ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

ជីវិត និង ស្នេហា

តាំង​ពី​ខ្ញុំ​នៅ​ក្មេង​មក សង្គម​បាន​បង្រៀន​ខ្ញុំ​ថា កើត​មក​ជា​មនុស្ស​ស្រី តម្លៃ​របស់​ខ្ញុំ​គឺ​ស្ថិត​នៅ​លើ​ភាព​បរិសុទ្ធ ឬ​ព្រហ្មចារីយ៍​របស់​ខ្ញុំ (ឬ​ព្រហ្មចារីនី, according to my professor)​។ «មនុស្សស្រី តែ​អស់​ហ្ស៊ីន ឬ​អស់​ព្រហ្មចារីយ៍ ដឹង​តែ​ចប់​ហើយ»។ ឃ្លា​នេះ​ ខ្ញុំ​ធ្លាប់​បាន​លឺ​ច្រើន​លើក​ច្រើន​សា​ចេញ​ពី​មាត់​មនុស្ស​មិន​ថា ស្រី ឬ​ប្រុស​ទេ។ ​គេ​ថា​ មនុស្ស​ស្រី​ដែល​អស់​ព្រហ្មចារីយ៍​មុន​រៀប​ការ គឺ​ធ្វើ​ឲ្យ​អាប់​ឱន​កិត្តិយស​គ្រួសារ ខូច​ប្រពៃណី​វប្បធម៌ ហើយ​អ្នក​ខ្លះ​គឹ​ថា​មនុស្ស​ស្រី​នោះ​ជា​មនុស្ស​ «អាស់» ឬ «អស់​សាច់»។ សតវត្ស​ទី​២១​នេះ​ទៅ​ហើយ ទោះ​ជា​ប្រទេស​មួយ​ជឿន​លឿន​ប៉ុណ្ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន​ដែល​ឲ្យ​តម្លៃ​មនុស្ស​ស្រី​តាម​រយៈ​ព្រហ្មចារីយ៍​នេះ​ដែរ។

និយមន័យ​ទូទៅ​របស់​ពាក្យ «ព្រហ្មចារីយ៍» គឺ​ការ​ដែល​មិន​ធ្លាប់​រួម​ភេទ​ពី​មុន​មក (the state of never having had sexual intercourse)។ ប៉ុន្តែ​បើ​យើង​គិត​មក​វិញ «ការ​មិន​ធ្លាប់​រួម​ភេទ» តែ​អ្វី​ជា​ការ​មិន​ធ្លាប់​រួម​ភេទ? តើ​មនុស្ស​ស្រី​ដែល​ធ្លាប់​តែ​រួម​ភេទ​តាម​រន្ធ​គូទ​ អាច​ចាត់​ទុក​ថា​ជា​មនុស្ស​ស្រី​អស់​ព្រហ្មចារីយ៍​ដែរ​ឬ​ទេ? ចុះ​មនុស្ស​ស្រី​ដែល​រួម​ភេទ​ជាមួយ​នឹង​ដៃ​គូ​តាម​មាត់? ចុះ​បើ​ប្រើ​ម្រាម​ដៃ? ចុះ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ជំនួយ? អាច​ទៅ​រួច​ទេ ដែល​និយាយ​ថា​មនុស្ស​ស្រី​ម្នាក់​អស់​ព្រហ្មចារីយ៍​ជាមួយ​នឹង​លិង្គ​សប្បនិមិត្ត ឬ​ឧបករណ៍​ជំនួយ? អ្នក​ខ្លះ​ទៀត​និយាយ​ថា ទាល់​តែ​មនុស្ស​ប្រុស​ម្នាក់​ដាក់​ប្រដាប់​ភេទ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ប្រដាប់​ភេទ​របស់​មនុស្ស​ស្រី ទើប​មនុស្ស​ស្រី​នោះ​អស់​ព្រហ្មចារីយ៍។ ចុះ​មនុស្ស​ស្រី​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា? ​បើ​ពួក​គាត់​មិន​មាន​លិង្គ​ផង តើ​មាន​ន័យ​ថា​គាត់​នឹង​នៅ​តែ​មាន​ព្រហ្មចារីយ៍​មួយ​ជីវិត​របស់​គាត់​ឬ? ចុះ​មនុស្ស​ប្រុស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​វិញ? តែ​បើ​និយាយ​ចុះ​និយាយ​ឡើង​ទៅ អ្នក​ខ្លះ​គេ​ថា ព្រហ្មចារីភាព​របស់​មនុស្ស​ស្រី​គឺ​ត្រូវ​បាន​កំណត់​ដោយ​សន្ទះ​ព្រហ្មចារីយ៍។

បើ​និយាយ​ពី​សន្ទះ​ព្រហ្មចារីយ៍​វិញ មនុស្ស​ភាគ​ច្រើន​គឺ​មិន​ស្គាល់​ទេ ថា​វា​ជា​អ្វី​ឲ្យ​ប្រាកដ។ សន្ទះ​ព្រហ្មចារីយ៍ គឺ​ជា​សន្ទះ​ស្បែក​ស្តើង​មួយ ដែល​នៅ​ខាង​ក្នុង​ប្រដាប់​ភេទ​របស់​មនុស្ស​ស្រី គឺ​ប្រហែល​ជា​១​ទៅ​២​សង់ទីម៉ែត្រ​ពី​មាត់​ប្រដាប់​ភេទ។ សន្ទះ​ស្បែក​នេះ ចាប់​ផ្តើម​កកើត​ឡើង​បន្ទាប់​ពី​ប្រដាប់​ភេទ​ ក្នុង​កំឡុង​ពេល​ដែល​គភ៌​កំពុង​តែ​លូត​លាស់​ប្រដាប់​ភេទ គឺ​ពី​សប្តាហ៍​ទី​៣​ទៅ​ត្រី​មាស​ទី​ពីរ។ ស្ទើរ​តែ​មនុស្ស​ទាំង​អស់​ដែល​ខ្ញុំ​ធ្លាប់​ជួប គឺ​មិន​ដឹង​ទេ​ថា សន្ទះ​ព្រហ្មចារីយ៍​មិន​មែន​ជា​សន្ទះ​ស្បែក​មួយ​ដែល​គ្រប​ប្រដាប់​ភេទ​ជិត​ ដូច​ស្គរ​នោះ​ទេ។ សន្ទះ​ព្រហ្មចារីយ៍​ ជា​ធម្មតា​គឺ​មាន​ប្រហោង ដើម្បី​ឲ្យ​ឈាម​រដូវ​ហូរ​ចេញ​បាន។ បើ​មនុស្ស​ស្រី​មាន​សន្ទះ​ព្រហ្មចារីយ៍​ដែល​គ្រប​បិត​ជិត វា​ជា​បញ្ហា​សុខភាព​មួយ ដែល​គាត់​ត្រូវ​តែទៅ​ពេទ្យ​ដើម្បី​ពិនិត្យ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កក​ស្ទះ​ឈាម​រដូវ​របស់​គាត់។ សន្ទះ​នេះ​មាន​លក្ខណៈ​យឺត តែ​វា​ក៏​អាច​ដាច់​រលាត់​ក្នុង​ពេល​ហាត់​កីឡា ធ្វើ​ការ​ធ្ងន់ សម្រេច​ផ្លូវ​ភេទ​ដោយ​ខ្លួន​ឯង ឬ​រួម​ភេទ។

ខ្ញុំ​ធ្លាប់​ឃើញ​ក្នុង​រឿង ហើយ​ក៏​ធ្លាប់​លឺ​គេ​និយាយ​ថា​ ក្នុង​យប់​ផ្សំ​ដំណេក​ មនុស្ស​ប្រុស គាត់​ដាក់​កន្សែង​ស​មួយ​នៅ​ពី​ក្រោម​មនុស្ស​ស្រី​ពេល​ដែល​រួម​ភេទ។ បើ​ក្រោយ​ពេល​ដែល​រួម​ភេទ​ហើយ​ កន្សែង​នោះ​មាន​ឈាម មាន​ន័យ​ថា​មនុស្ស​ស្រី​ម្នាក់​នោះ​គឺ​ជា​មនុស្ស​ស្រី «បរិសុទ្ធ»។ ដូច​ខ្ញុំ​និយាយ​មិញ​អ៊ីចឹង សន្ទះ​ព្រហ្មចារីយ៍​អាច​ដាច់​រលាត់​គ្រប់​ពេល ហើយ​បើ​តាម​ការ​ស្រាវ​ជ្រាវ (Links below) មាន​មនុស្ស​តែ​៤៣%​តែ​ប៉ុណ្ណោះ​ដែល​ធ្លាក់​ឈាម​ក្រោយ​ការ​រួម​ភេទ​លើក​ទី​មួយ។ តើ​ហេតុ​អ្វី​បាន​ជា​ពួក​គាត់​ធ្លាក់​ឈាម បើ​សន្ទះ​ព្រហ្មចារីយ៍​មាន​ប្រហោង​ស្រាប់​ទៅ​ហើយ? វា​មក​ពី​ការ​រួម​ភេទ​នោះ​ផ្ទាល់។ ការ​រួម​ភេទ​ដែល​មិន​មាន​ទឹក​រំអិល​គ្រប់​គ្រាន់ ឬ​ខ្លាំង​ពេក អាច​បណ្តាល​ឲ្យ​សន្ទះ​នោះ​ដាច់​រលាត់ ដែល​នាំ​ឲ្យ​មនុស្ស​ស្រី​មាន​ការ​ឈឺ​ចាប់ ឬ​ហូរ​ឈាម។ អ៊ឹចឹង​បើ​អ្នក​រួមភេទ​ជាមួយ​នឹង​មនុស្ស​ស្រី ហើយ​គាត់​មាន​ចេញ​ឈាម នោះ​វា​មក​ពី​អ្នក​មិន​បាន​រួម​ភេទ​ឲ្យ​បាន​ត្រឹម​ត្រូវ។ It’s nothing to be proud of.

បើ​និយាយ​ពី​លក្ខណៈ​ជីវសាស្រ្ត​វិញ សន្ទះ​ព្រហ្មចារីយ៍​គឺ​សឹង​តែ​មិន​មាន​ប្រយោជន៍​អ្វី​ទាល់​តែ​សោះ។ មាន​ទ្រឹស្តី​មួយ​ចំនួន​បាន​លើក​ឡើង​ថា សន្ទះ​ព្រហ្មចារីយ៍​ប្រហែល​ជា​មាន​តួនាទី​ការពារ​កុំ​ឲ្យ​មេរោគ​ចូល​ទៅ​ក្នុង​ប្រដាប់​ភេទ​គភ៌ពេល​ដែល​នៅ​ក្នុង​ពោះ​ម្តាយ។ ប៉ុន្តែ​បើ​និយាយ​ពី​សង្គម​វិញ សន្ទះ​ស្បែក​មួយ​ដែល​សឹង​តែ​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ​នេះ បែរ​ជា​ត្រូវ​បាន​ឲ្យ​តម្លៃ​អាច​នឹង​ជាង​ជីវិត​របស់​មនុស្ស​ម្នាក់​ទៅ​ទៀត។ មាន​ករណី​ច្រើន​ណាស់ ដែល​មនុស្ស​ស្រី​ត្រូវ​បាន​គ្រួសារ​បោះ​បង់​ចោល​ ឬ​អ្នក​ភូមិ​សម្លាប់​ដោយ​សារ​តែ​គេ​គិត​ថា​នាង​អស់​ព្រហ្មចារីយ៍។ តែ​បើ​មនុស្ស​ស្រី​ដដែល​នោះ​ពិការ​ដៃ​ ឬបាត់​បង់​អវៈយីវៈ​ផ្សេង​ដែល​មាន​ប្រយោជន៍ ចាំ​បាច់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ តើ​ពួក​គេ​នឹង​ធ្វើ​បែប​នោះ​ដាក់​គាត់​ដែរ​ទេ? ហេតុ​អ្វី​បាន​ជា​មាន​ផ្នត់​គំនិត​នេះ​ឡើង? ហើយ​ហេតុ​អ្វី​បាន​ជា​វា​ពាក់​ព័ន្ធ​តែ​ជាមួយ​នឹង​មនុស្ស​ស្រី​ទៅ​វិញ?

គេ​ថា ប្រវត្តិ​សាស្រ្ត​គឺ​ត្រូវ​បាន​សរសេរ​ដោយ​មនុស្ស​ប្រុស។ ច្បាប់​ទម្លាប់​ដែល​យើង​មាន​សព្វ​ថ្ងៃ ភាគ​ច្រើន​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​ប្រុស។ បើ​និយាយ​ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ផ្នត់​គំនិត​នេះ​ឡើង យើង​ត្រូវ​ងាក​ទៅ​មើល​សម័យ​កាល​ពេល​ដែល​មនុស្ស​ចាប់​ផ្តើម​បង្កើត​ជា​សង្គម​ដំបូង។ បើ​តាម​សៀវភៅ​របស់ Hanne Blank, “Virgin: An Untouched History” នៅ​កំឡុង​ពី​ឆ្នាំ​៨៥០០​ទៅ​២៦០០​មុន​គ្រឹស្តសករាជ្យ (ដែល​គេ​ហៅ​ថា​សម័យ Neolithic Era) មនុស្ស​ចាប់​ផ្តើម​ចេះ​បែង​ចែក​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ដូច​ជា​ផ្ទះ​សម្បែង ​ក្រុម​គ្រួសារ ឬ​មនុស្ស​ស្រី​របស់​ពួក​គេ។ យើង​ដឹង​ហើយ​ថា តួនាទី​របស់​វត្ថុ​មាន​ជីវិត​ទាំង​អស់​នៅ​លើ​លោក (រាប់​បញ្ចូល​ទាំង​មនុស្ស​ផង​នោះ) គឺ​បង្តើត​កូន​ដើម្បី​ត​ពូជ។ អ្នក​វិទ្យាសាស្រ្ត​ចាត់​ទុក​មនុស្ស​ចូល​ទៅ​ជា “K-strategists” មាន​ន័យ​ថា​មនុស្ស​អាច​មាន​កូន​ចំនួន​តិច​ក្នុង​មួយ​ជីវិត ហើយ​ការ​មាន​កូន​នោះ​ គឺ​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន។ ហេតុ​នេះ​ហើយ មនុស្ស​ប្រុស​ត្រូវ​ប្រាកដ​ថា កូន​ដែល «មនុស្ស​ស្រី​របស់​គេ» បាន​បង្កើត​នោះ គឺ​ជា​កូន​របស់​គេ​មែន។

ដើម្បី​ធ្វើ​បែប​នេះ​បាន សង្គម​បាន​ចាប់​ផ្តើម​ដាក់​គំនាប​ដល់​ជីវិត​ផ្លូវ​ភេទ​មនុស្ស​ស្រី ដោយ​ប្តី ឬ​មនុស្ស​ប្រុស​របស់​នាង​ត្រូវ​តែ​ជា​មនុស្ស​ប្រុស​តែ​មួយ​គត់​ដែល​នាង​រួម​ភេទ​ជាមួយ។ តែ​ដើម្បី​ឲ្យ​មនុស្ស​ប្រុស​អាច​មាន​ឱកាស​បន្ត​ពូជ​បាន​ច្រើន សង្គម​បែរ​ជា​មើល​ឃើញ​ថា មនុស្ស​ប្រុស​ដែល​មាន​

ស្រី​ច្រើន ធ្លាប់​រួមភេទ​បាន​ច្រើន​ ថា​ជា​មនុស្ស​ប្រុស​ដែល​ពូកែ។ បើ​សត្វ​វិញ ឧទាហរណ៍​ពេល​ដែល​ខ្លា​ឈ្មោល​ធំ​ជាង​គេ​ក្នុង​ហ្វូង​បាន​ស្លាប់ (Alpha Male) នោះ​នឹង​មាន​ខ្លា​មួយ​ថ្មី​មក​ស្នង​តំណែង តែ​ខ្លា​ថ្មី​នោះ ភាគ​ច្រើន​នឹង​ទៅ​សម្លាប់​កូន​របស់​ខ្លា​ចាស់​ដែល​បាន​ស្លាប់ ព្រោះ​ខ្លា​ថ្មី​នោះ​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​កូន​របស់​វា​រីក​លូតលាស់​ដើម្បី​បន្ត​ពូជ​ទៅ​មុខ​ទៀត។

ប៉ុន្តែ​បើ​យើង​មើល​មក​វិញ ផ្នត់​គំនិត​បែប​នេះ​មិន​អាច​ប្រើ​ការ​បាន​ទៀត ព្រោះ​យើង​អាច​ធ្វើ​តែស្ត DNA ដើម្បី​មើល​ថា តើ​កូន​របស់​មនុស្ស​ស្រី​នោះ​ជា​កូន​របស់​អ្នក​ណា ហើយ​ពេល​ដែល​រួម​ភេទ យើង​ក៏​មាន​ស្រោម​អនាម័យ ឬ​វិធី​ផ្សេងៗ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ​ដែរ។ តែ​ទោះ​បែប​នេះ​ក៏​ដោយ ហេតុ​អ្វី​បាន​ជា​សង្គម​នៅ​តែ​បន្ត​ផ្នត់​គំនិត​បែប​នេះ? តើ​វា​នៅ​តែ​ជួយ​បន្ត​បម្រើ​ផល​ប្រយោជន៍​ដល់​យើង​យ៉ាង​ណា ក្រៅ​ពី​ដាក់​សម្ពាធ​ដល់​មនុស្ស​ស្រី? ច្បាប់​ចែង​ថា ស្រ្តី​មាន​សិទ្ធិ​ស្មើ​បុរស ប៉ុន្តែ​សង្គម​មិន​ថា​ដូច្នេះ​ទេ។ មនុស្ស​ស្រី​មិន​គួរ​ដើរ​ហើរ​ពេល​យប់ មិន​គួរ​មាន​សង្សារ មិន​គួរ​ផឹក​គ្រឿង​ស្រវឹង ឬ​មិន​គួរ​ស្និទ្ធិ​ស្នាល​នឹង​បុរស។ មូល​ហេតុ​គឺ​មក​ពី​គេ​ខ្លាច​ថា ស្រ្តី​នោះ​នឹង​ទៅ​រួម​ភេទ ហើយ «អត់​ក្រមុំ​ឲ្យ​ប្តី»។

មាន​ដែល​គិត​ទេ​ថា វប្បធម៌​នេះ​កំពុង​តែ​ឲ្យ​តម្លៃ​មនុស្ស​ស្រី​ស្មើ​នឹង​ទំនិញ? ទំនិញ​ដែល​ថ្លៃ ភាគ​ច្រើន​គឺ​ជា​ទំនិញ​ដែល «ថ្មី ទើប​នឹង​យក​ពី​ឃ្លាំង មិន​ទាន់​បាន​បើក» មែន​ទេ? ចុះ​មនុស្ស​វិញ​ស្រី? ទាល់​តែ​មនុស្ស​ស្រី​ដែល​មិន​ធ្លាប់​បាន​ថើប ប៉ះ ឬ​រូម​ភេទ​បាន​ជា​មនុស្ស​ស្រី​នោះ​មាន​តម្លៃ​ត្រូវ​ទេ? តើ​ខុស​អ្វី​ពី​ទំនិញ?

ការ​ធ្វើ​បែប​នេះ គឺ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​លែង​ឲ្យ​តម្លៃ​ដល់​ខ្លួន​ឯង តែ​បែរ​ជា​ពឹង​ផ្អែក​លើ​អ្នក​ដទៃដើម្បី​ឲ្យ​តម្លៃ​នាង​ទៅ​វិញ។ នាង​ចាប់​ផ្តើម​យល់​ថា ការ​រូម​ភេទ​ជា​រឿង​មួយ​ដែល​ខុស គួរ​ឲ្យ​ខ្មាស់​អៀន ឬ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​អាប់​ឱន​កិត្តិយស។ នេះ​ហើយ​បាន​ជា​មនុស្ស​ស្រី​ជា​ច្រើន​មិន​អាច​បង្ហាញ​ពី​អារម្មណ៍​ផ្លូវ​ភេទ ឬ​រីករាយ​សប្បាយ​នឹង​ការ​រួមភេទ​ដូច​មនុស្ស​ប្រុស។ នេះ​ហើយ​បាន​ជា​មនុស្ស​ស្រី​មួយ​ចំនួន​ធំ មិន​ដែល​បាន​ដល់​ចំណុច​កំពូល​ទាល់​តែ​សោះ​ពេល​ដែល​ពួក​គាត់​រួម​ភេទ ព្រោះ​គាត់​គិត​ថា​អ្វី​ដែល​គាត់​កំពុង​តែធ្វើ ជា​រឿង​មិន​ល្អ។ ស្រ្តី​ដែល​បាន​រួម​ភេទ​ជា​មួយ​នឹង​សង្សារ​របស់​គាត់​ ពេល​ដែល​សង្សារ​របស់​គាត់​បែក​ពី​គាត់ ស្រ្តី​មួយ​ចំនួន​ច្បាស់​ជា​គិត​ថា គាត់​បាន​បំផ្លាញ​អនាគត​របស់​គាត់ ហើយ​គាត់​លែង​មាន​តម្លៃ​ទៀត​ហើយ។ ស្រ្តី​ខ្លះ​ទៀត អាច​ដល់​ទៅ​សម្លាប់​ខ្លួន​ទៅ​ទៀត។ នេះ​គឺ​មក​ពី​ផ្នត់​គំនិត​ដែល​សង្គម​ដាក់​ឲ្យ។ សួរ​ថា ហេតុ​អ្វី​បាន​ជា​អស់​អនាគត? សន្ទះ​ព្រហ្មចារីយ៍​គាត់​ គឺ​នៅ​កន្លែង​ដដែល​ហ្នឹង​ គ្រាន់​តែ​យ៉ាង​ច្រើន​ដាច់​រលាត់​តិច​តួច​ទេ។ ប្រដាប់​ភេទ​គាត់​រីក​ធំ​ពេល​ដែល​គាត់​កំពុង​រួម​ភេទ តែ​ប្រដាប់​ភេទ​មនុស្ស​ស្រី​មាន​លក្ខណៈ​យឺត អ៊ីចឹង​វា​ក៏​អាច​រួម​មក​វិញ​ដែរ។ គាត់​នៅ​តែ​មាន​ខួរ​ក្បាល​ដែល​គាត់​នៅ​តែ​អាច​ប្រើ​បាន ហើយ​គាត់​ក៏​នៅ​តែ​មាន​អវៈយីវៈ​ដែល​អាច​ប្រើ​បាន ដូច​មុន​ពេល​រួម​ភេទ​ដែរ។

ពាក្យ​ថា «អស់​ព្រហ្មចារីយ៍» ហ្នឹង តើ​តាម​ពិត​គឺ​អស់​អ្វី? ហើយ​បើ​មនុស្ស​ស្រី​អស់​ព្រហ្មចារីយ៍​ពេល​រួម​ភេទ​លើក​ដំបូង ចុះ​មនុស្ស​ប្រុស? ​តើ​បើ​ក្នុង​កាលៈទេសៈ​ដូច​គ្នា តើ​សង្គម​នឹង​ដាក់​សម្ពាធ​មនុស្ស​ប្រុស ដូច​នឹង​មនុស្ស​ស្រី​ដែរ​ទេ? ដែល​លឺ​គេ​ថា កូន​ប្រុស​ម្នាក់​ហ្នឹង​ត្រូវ​ឪពុក​ម្តាយ​កាត់​កាល​ចោល​ដោយ​សារ​តែ «អស់​ព្រហ្មចារីយ៍» ដែរ​អត់? តើ​ហេតុ​អ្វី​បាន​ជា​ខុស​គ្នា? មូល​ហេតុ​គឺ «ព្រោះ​តែ​វា​អ៊ីចឹង» មែន? នេះ​ខ្ញុំ​មិន​ទាន់​និយាយ​ពី​ស្រ្តី​ដែល​ត្រូវ​បាន​គេ​រំលោភ​ផង។

ឧទាហរណ៍​ថា មនុស្ស​ស្រី​ម្នាក់ គាត់​អស់​ព្រហ្មចារីយ៍​មុន​ពេល​រៀបការ ប៉ុន្តែ​គាត់​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក។ តើ​ដោយ​សារ​តែ​សន្ទះ​ស្បែក​មួយ​នេះ អ្នក​នៅ​តែ​យល់​ថា​គាត់​អត់​មាន​តម្លៃ​ដែរ​មែន? តែ​បើ​គាត់​នៅ​ព្រហ្មចារីយ៍ តែ​គាត់​ទៅ​សម្លាប់ ឬ​ប្លន់​គេ តើ​គាត់​នៅ​ជា​មនុស្ស​មាន​កិត្តិយស​ឬ?

ក្នុង​នាម​ជា​មនុស្ស​ស្រី​ម្នាក់ ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​ជា​មនុស្ស មាន​ជីវិត។ ខ្ញុំ​ចេះ​សប្បាយ ខ្ញុំ​មាន​តម្រូវការ ខ្ញុំ​មាន​ចំណង់ ខ្ញុំ​មាន​អារម្មណ៍​ដូច​មនុស្ស​ប្រុស​ដែរ ហើយ​ខ្ញុំ​ក៏​អាច​ជួយ ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​សង្គម​ដែរ។ អ្វី​ដែល​ខ្ញុំ​ស្អប់​បំផុត គឺ​ពេល​ដែល​អ្នក​ដទៃ​មក​កំណត់​តម្លៃ​ឲ្យ​ខ្ញុំ ព្រោះ​វា​ជា​រាង​កាយ​របស់​ខ្ញុំ ប្រដាប់​ភេទ​របស់​ខ្ញុំ ព្រហ្មចារីយ៍​របស់​ខ្ញុំ ហើយ​មាន​តែ​ខ្ញុំ​ទេ ដែល​អាច​ឲ្យ​តម្លៃ​ខ្លួនឯង​បាន។ គេ​ថា​មនុស្ស​ស្រី​ប្រៀប​ដូច​កន្សែង​ស តែ​ចុះ​បើ​ខ្ញុំ​មិន​ចង់​ធ្វើ​ជា​កន្សែង​ស? ចុះ​បើ​ខ្ញុំ​ចង់​ធ្វើ​ជា​កន្សែង​ផ្កាឈូក ស្វាយ ឬ​ខ្មៅ​វិញ? ចុះ​បើ​ខ្ញុំ​ជា​កន្សែង​ស តែ​ពេល​ខ្ញុំ​ប្រឡាក់ ខ្ញុំ​យក​ទៅ​បោក​នឹង​សាប៊ូ Or bleach? សម្រាប់​មនុស្ស​ប្រុស​វិញ តើ​អ្នក​ស្រឡាញ់​គេ ឬ​ស្រឡាញ់​សន្ទះ​ស្បែក​មួយ​សន្ទះ​ហ្នឹង? ល្មម​ដល់​ពេល​យើង​គិត​ឡើង​វិញ​ហើយ តើ​តម្លៃ​របស់​យើង​គួរ​តែ​ស្ថិត​នៅ​លើ​យើង និង​សមត្ថភាព​របស់​យើង​ឬ​គ្រាន់​តែ​ផ្អែក​លើ​គំនាប​ដែល​សង្គម​បាន​ដាក់​មក​លើ​ជីវិត​ផ្លូវ​ភេទ​របស់​យើង៕

Comments

comments