គោលដៅជីវិតរបស់មនុស្សស្រីមិនមែនរៀបការ និងមានកូនទេ? តើជាអ្វី?

ជីវិត និង ស្នេហា

តាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​នៅ​ក្រោម​គំនាប​សង្គម​ដែល​តម្រូវ​ថា ខ្ញុំ​ត្រូវ​តែ​រៀប​ការ និង​មាន​កូន​នៅ​ពេល​ខ្ញុំ​ពេញ​វ័យ ជា​ពិសេស​ដោយ​សារ​ខ្ញុំ​ជា​ស្រី។ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ធំ​ ខ្ញុំ​ស្គាល់​ពី​ពិភព​ខាង​ក្រៅ ខ្ញុំ​ស្វែង​យល់​ពី​ខ្លួន​ឯង ខ្ញុំ​ក៏​ចាប់​ផ្តើម​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គោល​ដៅ​ជីវិត​របស់​ខ្ញុំ គឺ​ត្រូវ​រៀប​ការ និង​មាន​កូន?

គោល​គំនិត​នៃ​មង្គល​ការ គឺ​ចាប់​ផ្តើម​ឡើង​តាំង​ពី​រយៈ​ពេល​១​ម៉ឺន​ឆ្នាំ​មុន នៅ​ជំនាន់​សង្គម​កសិកម្ម (Sedentary Agriculture Society) ដោយ​មូលហេតុ​ពេល​នោះ គឺ​ដើម្បី​បង្កើត​កូន ស្នង​ត្រកូល និង​ទ្រព្យ​សម្បត្តិ។ ប៉ុន្តែ​យើង​ប្រហែល​ជា​ដឹង​ហើយ​ថា សង្គម​ឥឡូវ​នេះ មិន​មែន​ដូច​សង្គម​កាល​ពី​១​ម៉ឺន​ឆ្នាំ​មុន​ទេ។

កាល​ពី​ពេល​ខ្ញុំ​អាយុ​១២​ឆ្នាំ ខ្ញុំ​ធ្លាប់​ស្រមៃ​ថា ចង់​រៀប​ការ​នៅ​ពេល​អាយុ​២១​ឆ្នាំ។ ឥឡូវ​ខ្ញុំ​២១​ឆ្នាំ​ហើយ តែ​ខ្ញុំ​មិន​ដែល​គិត​ថា ចង់​រៀប​ការ​សូម្បី​តែ​បន្តិច។ គោល​ដៅ​ជីវិត​របស់​ខ្ញុំ​មិន​មែន​រៀបការ និង​មាន​កូន​ទេ។ គេ​ថា ស្រឡាញ់​គ្នា គោលដៅ​គឺ​ដើម្បី​បាន​ចូល​រោង​ការ។ ហេតុ​អ្វី​បាន​ជា​ត្រូវ​ដាក់​គោល​ដៅ? មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា ឲ្យ​តែ​បាន​នៅ​ជាមួយ​គ្នា គឺ​សប្បាយ​ចិត្ត​ហើយ។ ហេតុ​អ្វី​បាន​ជា​ត្រូវ​ការ​ក្រដាស​មួយ​សន្លឹក និង​ការ​ជប់​លៀង​មួយ ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​នោះ?

មនុស្ស​ស្រឡាញ់​គ្នា ជា​រឿង​របស់​មនុស្ស​ពីរ​នាក់​ទេ ហេតុ​អ្វី​បាន​ជា​ត្រូវ​ការ​ការ​ទទួល​ស្គាល់​ពី​មនុស្ស​មួយ​ពិភពលោក? ការ​ស្រឡាញ់​គ្នា មិន​ចាំ​បាច់​ប្រកាស​ឲ្យ​ពិភព​លោក​ដឹង ទើប​ហៅ​ថា​ការ​ស្រឡាញ់​គ្នា​ទេ។ ហើយ​ក៏​មិន​ចាំ​បាច់​ប្រកាស​ថា គេ​ជា​របស់​យើង​ឡើង ព្រោះ​ពេល​យើង​ស្រឡាញ់​មនុស្ស​ម្នាក់ មិន​មែន​មាន​ន័យ​ថា គេ​ជា​កម្ម​សិទ្ធិ​របស់​យើង​ទេ។ គេ​ជា​មនុស្ស​ម្នាក់ ហើយ​យើង​ជា​មនុស្ស​ម្នាក់​ផ្សេង​គ្នា។ គេ​និយាយ​ថា មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា ដូច​ជា​របស់​ពាក់​កណ្តាល​ចំនួន​ពីរ យក​មក​ផ្គុំ​ឲ្យ​ក្លាយ​ជា​របស់​ដែល​មាន​ចិត្ត​ដូច​គ្នា​មួយ​អ៊ីចឹង។ សួរ​ថា បើ​យើង​គ្រាន់​តែ​ជា​មនុស្ស​ពាក់​កណ្តាល ហើយ​ចាំ​មនុស្ស​ម្នាក់​ទៀត​មក​ផ្គុំ ចុះ​ពេល​ដែល​យើង​លែង​មាន​មនុស្ស​ម្នាក់​នោះ? តើ​យើង​នៅ​តែ​ពាក់​កណ្តាល​ទេ​ឬ? “Two healthy, joyful, whole people to make one healthy, joyful, whole relationship,” said the Huffington Post.

ចុះ​ពេល​បែក​គ្នា​វិញ? យើង​គួរ​តែ​ទទួល​ស្គាល់​ថា មនុស្ស​ដែល​ស្រឡាញ់​គ្នា គង់​តែ​មាន​ឱកាស​ថា​នឹង​បែក​គ្នា​ទេ។ បើ​អ្នក​ដែល​កំពុង​តែ​ស្រឡាញ់​គ្នា ឬ​ទើប​តែ​រៀបការ​ ហើយ​មក​និយាយ​ថា៖ «ពួក​ខ្ញុំ​នឹង​ស្រឡាញ់​គ្នា​រហូត​ មិន​បែក​គ្នា​ទេ»។ គឺ​កំពុង​តែ​កុហក​ខ្លួន​ឯង​ហើយ។ អ្នក​ដែល​រៀបការ ហើយ​លែង​លះ​គ្នា គេ​មិន​ដែល​គិត​ថា គេ​នឹង​លែង​លះ​ទេ​នៅ​ពេល​ដែល​គេ​ការ ទាល់​តែ​លែង​លះ​គ្នា​ បាន​គេ​ដឹង។

មិន​មែន​តែ​ខ្ញុំ​ទេ​ ដែល​មិន​ចង់​រៀបការ។ ក្នុង​បន្ទប់​ការិយាល័យ​ខ្ញុំ មាន​បុគ្គលិក​៦​នាក់ ហើយ​៤​នាក់​ក្នុង​ចំណោម​នោះ គឺ​មិន​គិត​ដល់​រឿង​រៀបការ ហើយ​ក៏​មិន​ចង់​បាន​កូន​ដែរ។ របាយការណ៍ Pew Research បាន​បញ្ជាក់​ថា ២៥​នៃ​មនុស្ស​ជំនាន់​នេះ នឹង​មិន​រៀបការ​ទាល់​តែ​សោះ។

បើ​និយាយ​ពី​ការ​មិន​ចង់​មាន​កូន​វិញ ចង់​ប្រាប់​ថា ខ្ញុំ​កើត​មក មិន​មែន​ដើម្បី​ធ្វើ​ជា​ម៉ាស៊ីន​បន្ត​ពូជ​ទេ។ ខ្ញុំ​មាន​មហិច្ឆតា មាន​ចំណង់ មាន​សុបិន្ត​ផ្ទាល់​ខ្លួន។ ខ្ញុំ​នៅ​មិន​ទាន់​បាន​រស់​ជីវិត​ខ្ញុំ​ឲ្យ​ពេញ​លេញ​ទេ។ ខ្ញុំ​ចង់​ដើរ​មើល​ពិភពលោក ខ្ញុំ​ចង់​ស្គាល់​អ្វី​ដែល​ថ្មី ខ្ញុំ​ចង់​សប្បាយ ខ្ញុំ​ចង់​កើត​ទុក្ខ ខ្ញុំ​ចង់​ស្រឡាញ់ ខ្ញុំ​ចង់​ស្គាល់​ការ​ឈឺ​ចាប់ ខ្ញុំ​ចង់​ធ្វើ​កំហុស។ មនុស្ស​យើង​រៀន​ពី​កំហុស ច្រើន​ជា​រៀន​ពី​អ្វី​ដែល​យើង​ជោគជ័យ។ ពេល​ដែល​ខ្ញុំ​ធ្វើ​ខុស ឈឺ​ចាប់ ទើប​ខ្ញុំ​អាច​ស្វែង​យល់​ពី​ខ្លួន​ឯង​បាន។
អ្នក​ខ្លះ​គិត​ថា អ្នក​ដែល​មិន​ចង់​បាន​កូន គឺ​ជា​មនុស្ស​អាត្មានិយម។ ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​អាត្មានិយម ប៉ុន្តែ​អ្នក​ណា​ក៏​អាត្មានិយម​ដែរ។ មិន​មែន​ជា​រឿង​អ្វី​ដែល​ខុស​ទេ។ តើ​មាន​ដែល​គិត​ទេ​ថា ការ​មាន​កូន គឺ​ជា​ទំនួល​ខុស​ត្រូវ​មួយ​ដែល​ធំ​ណាស់។ នេះ​គឺ​ទំនួល​ខុស​ត្រូវ​លើ​មនុស្ស​ម្នាក់​ដែល​មាន​ជីវិត​ដូច​យើង​ដែរ។ កូន​ទាម​ទារ​ការ​លះ​បង់​ច្រើន​ណាស់។ មនុស្ស​ស្រី​ដែល​មាន​កូន​ គឺ​ទទួល​បាន​ប្រាក់​ចំណូល​តិច​ជាង​មុន​៤% ហើយ​អ្នក​ខ្លះ​ត្រូវ​ឈប់​ធ្វើ​ការ​ទៀត​ដើម្បី​មើល​កូន។ ពេល​ដែល​មាន​កូន ចង់​ទៅ​ដើរ​លេង​នៅ​កន្លែង​ណា​ក៏​ពិបាក​ដែរ ត្រូវ​រក​អ្នក​មើល ឬ​យក​កូន​ទៅ​តាម។

មាន​ពេល​មួយ ខ្ញុំ​ទៅ​មន្ទីរពេទ្យ​ស្រ្តី​នៅ​ភ្នំពេញ ហើយ​អ្នក​គ្រូពេទ្យ​នោះ បាន​សួរ​ខ្ញុំ​ថា ​តើ​ពេល​ណា​ខ្ញុំ​ប្រុង​រៀបការ ហើយ​ពេល​ណា​ចង់​បាន​កូន។ ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​អត់​ចង់​ការ ហើយ​ក៏​អត់​ចង់​បាន​កូន​ដែរ។ គាត់​មើល​មក​ខ្ញុំ ដូច​ខ្ញុំ​មនុស្ស​មក​ពី​ពិភព​ផ្សេង​អ៊ីចឹង។ គាត់​សួរ​ថា បើ​មិន​មាន​កូន ថ្ងៃ​ក្រោយ​មាន​អ្នក​ណា​ចិញ្ចឹម មាន​អ្នក​ណា​មើល?

សួរ​វិញ​ថា តើ​មាន​កូន​ដោយ​សារ​មូល​ហេតុ​អ្វី? ដោយ​សារ​តែ​ចង់​មាន​កូន ស្រឡាញ់​កូន ឬ​ដោយ​សារ​សង្គម ឬ​ចង់​មាន​អ្នក​ចិញ្ចឹម​នៅ​ថ្ងៃ​ក្រោយ? កូន​មិន​មែន​ជា​ការ​វិនិយោគ​ទេ។ បើ​ចង់​ឲ្យ​មាន​លុយ​ទុក​ថ្ងៃ​ក្រោយ អាច​សន្សំ​លុយ​ទុក ឬ​វិនិយោគ​លើ​ភាគ​ហ៊ុន ឬ​ជំនួញ​អ្វី​ទៅ កុំ​ទៅ​មាន​កូន​ឲ្យ​តែ​ពិបាក។ ពេល​ចាស់​ទៅ គួរ​តែ​មាន​មិត្តភក្តិ និង​គ្រួសារ​ដែល​គេ​អាច​ជួយ​មើល​ថែ​បាន​ហើយ។ ពេល​ដែល​រំពឹង​ថា​ ឲ្យ​កូន​អ្នក​មើល​ថែ តើ​កូន​នោះ​នៅ​ជាមួយ​យើង​២៤​ម៉ោង​ឬ? វា​ក៏​មាន​ជីវិត​របស់​វា​ដែរ ត្រូវ​អត់? បង្កើត​កូន ឬ​បង្កើត​អ្នក​បម្រើ?

សម្រាប់​អ្នក​ដែល​និយាយ​ថា ខ្ញុំ​ថ្ងៃ​ក្រោយ​នឹង​លែង​គិត​អ៊ីចឹង។ ហេតុ​អ្វី​បាន​ជា​ដឹង​ចិត្ត​ខ្ញុំ​ម៉្លេះ? ចេះ​ទាយ​ទៀត ថា​ខ្ញុំ​នឹង​ប្តូរ​ចិត្ត។ បើ​អ្នក​និយាយ​ថា អត់​ចូល​ចិត្ត​ញ៉ាំ​ម្រះ​ទេ តែ​ខ្ញុំ​និយាយ​ថា ថ្ងៃ​ក្រោយ គង់​តែ​ដូរ​ចិត្ត​ទេ។ សម​អត់? ហើយ​គេ​និយាយ​ថា ពេល​មាន​កូន ច្បាស់​ជា​ស្រឡាញ់​ហើយ។ បើ​ខ្ញុំ​អត់​ចង់​បាន​កូន​ផង ហើយ​ទៅ​កើត​កូន​មក​ធ្វើ​អ្វី? ចុះ​បើ​កើត​ហើយ ខ្ញុំ​នៅ​តែ​អត់​ស្រឡាញ់ អត់​ចង់​បាន ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ម៉េច? ទ្រាំ​ចិញ្ចឹម? ឲ្យ​ទៅ​គេ? ពេល​ហ្នឹង​ ច្បាស់​ជា​ខ្ញុំ​អ្នក​ខុស​ទៀត​ហើយ ត្រូវ​អត់?

កូន​ក្មេង​រញ៉េរញ៉ៃ​ណាស់។ អ្នក​ខ្លះ​និយាយ​ថា៖ «ពី​មុន ក្រែង​ធ្លាប់​ជា​ក្មេង​ដែរ​ ត្រូវ​អត់»? ហើយ​ពេល​ហ្នឹង ខ្ញុំ​មាន​ជម្រើស​អត់? ខ្ញុំ​មាន​ជ្រើស​ថា ធ្វើ​ជា​កូន​ក្មេង ឬ​ធ្វើ​ជា​មនុស្ស​ធំ​អត់? ហើយ​ខ្ញុំ​មាន​ជ្រើស​ថា ខ្ញុំ​នឹង​កើត​មក​អត់? ខ្ញុំ​អរគុណ​ម៉ាក់​ខ្ញុំ​ហើយ​ដែល​បង្កើត​ខ្ញុំ ប៉ុន្តែ​ពេល​នោះ វា​ជា​ជម្រើស​របស់​គាត់ មិន​មែន​ជា​ជម្រើស​ខ្ញុំ​ទេ។

ខ្ញុំ​ស្គាល់​ខ្លួន​ឯង ខ្ញុំ​មិន​ដែល​ស្រឡាញ់ ចូល​ចិត្ត​ក្មេង​ទេ។ ចិញ្ចឹម​មនុស្ស​ម្នាក់​ត្រូវ​ចំណាយ​លុយ​អស់​ច្រើន​ណាស់។ ខ្ញុំ​ដឹង​ខ្លួន​ឯង ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ស្រឡាញ់​សត្វ​ជាង។ ខ្ញុំ​មាន​ឆ្កែ ឆ្មា​ខ្ញុំ​ដូច​កូន​អ៊ីចឹង។ ខុស​ត្រង់​ណា? ពិភពលោក​មាន​មនុស្ស​ជាង​៧​កោដិ​នាក់​ហើយ។ ខ្ញុំ​អត់​កូន ក៏​មិន​ផុត​ពូជ​ដែរ។ ប្រហែល​ជា​១០ ២០​ឆ្នាំ​ទៀត​ ខ្ញុំ​អាច​គិត​ថា​នឹង​ប្តូរ​ចិត្ត ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ចង់​បាន​ទេ។

ចំពោះ​មនុស្ស​ស្រី (ឬ​មនុស្ស​ប្រុស) ដែល​មិន​ចង់​រៀបការ ឬ​មិន​ចង់​បាន​កូន ខ្ញុំ​ចង់​ប្រាប់​ថា វា​មិន​ខុស​អ្វី​ទេ ប៉ុន្តែ​ត្រូវ​ចាំ​ថា វា​មិន​ចាំ​បាច់​ត្រូវ​តែ​ជា​គោលដៅ​ធំ​បំផុត​ទេ។ អាត្មានិយម គឺ​នៅ​ពេល​ដែល​យើង​រៀបការ និង​បង្កើត​កូន​ដោយ​បង្ខំ ដើម្បី​តែ​បំពេញ​មុខ​មាត់ ឬ​ចង់​សុខ​ស្រួល​នៅ​ថ្ងៃ​ក្រោយ។ ចង់​បាន​កូន​មិន​ខុស​ទេ តែ​មិន​ចង់​បាន ក៏​មិន​ខុស​ដែរ។ សង្គម​រីក​ចម្រើន​ហើយ មនុស្ស​ក៏​មាន​ជម្រើស​ដែរ។ ជីវិត​យើង​នៅ​វែង​ឆ្ងាយ​ណាស់ (If you don’t die tomorrow) ហើយ​មាន​កន្លែង​ច្រើន​ណាស់​ដែល​មិន​ទាន់​បាន​ទៅ មាន​រឿង​ច្រើន​ណាស់​ដែល​មិន​ទាន់​បាន​ធ្វើ មាន​សមុទ្រ​ច្រើន​ណាស់​ដែល​មិន​ទាន់​បាន​ហែល។

ប្រភព៖ A Dose of Cath

Comments

comments