ចង់ដឹងអត់ថាស្រី គិតអ្វីមុនគេពេលឃើញប្រុសៗ​ដំបូង

ជីវិត និង ស្នេហា

អ្វី​ខ្លះ​ទៅ​ដែល​នាង​លួច​គិត នៅពេល​នារី​ម្នាក់​ជួប​បុរស​អាយុ​ស្របាល​ម្នាក់ ​ហើយ​ដែល​នាង​យល់​ថា​ល្មម​អាច​អោយ​នាង​ចាប់អារម្មណ៍​នោះ​?

១. សមត្ថភាព
សមត្ថភាព​គឺ​ឈរ​នៅ​បន្ទាត់​ទី​មួយ។ ​បើ​អ្នកមាន​សមត្ថភាព​ពីរ​ដែល​គេ​កំពុង​ពេញ​និយម​បំផុត​នា​ពេល​បច្ចុប្បន្ន គឺ ​IT និង​អង់គ្លេស​ អ្នក​នឹង​ឆ្លងកាត់​ដំណាក់កាល​នេះ។ បើ​នាង​មិន​សូវ​មាន​ចំណេះដឹង​ពីរ​នេះ​ផង គឺ​អ្នក​បាន​១០​ពិន្ទុ​ដោយ​ស្វ័យប្រវត្តិ​។

២. បុគ្គលិក​លក្ខណៈ
គ្មាន​អ្នក​ណា​អាច​ស្វែង​យល់​ពី​​បុគ្គលិក​លក្ខណៈ​មនុស្ស​បាន​ងាយៗ​ដោយ​​ត្រឹមតែ​បាន​ជួប​គ្នា​ម្តង​ពីរ​ដង​នោះ​ទេ ​ប៉ុន្តែ​ស្រីៗ​គេ​តែងតែ​ជឿ​ថា​ខ្លួន​គេ​អស្ចារ្យ​ណាស់ គឺ​គេ​យល់​ថា​គេ​អាច​មើល​មនុស្ស​ធ្លុះ​តាំង​ពី​ជួប​និយាយ​គ្នា​ដំបូង។​ ទុក​ឲ្យ​គេ​ដើរ​តួ​ជា​ទស្សនវិទូ​ទៀត​ចុះ ​ហើយ​ត្រូវ​ចាំ​ថា​ភាព​រហ័សរហួន​ ឧស្សាហ៍​ព្យាយាម​ ដាក់​ខ្លួន​ ចិត្ត​ធ្ងន់​ ​មិន​អំនួត ការ​ចែក​រំលែក ទាំង​នេះ​គឺ​ជា​អាវុធ​ដ៏​មុត​ស្រួច​អាច​បុក​បំបែក​រនាំង​ទី​ពីរ ឆ្ពោះ​ទៅ​កាន់​បេះដូង​នាង​។

៣. ស្នាម​ញញឹម
បុរស​ខ្លះ​ខំ​រក្សា​ទឹក​មុខ​ស្មើៗ​ខ្លាច​ស្រី​ដឹង​ចិត្ត ប៉ុន្តែ​ជឿ​ចុះ​មាន​តែ​ស្នាម​ញញឹម​ស្រស់​ស្រាយ​ទេ​ដែល​ធ្វើ​ឲ្យ​នាង​ដេក​នឹក​អ្នក​នៅ​យប់​បន្ទាប់។ បើ​លោ​តែ​អ្នក​មាន​ថ្ពាល់​ខួច​ទៀត កុំ​ភ្លេច​បង្អួត​នាង​ឲ្យ​បាន​ច្រើន​ដង​ណា៎! ស្រីៗ​ចងចាំ​ចំណុច​ពិសេស​ទាំង​នេះ​នៅ​លើ​ផ្ទៃ​មុខ​បុរស​ច្បាស់​ដូច​ថ្ងៃ ហើយ​នាង​អាច​នឹង​ប៉ង​ប្រាថ្នា​ចង់​អង្អែល​ស្នាម​ខួច​របស់​អ្នក​។ ដូច្នេះ​ញញឹម​ឲ្យ​បាន​ច្រើន។

៤. តណ្ហា​ និង រាងកាយ
ឆ្នាំ​២០១៤​ហើយ​ណ៎ា! បើ​គិត​ថា​ចង់​បាន​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​គិត​ពី​រឿង​លើ​គ្រែ ទាល់​តែ​ទៅ​រក​នៅ​ស្រុក​ភ្នំ។ ប្រាកដ​ណាស់​ថា ស្រីៗ​មិន​ខុស​ពី​បុរស​ទេ នាង​លួច​មើល​ទៅ​រក​ចំណុច​សំខាន់​ៗ​នៃ​ រាង​កាយ​អ្នក​ដូច​គ្នា ហើយ​គិត​ភ្លាមៗ​ថា​​អ្នក​អាច​ជា​បុរស​ពិត​នៅ​លើ​គ្រែ​ ឬ​គ្រាន់​តែ​ជា​ចេក​មួយ​ផ្លែ​ដូច​ពួក ​K-pop មួយចំនួន​? ចង្កេះ​អ្នក ត្រគាក​អ្នក និង​ប្រអប់​ដៃ​អ្នក ​ជា​កន្លែង​ដែល​នាង​មើល​មុន​គេ។

៥. ស្រីៗ​នៅ​ជុំវិញ​អ្នក
បើ​គេ​ពេញ​ចិត្ត​អ្នក​មែន​ទែន​ហើយ គេ​នឹង​គិត​ដល់​ចំណុច​ទី​៥​នេះ​។ តើ​ស្រី​ណា​ទៅ​ដែល​បាន​អ្នក​ឱប​ក្នុង​រង្វង់​ដៃ។ គេ​ស្រមៃ​ដល់​សង្សារ​អ្នក​ ឬ​ប្រពន្ធ​របស់​អ្នក​ ហើយ​គេ​ចាប់ផ្តើម​ច្រណែន​សូម្បី​តែ​មិន​ដែល​ឃើញ​នារី​នោះ។ បើ​គេ​ជា​ស្រី​ដែល​មាន​ជំនឿ​ចិត្ត​ខ្ពស់​ គេ​នៅ​តែ​មាន​គំនិត​ថា​អ្នក​ណា​ក៏​មិន​អាច​ទាក់​ទាញ​ចិត្ត​អ្នក​ដូច​ខ្លួន​គេ​ដែរ ​ដូច្នេះ​គេ​បើក​ចិត្ត​ទទួល​ស្គាល់​ថា​អ្នក​កំពុង​មាន​អ្នកណា​ម្នាក់ ​តែ​គេ​នៅ​តែ​ជឿ​ថា​គេ​អាច​យក​ឈ្នះ​បាន​។ ទោះ​យ៉ាង​ណា​ ស្រីៗ​ជៀស​មិន​រួច​ពី​ខ្វល់​គិត​ពី​ស្រីៗ​នៅ​ក្បែរ​អ្នក​ទេ​។ គេ​សួរ​នូវ​សំណួរ​ជាច្រើន​សម្រាប់​ខ្លួន​ឯង​ថា​ អ្នក​ចូលចិត្ត​ស្រី​របៀបណា?​ សិច​ស៊ី ឬ​សុភាព​ សក់​វែង​សក់​ខ្លី​ ស្បែក​ស​ ឬ​ស្រអែម​ ។ល។

៦. តើ​អ្នក​ស្រលាញ់​នាង​ដែរ​អត់?
នេះ​ជា​អ្វី​ដែល​នាង​គិត​នៅ​ចុង​ក្រោយ​បង្អស់។ វា​ជា​វិញ្ញាសា​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​បាន​ពិន្ទុ​៥០​ទៀត​បង្គ្រប់​ពី​លើ​ចំណុច​ទាំង​៥​ខាង​លើ​ដែល​បាន​ត្រឹម​១០​ពិន្ទុ​ ៥​ដង​នោះ។

ការ​ដែល​ធ្វើ​ឲ្យ​ស្រី​ម្នាក់​យល់​ថា​អ្នក​ស្រលាញ់​គេ​ មិន​មែន​ងាយ​ស្រួល​ទេ ​តែ​ក៏​មិន​ពិបាក​ពេក​ដែរ។ ស្រី​ៗ​តែង​គិត​ច្រើន​ បើ​អ្នក​បាត់​មុខ ​គេ​យល់​ថា​អ្នក​មិន​ខ្វល់​នឹង​គេ ​តែ​បើ​អ្នក​បង្ហាញ​មុខ​ គេ​យល់​ថា​អ្នក​គ្មាន​បាន​ការ ​គ្មាន​ការ​ធ្វើ​​។

នាង​តែ​សួរ​ខ្លួន​ឯង​ថា អ្នក​នឹក​នាង​ខ្លាំង​ដូច​នាង​កំពុង​នឹក​អ្នក​ដែរ​អត់?​ បើ​អ្នក​នឹក​នាង​ខ្លាំង​ដែរ​ ម៉េច​ក៏​ទៅ​លេង​កីឡា​កើត? ពេល​ខ្លះ​អ្នក​ត្រូវ​នាង​យក​ទៅ​ប្រដូច​នឹង​តួ​សង់ទីម៉ង់​ក្នុង​កុន​ ហើយ​នាង​ខឹង​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​ដូច​តួ​ប្រុស​នោះ។

Comments

comments