ប្រុស​សង្ហា​ជាង​គេ​ប្រចាំ​ថ្នាក់​ រៀបការ​នឹង​ស្រី​រូប​អាក្រក់​ត្រូវ​មិត្តភ័ក្ដិ​សើច​ចំអក ចុង​ក្រោយ​ទើប​ភ្លឺ​ភ្នែក​គ្រប់​គ្នា!

ជីវិត និង ស្នេហា

អាច​និយាយ​បាន​ថា​ខ្ញុំ​គឺ​ជា​ប្រុស​សង្ហា​ជាង​គេ​ប្រចាំ​ថ្នាក់​ក៏​ថា​បាន កាល​សម័យ​ខ្ញុំនៅ​រៀន  ដោយ​សារ​តែខ្ញុំមាន​មុខ​មាត់​ស្អាត ទាន់​សម័យ សាច់​ដុំ​ក៏​បាន កម្ពស់ ១៨០ស.ម ស្រី​ៗ​នៅ​សាលា​បាក់​ចិត្ត​ស្រឡាញ់​ខ្ញុំ​គ្រប់​ៗ​គ្នា តែ​ខ្ញុំ​ក៏​មិន​ធ្លាប់​ស្រឡាញ់​អ្នក​ណា​ម្នាក់​ឲ្យ​ពិត​ប្រាកដ​ដែរ។

ក្នុង​ថ្នាក់​រៀន​ខ្ញុំ​ មាន​សិស្ស​ស្រី​ម្នាក់​មុខ​មាត់​រៀង​អន់​ជាង​គេ តែង​ខ្លួន​បុរាណ​ៗ ហើយ​ថែម​ទាំង​ធាត់​ខ្លាំង​​ទៅ​ទៀត។ កាល​នោះ​នាង​មិន​ដែល​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​ខ្ញុំ​ឡើយ ប៉ុន្តែ​ចៃដន្យ​ពួក​យើង​បាន​ប្រឡង​ចូល​រៀន​មហាវិទ្យាល័យ​ជាមួយ​គ្នា ធ្វើ​ឲ្យ​យើង​ចាប់​ផ្ដើម​ស្និទ្ធស្នាល​គ្នា។ នាង​មាន​ទឹក​ចិត្ត​ជួយ​ខ្ញុំ​បាន​ជា​ច្រើន​រឿង ទាំង​រឿង​រៀន និង​ជា​ទី​ប្រឹក្សា​ដ៏​ល្អ​ម្នាក់​ទៀត​ផង។

ក្រោយ​ពី​រៀន​ចប់​នាង​ក៏​ទទួល​បាន​ការងារ​នៅ​ក្រុមហ៊ុន​ធំ​មួយ​ដោយ​មាន​មុខ​តំណែង​ល្អ​ត្រឹម​ត្រូវ ចំណែក​ខ្ញុំ​រក​ការងារ​មិន​ទាន់​បាន ថែម​ទាំង​ត្រូវ​មិត្ត​ស្រី​ទាត់​ចោល​ទៅ​ទៀត។ កាល​នោះ​មាន​តែ​នាង​ទេ​ដែល​នៅ​ជួយ​ណែនាំ រហូត​ដល់​ខ្ញុំ​បាន​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​រួម​គ្នា​ជាមួយ​នាង ធ្វើ​ឲ្យ​យើង​ទាំង​ពីរ​នាក់​បាន​ទាក់ទង​គ្នា​កាន់​តែ​ច្រើន​ឡើង។ រយៈ​ពេល​ក្រោយ​ៗ​មក​នាង​ចាប់​ផ្ដើម​បង្ហាញ​សកម្មភាព​ថា​ស្រឡាញ់​ខ្ញុំ​ ដោយ​តែង​យក​នំ​ចំណី​និង​របស់​ផ្សេង​ៗ​មក​ផ្ញើ​ខ្ញុំ​ជានិច្ច រហូត​ដល់​ពេល​ខ្លះ​ខ្ញុំ​ក៏​បាន​ចិត្ត ពេល​ចង់​ញ៉ាំ​អី​​ប្រាប់​នាង នាង​ក៏​ធ្វើ​ឲ្យ​ញ៉ាំ ខ្ញុំ​ប្រាប់​នាង​ថា​ចង់​ញ៉ាំ​នំ​ខេក​ហាង​ល្បី​ដែល​នៅ​ម្ដុំ​ផ្ទះ​នាង នាង​ក៏​យល់​ព្រម​ថា​នឹង​ទិញ​មក​ឲ្យ​ខ្ញុំ​។

ប៉ុន្តែ​ហេតុការណ៍​មួយ​បាន​កើត​ឡើង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​វិប្បដិសារី​ជា​ខ្លាំង។ ក្នុង​ថ្ងៃ​ដែល​នាង​ដើរ​ឆ្លង​ថ្នល់​ទៅ​ទិញ​នំ​ខេក​ឲ្យ​ខ្ញុំ​នោះ នាង​ត្រូវ​រថយន្ត​បុក​បណ្ដាល​ឲ្យ​រង​របួស​បាក់​ឆ្អឹង ធ្វើ​ឲ្យ​នាង​ត្រូវ​សម្រាក​ព្យាបាល​ខ្លួន​អស់​រយៈ​ពេល​ជា​យូរ។ ខ្ញុំ​ក៏​នៅ​ចាំ​មើល​ថែ​នាង និង​ជា​មិត្ត​របស់​នាង​ជាប់​ជានិច្ច​នា​ពេល​នោះ ព្រោះ​អារម្មណ៍​ខុស​ឆ្គង​របស់​ខ្ញុំ​ចំពោះ​នាង​។ ខ្ញុំ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ត្រូវ​មក​រង​គ្រោះ​បែប​នេះ ហើយ​នេះ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​ផ្ដើម​មើល​នាង​ក្នុង​ផ្លូវ​ផ្សេង។ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​កាន់​តែ​ចូលចិត្ត​នាង រហូត​ទី​បំផុត​ក្រោយ​ពី​នាង​ជា​ស្រួលបួល​ ពួក​យើង​ទាំង​ពីរ​ក៏​សម្រេច​ចិត្ត​រាប់​អាន​គ្នា​ជា​សង្សារ។

សេពគប់​មើល​ចិត្ត​គ្នា​បាន​បី​ឆ្នាំ ខ្ញុំ​ក៏​សម្រេច​ចិត្ត​សុំ​នាង​រៀបការ ព្រោះ​នាង​គឺ​ជា​មនុស្ស​ស្រី​ដែល​មាន​ចរិត​ល្អ មាន​ទឹក​ចិត្ត​ ចាំ​មើល​ថែ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ខ្ញុំ និង​សក្ដិសម​ជា​ម្ដាយ​របស់​កូន​ខ្ញុំ។ នៅ​ពេល​មាន​អាយុ​កាន់​តែ​ច្រើន​ធ្វើ​ឲ្យ​ខ្ញុំ​លែង​ចាប់​អារម្មណ៍​លើ​លក្ខណៈ​រូបរាង​ខាង​ក្រៅ និង​ចាប់​ផ្ដើម​សម្លឹង​មើល​អ្នក​ដែល​មាន​ទឹក​ចិត្ត​ល្អ​ច្រើន​ជាង។ ប៉ុន្តែ​ពេល​ខ្ញុំ​ទៅ​ចែក​ធៀប​ដល់​មិត្តភ័ក្ដិ​ដែល​ធ្លាប់​រៀន​ជាមួយ​គ្នា ពួក​គេ​ម្នាក់​ៗ​ក៏​សម្ដែង​អារម្មណ៍​ភ្ញាក់ផ្អើល​ដែល​ខ្ញុំ​ជ្រើស​រើស​នាង​ជា​អនាគត​ភរិយា។ ភ្ញៀវ​ដែល​មក​ចូល​រួម​មង្គលការ​ខ្លះ​ក៏​លួច​សើច​ចំអក និយាយ​ខ្សឹបខ្សៀវ​មិន​ល្អ​ពី​នាង ធ្វើ​ឲ្យ​ខ្ញុំ​អាណិតប្រពន្ធ​ខ្លោច​ចិត្ត។

ក្រោយ​ពី​រៀបការ​ជាមួយ​គ្នា នាង​ក៏​ប្រាប់​ខ្ញុំ​ថា នាង​នឹង​ចាប់​ផ្ដើម​សម្រក​ទម្ងន់​ខ្លួន​ឯង នាង​មិន​ចង់​ឲ្យ​ខ្ញុំ​ត្រូវ​មក​ខ្មាស​គេ​ដោយ​សារ​បាន​នាង​ជា​ភរិយា​ឡើយ និង​ចង់​ឲ្យ​ខ្ញុំ​មាន​មោទនភាព​ពេល​ដើរ​ទៅ​ណា​មក​ណា​ជាមួយ​នាង។ នាង​ដាក់​ចិត្ត​ដាក់​កាយ​ខ្លាំង​មែន​ទែន​ដើម្បី​ស្រក​ទម្ងន់ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​បាន​ប្រាប់​ឲ្យ​នាង​ខំ​​សម្រក​អ្វី​ដែរ ផ្ទុយ​ទៅ​វិញ​មាន​តែ​បារម្ភ​ មិន​ចង់​ឲ្យ​នាង​ធ្វើ​បាប​ខ្លួន​ឯង​ខ្លាំង​ពេក។ នៅ​ទី​បំផុត​នាង​ក៏​ទទួល​បាន​ជោគជ័យ ទម្ងន់​របស់​នាង​ដែល​ធ្លាប់​ឡើង​ដល់​ជិត ៨០គីឡូ ក៏​ស្រក​មក​សល់​ត្រឹម ៥០គីឡូ​ប៉ុណ្ណោះ។ នាង​មើល​កាន់​តែ​ស្រស់​ស្អាត និង​ក្មេង​ជាង​មុន។ ពេល​នេះ​នាង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​កាន់​តែ​ច្រើន ហើយ​ក៏​មាន​ក្ដី​សុខ​កាន់​តែ​ច្រើន​ដូច​គ្នា។

ជីវិត​រៀបការ​ពួក​យើង​មាន​សុភមង្គល​ល្អ​ប្រសើរ ពួក​យើង​បើក​ហាង​កាត់​សក់​ជាមួយ​គ្នា មុខ​ជំនួញ​ដំណើរការ​ទៅ​ដោយ​រលូន រហូត​ដល់​ពេល​នេះ​យើង​ពង្រីក​សាខា​បាន​បី​កន្លែង​ហើយ។ ពេល​ខ្លះ​មិត្ត​ចាស់​ៗ​ដែល​ធ្លាប់​រៀន​ជាមួយ​គ្នា​ក៏​មក​កាត់​សក់​នៅ​ហាង​របស់​យើង ម្នាក់​ៗ​ក៏​ភ្ញាក់ផ្អើល​ដែល​ឃើញ​ប្រពន្ធ​ខ្ញុំ​ផ្លាស់​ប្ដូរ រហូត​ពេល​នេះ​អ្នក​គ្រប់​គ្នា​ដែល​ធ្លាប់​សើច​ចំអក​ឲ្យ​ខ្ញុំ​ ក៏​ក្លាយ​ទៅ​ជា​អ្នក​ច្រណែន​ខ្ញុំ​ទៅ​វិញ។ អ្វី​ដែល​ច្រណែន​មិន​មែន​ដោយ​សារ​នាង​កាន់​តែ​ស្គម​ ឬ​កាន់​តែ​ស្អាត​អី​ទេ តែ​គឺ​ដោយ​សារ​នាង​គឺ​ជា​ភរិយា​ដ៏​ល្អ ចេះ​ជួយ​ទុក្ខ​ធុរៈ​ប្ដី ចេះ​ជួយ​រក​ស៊ី ថែម​ទាំង​ជា​មនុស្ស​អត់​ធ្មត់ វាងវៃ​ពូកែ​ក្នុង​ការងារ​ទៀត រហូត​ធ្វើ​ឲ្យ​គ្រួសារ​របស់​យើង​រឹង​មាំ​ដូច​សព្វថ្ងៃ។

ក្ដី​ស្រឡាញ់​ដែល​ពិត​ប្រាកដ មិនមែន​មើល​ត្រឹម​តែ​សម្បក​ខាង​ក្រៅ​​ឃើញ​នោះ​ទេ ភាព​ស្រស់​ស្អាត​មិន​អាច​នៅ​ជាមួយ​យើង​បាន​យូរ​ឡើយ ពេល​យើង​កាន់​តែ​ចាស់ សម្រស់​នឹង​កាន់​តែ​បាត់បង់​ទៅ​តាម​ពេល​វេលា ប៉ុន្តែ​ភាព​ស្រស់​ស្អាត​ ទង្វើ​ល្អ​ចេញ​ពី​ចិត្ត​វា​នឹង​នៅ​ជាមួយ​យើង​បាន​រៀង​រហូតតទៅ ៕

Comments

comments