រុក្ខ​ជាតិ​ជា​ឱសថ​ខ្មែរ ១០​មុខ ប្រើ​ប្រាស់​តាំង​ពីបុរាណ រហូត​ដល់​បច្ចុប្បន្ន

ឱសថ​បុរាណ​ធម្មជាតិ

យើង​អាច​និយាយ​បាន​ថា រុក្ខ​ជាតិ​ជា​ឱសថ​បុរាណ​១០មុខ មាន​គុណ​សម្បត្តិ​មិន​ចាញ់​ឱសថ​ទំនើប ដែល​ផលិត​តាម​បច្ចេក​វិជ្ជា​សម័យ​ថ្មី​នោះ​ទេ ព្រោះ​បើ​កាន់​តែ​ស្រាវ​ជ្រាវ និង​ពិសោធ​កាន់​តែ​ច្រើន​ប៉ុន​ណា គឺ​កាន់​តែ​រក​ឃើញ​ថា រុក្ខ​ជាតិ​ជា​ឱសថ ដែល​មាន​តាំង​ពី​បរម​បុរាណ​នៅ​ក្នុង​ស្រុក​យើង​នេះ គឺជា​ថ្នាំ​ពហុ​ប្រយោជន៍ ប្រើ​សម្រាប់​ព្យាបាល​រោគ​ជំនួយ​សុខ​ភាព ថែម​ទាំង​អាច​ប្រើ ដើម្បី​បង្កើន​សម្រស់​បាន​យ៉ាង​ល្អ​ផង​ដែរ។

រុក្ខ​ជាតិ​ជា​ឱសថខ្មែរ ១០​មុខ ដែល​ពេញ​និយម​ប្រើ​ប្រាស់​តាំង​ពី​បុរាណ​មក​ដល់​បច្ចុប្បន្ន រួម​មាន៖

១.រមៀត អាច​ប្រើ​ជំនួស​ថ្នាំដើម្បី​សម្រាល​អាការ​ផ្សេងៗ ដូច​ជាប្រើ​សម្រាប់​ព្យាបាល អាការ​ហើម​ពោះ​ចុក​សៀត អាហារ​មិន​រំលាយ ប្រើ​សម្រាប់​កាត់​បន្ថយ អាស៊ីដ បណ្តេញ​ខ្យល់ ព្យាបាល​អាការ​ចុក​ពោះ ព្យាបាល​ការ​តឹង​សាច់​ដុំ ធ្វើឱ្យ​ការ​បណ្តឹង​នៃ​ពោះវៀន​ថយ​ចុះ ប្រើ​ធ្វើ​ជា​ថ្នាំ​ជួយឱ្យ​ទទួល​ទាន​អាហារ​បាន​ច្រើន បណ្តេញ​ទឹក​លឿង និង​ប្រើ​ព្យាបាល​អាការ ប្រចាំ​ខែ​មិន​ប្រក្រតី ។ មានស្ត្រីខ្លះបាន យករមៀតមកខាត់ស្បែក ដើម្បីឱ្យមើលឃើញលឿងម៉ដ្ឋខៃភ្លឺផ្លេកផងដែរ។

២.ខ្ញី ក្រៅពី​ប្រេងខ្ញី មាន​សារ​ធាតុ ដែល​បញ្ចោញ​ប្រតិកម្ម​រំញោច​ដល់​ការ​ច្របាច់​នៃ​ក្រពះ​អាហារ និង ពោះវៀន​ហើយ​នោះ គេក៏​និយម​យក​គល់​ខ្ញី ប្រើ​ជំនួស​ថ្នាំ ដើម្បី​បណ្តេញ​ខ្យល់ ព្យាបាល​ការ​ហើម​ពោះ ចុក​សៀត ចុក​ពោះ ហើយ​បើ​ប្រើ​គល់​ស្រស់ បុក​ពូត​យក​ទឹក លាយ​ជា​មួយ​ទឹក​ក្រូច​ឆ្មារ ថែម​អំបិល​តិច​តួច ផឹក​បំបាត់​ក្អក និង​ស្លេស្ម៍។ រីឯ​ស្លឹកខ្ញី​មាន​គុណ​សម្បត្តិ ព្យាបាល​រោគ​គ្រាំ ព្យាបាល​ប្រមេះ ព្យាបាល​នោម​ទាស់ និង​ប្រើ​សម្រាប់​សម្លាប់​ព្រូន។

៣.រំដេង គល់​របស់​រំដេង​សម្បូរ​ទៅ​ដោយ​ប្រេង ដែល​មាន​ឫទ្ធិ​ទប់​ទល់ និង​រោគ​ផ្សិត​ផ្សេងៗ រួម​ទាំង​មាន​ឫទ្ធិ ជួយ​បណ្តេញ​ខ្យល់ និង​ទប់​ស្កាត់​មេ​រោគ​បាក់​តេរី។ យក​គល់​រំដេង ប្រើ​ជំនួស​ថ្នាំ បណ្តេញ​ខ្យល់ ព្យាបាល​ជំងឺ​ហើម​ពោះ សម្រាល​ការ​រមួល​ពោះ ចង់​ក្អួត ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​សើ​ស្បែក ស្រែង ភ្លឺ ព្យាបាល​ខ្យល់​ពិស។ ក្រៅពី​នេះ​ក៏អាច​ប្រើធ្វើ​ជា​គ្រឿង​ទេស ជួយ​បំបាត់​ក្លិន​ឆ្អាប របស់​សាច់​សត្វ​ផ្សេងៗ​បាន​ទៀត​ផង។

៤.ស្លឹកគ្រៃ ជួយ​បន្ថែម​អំបិល​ខនិជ ដែល​ចាំបាច់​សម្រាប់​រាង​កាយ​ជា​ច្រើន​ប្រភេទ​ដូចជា កាល់​ស្យូម ហ្វូស​ហ្វ័រ ដែក វីតាមីន​អ៊ី។ រីឯ​ដើម​របស់​វា​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ហើម​ពោះ​ចុក​សៀត បណ្តេញ​ខ្យល់​ជួយ​ឱ្យ​ទទួល​ទាន​អាហារ​បាន​ល្អ ព្យាបាល​ការ​ឈឺ​ក្រពះ ព្យាបាល​ការ​រាក​រូស សម្រាល​បញ្ហា​រដូវ មក​មិន​ប្រក្រតី។ អ្វី​ដែល​សំខាន់​នោះ គឺក្រៅ​ពី​ប្រយោជន៍​ដ៏ច្រើន​នេះ ស្លឹក​គ្រៃ​ក៏​ជា​រុក្ខ​ជាតិ ដែល​ងាយ​ស្រួល​ដាំ និង​រក្សា​ទុក​បាន​យូរ។

៥.អង្កាញ់ ក្រៅពី​យក​ទៅ​ស្ល​ហើយ​នោះ ស្លឹក និង​ផ្កា​របស់​ដើម​អង្កាញ់ មាន​គុណ​ប្រយោជន៍ ជួយ​ព្យាបាល​ជំងឺ​សរសៃ​ប្រសាទ ធ្វើឱ្យ​ដេក​លក់​ស្រួល និង​ប្រើព្យាបាល​អង្កែ ជួយ​បញ្ចុះ​ព្រូន ព្យាបាល​ការ​ទល់​លាមក ព្យាបាល​ជំងឺ​ស្ពឹក សម្ពាធ​ឈាម​ខ្ពស់។

៦.ក្រូចសើច ជា​រុក្ខ​ជាតិ នៅក្នុង​អម្បូរ​ក្រូច ដែល​មាន​ឈ្មោះ​ល្បី​យូរ​មក​ហើយ ដោយ​សម្បក​ស្រស់ និង​ផ្លែស្ងួត​របស់​ក្រូច​សើច មាន​គុណ​សម្បត្តិ ព្យាបាល​ការ​កើត​ខ្យល់ ងងឹត​មុខ វិល​មុខ ជំនួយ​បេះដូង បណ្តេញ​ខ្យល់ និង​ព្យាបាល​បញ្ហា​រដូវ។ រីឯ​ផ្លែ​របស់​វា មាន​គុណ​សម្បត្តិ ជា​ថ្នាំ​បំបាត់​ស្លេស្ម៍ ព្យាបាល​ក្អក ជួយ​លាង​ឈាម។ ចំណែក​ឯស្លឹក ប្រើ​សម្រាប់​ព្យាបាល​ក្អក ព្យាបាល​គ្រាំ​ក្នុង និង​យក​ទៅ​ធ្វើ​ជា​គ្រឿង​ផ្សំ សម្រាប់​ធ្វើ​ម្ហូប ដើម្បី​បំបាត់​ក្លិន​ឆ្អាប។ ចំពោះ​ស្ត្រី​ដែល​មាន​បញ្ហា​សក់​មិន​ខ្មៅ​ក្រាស់ និង​មាន​អង្កែ គួរ​សាក​ល្បង​យក​ក្រូច​សើច​កក់​សក់​មើល ព្រោះ​ឃើញ​ថា ប្រើ​បាន​ផល​តែ​ម្តង។

៧.ម្រះព្រៅ គួរតែ​ដាំ​ទុក​នៅ​តាម​ផ្ទះ ព្រោះ​ក្រៅ​ពី​យក​ទៅ​ដាំ​ស្ល​បាន​ហើយ​នោះ វាក៏​អាច​ប្រើ​សម្រាប់ ជា​ប្រយោជន៍​បាន​ច្រើន​មុខ​ទៀត ដូចជា ព្យាបាល​អាការ​រមួល​ពោះ ក្អួត ចុក​សៀត ហើម​ពោះ ព្យាបាល​ឫស ភ្លឺស្រែង ទប់​ទល់​មេ​រោគ​ផ្សិត និង​ធ្វើឱ្យ​ស្ត្រីមាន​ទឹក​ដោះ​ក្រោយ​ពី​សម្រាល​កូន​រួច។

៨.ប្រទាល​កន្ទុយ​ក្រពើ ផ្នែក​ដែល​ជា​សា​រ៉ាយ នៃ​ប្រទាល​កន្ទុយ​ក្រពើ អាច​យក​ទៅ​ប្រើ​សម្រាប់​ព្យាបាល​របួស​រលាត់​ស្បែក ភ្លើង​ឆេះ និង​ដំបៅ ដោយ​សារ​រលាក​ទឹក​ក្តៅ យកទៅ​លាប​ដើម្បី​ការ​ពារ និង​ព្យាបាល​អាការ​ឆេះ​ស្បែក ដោយ​សារ​កម្តៅ​ថ្ងៃ រួម​ទាំង​ប្រើ​សម្រាប់​ព្យាបាល​ដំបៅ​រ៉ាំ​រ៉ៃ កើត​ឡើង​ដោយ​សារ​កាំ​រស្មី យក​ទៅ​ព្យាបាល​ដំបៅ ដែល​កើត​ឡើង​ដោយ​សារ​ការ​មុត និង​ដំបៅ​នៅ​តាម​បបូរ​មាត់ យក​ទៅ​ឈ្លី​លើ​សរ​សៃ​សក់ ដើម្បី​ឱ្យ​សក់​ក្រាស់​ស្អាត ថែម​ទាំង​អាច​ព្យាបាល ចំណុច​ជាំ​ខ្មៅ បាន​ទៀត​ផង។

៩.ត្រចៀកក្រាញ់ នៅក្នុង​ស្លឹក​ត្រចៀក​ក្រាញ់ មាន​សារ​ធាតុ ទ្រី​តឺ​ភី​ណយ ដែល​ជួយ​បង្កើន ប្រសិទ្ធ​ភាព​ក្នុង​ការ​ផលិត​ខូឡាចេន ដែល​ជួយ​បង្កើន​ការ​យឺត​យារ ទៅ​ដល់​សរសៃ​ឈាម ជួយ​កាត់​បន្ថយ ការ​ប្រឈម​នឹង​រោគ ហើយ​សរសៃ​ប្រសាទ ចុះ​ខ្សោយ ស្ពឹក​ស្រពន់ ជួយ​ឱ្យ​ស្បែក តឹង​ណែន និង​មាន​ភាព​យឺត​យារ ជួយ​ការ​ពារ​កើត​ដំបៅ និង​ជួយ​ដល់​ដំណើរ​ការ​ផ្សះ​នៃ​ដំបៅ ថែម​ទាំង​ជួយ​ការ​ពារ​ការ​រលាក​នៃ​ដំបៅ​ទៀត​ផង។

១០.ខ្ជាយ ក្រៅពី​យក​ទៅ​ធ្វើជា​គ្រឿង​ផ្សំ​អាហារ ដើម្បី​បំបាត់​ក្លិន​ឆ្អាប​សាច់ និង​ត្រី​ហើយ​នោះ ខ្ជាយ គឺ​ជា​រុក្ខ​ជាតិ ដែល​មាន​គុណ​ប្រយោជន៍​ជា​ឱសថ​ទៀត​ផង។ គេ​យក​គល់ និង​ឫស​របស់​វា​ព្យាបាល ជំងឺ​រាក​មួល រាក​រូស ជំងឺ​ក្រពះ ភ្លឺ-ស្រែង ទឹក​ស៊ី​ជើង ធ្លាក់​ស រមាស់​ក្បាល ដែល​កើត​ឡើង​ដោយ​សារ​រោគ​ផ្សិត។ រីឯ​ស្លឹក​របស់​វា យក​ទៅ​ព្យាបាល ដំបៅ​មាត់ និង​ព្យាបាល​ឈាម​មាន​ពិស។

Comments

comments