គ្រឿង សក្ការៈត្រណម និង អានុភាពរបស់ចង្កូមខ្លា

អបិយជំនឿ

១. ចង្កូមខ្លាដែលចាស់ស្លាប់ដោយធម្មជាតិ គឺមានភាពពូកែស័ក្តិសិទ្ធខ្លាំង ជាងចង្កូមខ្លាដែលបានមកដោយមូលហេតុផ្សេងទៀត។ អ្នកដែលត្រូវទទួលធ្វើជាម្ចាស់កម្មសិទ្ធិនៃចង្កូមខ្លា ត្រូវពោលខ្សឹប ឬអធិដ្ឋានដោយចិត្តរីករាយស្មោះត្រង់ ថា «សូមឲ្យមានបារមីឫទ្ធីតេជៈ ចម្រុងចម្រើន សិរីសួស្តី មានជ័យជំនះ និងនាំលាភនាំជ័យ សុខចម្រើន ដល់ខ្លួនខ្ញុំ និងក្រុមគ្រួសារ»។ ហាមនិយាយលេងសើច ឬប្រើពាក្យអពមង្គល ចំអកឡកឡឺយ ចង់សាក ចង់លចង្កូមនោះ ជាដាច់ខាត។

២. គួររកក្រណាត់ក្រហមមករុំទុក រឺអាចចងអំបោះក្រហមបីសរសៃ ជាសិរីមង្គល​សំគាល់ជាកម្មសិទ្ធិ។

៣. ពេលបានចង្កូមខ្លាមក មិនត្រូវប្រញាប់យកមកដាក់រក្សាតាមខ្លួនភ្លាម ឬស្រោបចង់ពាក់ភ្លាមនោះទេ។
ត្រូវលាបក្រមួន ប្រេងក្រអូប (គ្រូមន្តអាគមខ្លះប្រើសាច់ស្រស់ និងឈាមស្រស់ ប៉ុន្តែ តា ប្រាប់ចៅៗថា មិនគួរបូជាឈាមស្រស់ទេនៅក្នុងសម័យសន្តិភាពនេះ។ ចៅៗគួរអោយវិញ្ញាណបារមីកាន់សីល ហើយជួយដល់ចៅៗ ដោយធម៌ត្រជាក់ត្រជុំ អហឹង្សា។ ការបូជាសាច់ស្រស់ ឈាមស្រស់ ជួយអោយមានភាពស័ក្តិសិទ្ធឆុតឆាប់ តែមិនសូវជាមានភាពត្រជាក់ត្រជុំសុខដុមរមនាក្នុងក្រុមគ្រួសារទេ) ដាក់លើហ៊ឹងព្រះឬអាសនៈគ្រូរបស់ចៅ ដោយអុជធូបថ្វាយផ្កា និងភេសជ្ជៈពណ៌ក្រហមៗ អោយបានយ៉ាងតិច ៥ សីលសិន ដោយសូត្រធម៌ ឬមន្តគាថាផ្សេងៗ ជាពិសេសមន្តគាថាដាស់ និងប្រសិទ្ធីដែលតាបានបង្រៀន តាមការចេះចាំរបស់ចៅ (ហាមយកទៅដាក់កន្លែងគោរពជើងធូបដូនតា កុងម៉ា ឬជំនាងផ្ទះ ឬអ្នកតា)។

៤. ហាមពាក់ចង្កូមខ្លា ដែលបានធ្វើពិធីសក្ការៈដូចខាងលើ ចូលទីកន្លែងដែលមិនគប្បីដូចជា បង្គន់ក្រោមស្នួរ ក្រោមជណ្តើរ ចូលបារ ចូលក្លឹប ចូល ខារ៉ាអូខេ ចូលបនស្រីពេស្យា។ ប្រសិនបើចៅៗ មានធុរៈត្រូវតែចូលទីកន្លែងទាំងនោះដោយខានមិនបាន ចៅៗ ត្រូវតែដោះចង្កូមខ្លាទុក ឬយកចង្កូមខ្លានោះមកបៀមនៅក្នុងមាត់សិន សឹមទៅ។

តាមជំនឿរបស់ខ្មែរបុរាណ ប្រសិនបើ ចៅ បានប្រតិបត្តិដូចខាងលើ អានុភាពរបស់បារមីស័ក្តិសិទ្ធនៃចង្កូមខ្លា មានដូចជា៖

– ជួយការពារខ្លួនចៅៗ ពីគ្រោះមហន្តរាយ ដូចជាចោរលួចប្លន់ ភ្លើងឆេះ និងគ្រោះថ្នាក់ផ្សេងៗ។

– ជួយការពារខ្លួនចៅៗ ពីការនិយាយមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ ពីមនុស្សដែលចៅៗ បានទាក់ទងជាមួយ។

– ជួយការពារខ្លួនចៅៗ ពីការវាយប្រហាររបស់សត្រូវ(ទាំងការប្រើកម្លាំងកាយ និងប្រើផ្លូវងងឹត)។

– ជួយអោយចៅៗ មើលទៅមានអំណាចតេជះ នៅក្នុងក្រសែភ្នែករបស់អ្នកផងទាំងពួង។

– ជួយអោយមនុស្សម្នា មានទំនុកទុកចិត្តមកលើចៅជាពិសេសពីសំណាក់ចៅហ្វាយនាយ។

– ជួយអោយបំណងប្រាថ្នាទាំងពួងរបស់ចៅៗ បានសម្រេចដូចសេចក្តីប្រាថ្នា។

– ជួយអោយចៅៗ មានប្រៀបជានិច្ច នៅក្នុងការ ប្រណាំងប្រជែង ឬនៅក្នុងជម្លោះ។

– ជួយការពារចៅៗ ពីវិញ្ញាណអាក្រក់ ខ្មោច ព្រាយបិសាច ជាដើម។

– ចំពោះចៅៗ ជាស្ត្រី ដែលពាក់ចង្កូមខ្លា នឹងឆាប់រកឃើញគូព្រេង និងឆាប់បានរៀបការ។

– បើសិនជាចង្កូមខ្លានោះ បានមកដោយធម៌ ហើយចៅៗគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ដូច តា បានរៀប
រាប់ខាងលើ បារមីចង្កូមខ្លា នឹងជួយទាក់ទាញទ្រព្យសម្បត្តិ និងភាពសម្បូរណ៍សប្បាយ ដល់ចៅ និង
ក្រុមគ្រួសារ។

(សូមជួយស៊ែរអោយមិត្តភ័ក្ត្របានដឹងផង)

រួមគ្នាថែរក្សាមរតកអរូបីយ៍របស់ដូនតាយើង!

Comments

comments