មហិទ្ធិឫទ្ធិនៃខ្នាយតាន់ដែលមានបារមីកាន់ និងអំពីវិធីសក្ការៈខ្នាយតាន់ និងត្រណម សម្រាប់អ្នកប្រើខ្នាយតាន់ ដើម្បីអោយពូកែស័ក្តិសិទ្ធ

អបិយជំនឿ

ចៅៗ ថ្ងៃនេះ តា ប្រាប់ចៅអំពីមហិទ្ធិឫទ្ធិនៃខ្នាយតាន់ដែលមានបារមីកាន់ និងអំពីវិធីសក្ការៈខ្នាយតាន់
និងត្រណម សម្រាប់អ្នកប្រើខ្នាយតាន់ ដើម្បីអោយពូកែស័ក្តិសិទ្ធ។

ដូនតាយើង មានជំនឿលើខ្នាយតាន់ជ្រូកព្រៃ ថាជាវត្ថុស័ក្តិសិទ្ធ ដែលនាំមកនូវសិរីមង្គល និងសេចក្តីសុខ ចម្រុងចម្រើន។

មហិទ្ធិឫទ្ធិរបស់ខ្នាយតាន់ គឺពន្លឺនៅលើថ្ងាសរបស់ជ្រូកព្រៃបាជាមេហ្វូងដែលគេអាចមើលឃើញយ៉ាងច្បាស់នៅពេលយប់ ដែលជាបារមីវិញ្ញាណស័ក្តិសិទ្ធតាមថែរក្សា គាំពារជ្រូកព្រៃបានោះជានិច្ចកាល បើទោះបីជាព្រានព្រៃ ខិតខំផ្ចិតផ្ចង់តម្រង់ព្រួញស្នា
ឬកាំភ្លើងយ៉ាងណាក៏ដោយ ក៏បាញ់មិនត្រូវដែរ។ ម្យ៉ាងទៀត បារមីនេះ ក៏តាមជួយថែរក្សាវាពីការប៉ុនប៉ងវាយប្រហារពីសំណាក់
សត្វសាហាវដ៏ទៃទៀតផងដែរ។

នៅពេលមេហ្វូងចាស់ជរាខ្សោយកម្លាំង ទើបវារកមើលជ្រូកព្រៃឈ្មោលណាដែលមានលក្ខណៈសម្បត្តិកាយសម្បទារឹងមាំ
មានដុះ ខ្នាយវែងជាងគេ ដើម្បីទុកដឹកនាំហ្វូងជ្រូកព្រៃបន្តពីវាទៀត។ មេហ្វូង​ជ្រូកព្រៃបា ដល់ពេលដែលវា
ចាស់ជរាខ្លាំងទៅ វាដើរទៅរកកន្លែងណាស្ងាត់ និងមានដើមឈើផង ដើម្បីយកខ្នាយតាន់របស់វា​
ទាំងពីរ ទៅកាច់បំបាក់ទុកបង្កប់ចោលនៅនឹងដើមឈើនោះ។

ហេតុដូច្នេះហើយ ទើបដូនតាយើង មានជំនឿថាអ្នកដែលរើសបានខ្នាយតាន់ជ្រូកព្រៃយកមកពាក់
គឺនឹងមានសេចក្តីសុខសិរីសួស្តីជាពុំខាន។ បារមីនៃខ្នាយតាន់នេះនឹងនៅរក្សាការពារមិនឱ្យសត្រូវជិត
ឆ្ងាយណាមកបៀតបៀន ឬយកឈ្នេះលើខ្លួនអ្នកនោះបានឡើយ។

* របៀបរៀបចំបូជាបារមីដើមរបស់ខ្នាយតាន់ ឬជុំក្រឡង់ជ្រូកព្រៃ និងត្រណម ដើម្បីអោយពូកែស័ក្តិសិទ្ធ៖

១. ពេល ចៅៗ យកមកបានជាកម្មសិទ្ធិ ចៅៗ គួរតែអធិដ្ឋានក្នុងចិត្ត ឬនិយាយខ្សឹបៗដាក់ខ្នាយនោះ
ដោយចិត្តរីក​រាយ ស្មោះត្រង់ ទទួលអញ្ជើញថា៖ “សូមឲ្យមានបារមីឫទ្ធីតេជៈ ចម្រុងចម្រើន សិរី
សួស្តី មានជ័យជំនះ និងនាំលាភនាំជ័យ សុខចម្រើន ដល់ខ្លួនខ្ញុំនឹងក្រុមគ្រួសារ”។
ចៅៗ មិនត្រូវនិយាយអ្វីដែលមានលក្ខណៈលេងសើច ឬពាក្យអពមង្គល ចំអកឡកឡឺយ ចង់សាក ចង់ល
ឬប្រៀបធៀបខ្នាយនោះជាដាច់ខាត។

២. ចៅៗ គួររកក្រណាត់ក្រហមមករុំទុក រឺអាចចងអំបោះក្រហមបីសរសៃ ដើម្បីជាសិរីមង្គល​សំគាល់
ជាកម្មសិទ្ធិ (មិនត្រូវប្រើក្រណាត់រឺអំបោះ សនិងខ្មៅជាដាច់ខាត)។

៣. ចៅៗ មិនត្រូវប្រញាប់យកមកដាក់រក្សាតាមខ្លួនភ្លាម ឬស្រោបចង់ពាក់ភ្លាមនោះទេ។ ចៅៗ ត្រូវលាប
ក្រមួន ឬប្រេងក្រអូប ដាក់លើហ៊ឹងព្រះ ឬអាសនៈគ្រូរបស់ចៅ ដោយអុជធូបថ្វាយដំឡូងចេក ទឹក និង
ទឹកឃ្មុំ អោយបានយ៉ាងតិច ៥ សីលសិន (ហាមយកទៅដាក់កន្លែង គោរពជើងធូបដូនតា កុងម៉ា ឬ
ជំនាងផ្ទះ ឬអ្នកតាផ្សេងៗជាដាច់ខាត)។

៤. មិនត្រូវពាក់ខ្នាយតាន់ ចូលទីកន្លែងដែលមិនគប្បីដូចជា បង្គន់ លូនក្រោមស្នួរ ក្រោមជណ្តើរ (ប្រសិន
បើចៅៗ មានធុរៈត្រូវតែចូលទីកន្លែងទាំងនោះដោយខានមិនបាន ចៅៗ ត្រូវតែដោះខ្នាយតាន់ទុក
ឬយកខ្នាយតាន់នោះ មកបៀមនៅក្នុងមាត់ សឹមទៅ។ ពេលចៅៗឈប់ពាក់ ចៅៗ គួរតែយកខ្នាយតាន់នោះ ដាក់ក្នុងក្រឡ ឬដន្លាប់ ហើយលាបខ្នាយទាំងនោះជាមួយ​ប្រេងក្រអូប ឬក្រមួនផ្សេងៗ​ ដើម្បីអោយខ្នាយតាន់
មានជាតិប្រេង ការពារខ្នាយតាន់មិនអោយស្ងួត ឬប្រេះខូចពេលត្រូវទឹក និងអាចដុះម្រះឡើងតាមកម្លាំង
នៃភាពស័ក្តិសិទ្ធ និងរាសីរបស់ចៅ។

៥. រៀងរាល់ថ្ងៃសីល ចៅៗ ត្រូវយកខ្នាយតាន់នោះ ទៅដាក់នៅលើហ៊ឹងព្រះ ឬអាសនៈគ្រូរបស់ចៅៗ
ដោយអុជធូបថ្វាយទឹកអប់ ផ្កា។ ត្រូវបើកចំហគម្របក្រឡ ឬដន្លាប់ ដើម្បីឲ្យខ្នាយតាន់បានទទួលក្លិន
ក្រអូបនៃទឹកអប់ ផ្កា និងផ្សែងធូប ស្តាប់ការសូត្រធម៌បាលី ឬមន្តគាថាផ្សេងៗ តាមការចេះចាំរបស់ចៅៗ។

៦. នៅក្បែរក្រឡ ឬដន្លាប់ខ្នាយតាន់ គួរមានទឹកសុទ្ធមួយកែវពេញ ដំឡូងជ្វា ដំឡូងផ្សេងៗស្រស់មួយដុំ
ឬចេកទុំមួួយស្និត ទឹក និងទឹកឃ្មុំមួួយកូនពែង ដាក់ក្បែរសម្រាប់ជាគ្រឿងសក្ការៈបូជា​ថ្វាយដល់ខ្នាយ
តាន់ ដើម្បីឲ្យបារមី មានការចិញ្ចឹមជីវិត​ដោយអានិសង្ឃ បន្តដួងវិញ្ញាណរក្សាជាប់នឹងខ្នាយតាន់តទៅទៀត។

៧. នៅពេលដែលចៅៗ ថ្វាយគ្រឿងសក្ការៈបូជាអស់ជាគម្រប់ ៥ សីល ហើយ ប្រសិនបើ ចៅៗ ចង់យក
ខ្នាយតាន់នោះ ទៅស្រោប ដើម្បីពាក់ជាប់តាមខ្លួន ចៅត្រូវអុជធូបចំនួន ​៥​ សរសៃ សុំអនុញ្ញាតបារមី
រក្សាខ្នាយតាន់នោះ ដើម្បីរក្សាជាប់តាមខ្លួន ជាវត្ថុស័ក្តិសិទ្ធ។

មុនពេល ចៅៗ ស្រោប ឬចងដាក់ខ្សែឬចង់ផ្លាស់ប្តូរទៅខ្សែផ្សេង ចៅៗគួររៀបគ្រឿងសក្ការៈថ្វាយរំលឹកដល់គុណព្រះពិស្ណុរការទេវបុត្រ និងអធិដ្ឋានសុំពរកម្លាំងតេជៈបារមីនៃធាតុទាំងប្រាំ (ទឹកដីភ្លើងខ្យល់ពន្លឺ) មកសន្ធិត ផ្តល់ឫទ្ធីបារមីដល់
ខ្នាយតាន់ និងរូបចៅជាម្ចាស់។ ពេលស្រោប ឬពេលចងខ្សែ ត្រូវតែរក្សាសភាពទ្រង់ទ្រាយដើមរបស់
ខ្នាយតាន់ទាំងស្រុង។

ហាមដាច់ខាត​ យកខ្នាយតាន់ដែល តា បានប្រាប់ឲ្យ ចៅៗ ឲ្យរៀបចំពិធីបូជាតាម
លំដាប់លំដោយ ដូចខាងលើ ទៅឆ្លាក់ ឬកាត់អារបំបែក ឬជាវចេញឲ្យអ្នកណាផ្សេង ពីព្រោះបារមី
របស់ខ្នាយតាន់ បានទទួលស្គាល់ចៅ ជាម្ចាស់ហើយ(បើចៅៗ នៅតែរឹងចចេស លក់វត្ថុស័ក្តិសិទ្ធនោះ
ពេញមួួយឆាកជីវិតចៅ នឹងរងនូវការធ្លាក់យស អាប់រាសី មិនចេះអស់មិនចេះហើយ ដោយសារតែ
កំហឹងបណ្តាស់សាររបស់បារមីវិញ្ញាណស័ក្តិសិទ្ធ។

បើ ចៅៗ មានភ្លាំងភ្លាត់អោយអចេតនា គួរតែធ្វើពិធីសុំខមាទោសដល់បារមីវិញ្ញាណស័ក្តិសិទ្ធនោះហើយស្បថស្បែសច្ចាថា ឈប់ប្រព្រឹត្តទៅទៀត)។ប្រសិន ចៅៗ មានការចាំបាច់ខ្លាំង ដោយជៀសមិនផុត ត្រូវ​អោយទៅអ្នកដទៃតាមបំណង ចៅៗ
គួររៀបចំពិធីផ្ទេរម្ចាស់ ដោយរៀបរណ្តាប់មាន ផ្លែឈើ ៥មុខ ទឹក ៥កែវ អំបោះក្រហម ៥សរសៃទៀន៥ ធូប៥ ទឹកអប់ ដោយអ្នកទទួល ត្រូវមានមានភារៈជាអ្នករៀបចំ ហើយបង្វែរឲ្យម្ចាស់ដើម​ធ្វើការបូជាថ្វាយនៅទីដើម កន្លែងរក្សាខ្នាយតាន់ដូច តា បានរៀបរាប់មកខាងលើ។ ម្ចាស់ដើម គឺជាអ្នកអុជធូបបួង សូមប្រគល់ឲ្យទៅម្ចាស់ថ្មី ដោយ​មានហៅឈ្មោះអ្នកត្រូវទទួល ឲ្យត្រូវ ចំៗ នឹងឮច្បាស់ និងមានសាក្សីដឹងឮផង។ម្ចាស់ថ្មី ត្រូវតែបន្តរក្សាខ្នាយតាន់ ឲ្យដូចម្ចាស់ដើមទម្លាប់ដែរ។

៨. ក្នុងអំឡុងពេលរក្សាខ្នាយ ហើយជួនជាចំពេលមានគ្រាអាសន្ន​ ដូចជាសង្គ្រាម ចម្បាំង​ជាដើម​ចៅៗ គួរតែច្រកទឹកមួយដប ដាក់ជាមួយ​ខ្នាយអោយបានជាប់ ហើយបើអាច គួរមានដំឡូងផង ពេលសម្រាកពីប្រយុទ្ធផ្សេងៗ។ ប្រសិនបើគ្មានទឹកទេនោះ ខ្នាយតាន់ អាចមានអនុភាពខ្លាំងក្លាត្រឺមតែ ២ ទៅ ៣ថ្ងៃ​ ប៉ុណ្ណោះ ហើយនឹងចុះខ្សោយ​រហូតមិនបានការតែម្តង។

ដើម្បីបញ្ចៀសបញ្ហានេះដូនតាយើង ច្រើនប្រើខ្នាយតាន់​មួយ អមដោយ​មានខ្នាយប្រហោង១ ឬមួយគូ ដោយ​ខ្នាយ
ប្រហោងនោះ គាត់ច្រកទឹកសុទ្ធ លាយ​ទឹកឃ្មុំបន្តិចក៏បាន ហើយយកក្រមួនបិទឲ្យជិតដាក់​
ជាមួយខ្នាយតាន់ដែលស័ក្តិសិទ្ធជាប់ ក្នុងពេលចេញច្បាំង ពីព្រោះខ្នាយអាចរក្សាគ្នាបង្កើត​បារមីតេជៈ​
ជួយដល់ម្ចាស់បានគ្រប់ពេលវេលាត្រូវការ៕៚

(ចៅៗ ជួយចុចស៊ែរចែករំលែកចំណេះដឹងនេះដល់អ្នកមានខ្នាយតាន់ ខ្នាយកាច់ ជុំក្រឡង់ឲ្យបានយល់ដឹងគ្រប់ៗគ្នា)

រួមគ្នាថែរក្សាមរតកវប្បធម៌អរូបីយ៍របស់ដូនតាយើង!

Comments

comments