ្នក​គឺ​ប្រាកដ​ជា​ទទួល​នូវ​សម្ពាធ​ ​ឬ លក្ខខណ្ឌ​​ផ្សេងៗ​មិន​ខាន​។​ ​ដូច្នេះ​ហើយ​ ​គួរ​ចាប់ផ្តើម​រៀន​រកលុយ​ដោយ​ខ្លួន​ឯង​ ​និង ឈប់​ពឹង​លើ​លុយ​គ្រួសារ​តទៅទៀត​។

៣) ​លើក​ស្ទួយ​ជីវភាព​គ្រួសារ៖​ ​បើ​ទោះបីជា​ ​​ឪពុក​ម្តាយ​របស់​អ្នក​មាន​ប្រាក់ខែ​ខ្ពស់ ​ឬ​ ​ចំណូល​ច្រើន​ក្តី​ប៉ុន្តែ​បើ​​កូនៗ​ទាំងអស់​ ​គិត​តែ​ពី​ចាយ​​មិន​ចេះ​រក​ ​និង ថែរក្សា​នោះ​ ​គឺ​ប្រាកដ​ជា​ធ្វើ​ឲ្យ​​ជីវភាព​គ្រួសារ​មាន​​លក្ខណៈ​ប្រសើរ​នោះ​ឡើយ​។ ​ផ្ទុយ​ទៅ​វិញ​​ ​បើ​អ្នក​ជា​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​​​មិន​​ពឹង​លើ​ចំណូល​ឪពុក​ម្តាយ ​ហើយ​ថែម​ទាំង​រក​លុយ​ពី​ខាងក្រៅ​ ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ទៀត​នោះ​​ ​វា​គឺ​ពិត​ជា​ល្អ​មែនទែន​។

៤) ​​​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​សប្បាយ​ចិត្ត៖​ ​គ្មាន​ឪពុក​ម្តាយ​ណា​មួយ​​មិន​ចង់​ឲ្យ​កូន​ល្អ​នោះ​ឡើយ​ ​ពោល​គឺ​សុទ្ធតែ​ចង់​ឲ្យ​កូនៗ​ក្លាយ​ជា​​មនុស្ស​ ​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ ​និង ​​អាច​ពឹងពាក់​លើ​ជីវិត​ខ្លួន​ឯង​បាន​។ ​ក្នុង​ន័យ​នេះ​ ​​​ឪពុក​ម្តាយ​ពិត​ជា​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​មិន​បាន​ទេ ​ប្រសិនបើ​​កូនៗ​របស់​ខ្លួន​មាន​សមត្ថភាព​​រក​ប្រាក់​ចិញ្ចឹម​ជីវិត​​ដោយ​ខ្លួន​ឯង​ ​ដោយ​មិន​ពឹង​លើ​ទ្រព្យ​អ្នក​ផ្ទះ៕

Comments

comments