ត្រកូលរបស់ដំរី នៅក្នុងព្រហ្មញ្ញសាសនា និង នៅក្នុងពុទ្ធសាសនា

អបិយជំនឿ

ត្រកូលដំរី នៅក្នុងព្រហ្មញ្ញសាសនា មាន ៤ គឺ៖

១. ព្រហ្មពង្ស គឺជាប្រភេទដំរីដែលកើតមកពីព្រះព្រហ្ម ហើយជាដំរីមានបារមីដែលធ្វើឲ្យស្រុកទេស
មានភាពចម្រុងចម្រើនរុងរឿងទាំងសម្ភារៈ និងចំណេះដឹង។

២. ឥសូរពង្ស គឺជាប្រភេទដំរីដែលកើតមកពីព្រះសិវៈ ហើយជាដំរីមានបារមីដែលធ្វើឲ្យស្រុកទេស
សម្បូរណ៍សប្បាយដោយទ្រព្យ និងអំណាច។

៣. វិស្ណុពង្ស គឺជាប្រភេទដំរីដែលកើតមកពីព្រះវិស្ណុ ហើយជាដំរីមានបារមីដែលធ្វើឲ្យស្រុកទេស
ឈ្នះអស់មារសត្រូវ មានភ្លៀងធ្លាក់ មានផល្លានុផលពោរពេញបរិបូរណ៍។

៤. អគ្នីពង្ស គឺជាប្រភេទដំរីដែលកើតមកពីព្រះអគ្គី ហើយជាដំរីមានបារមីដែលធ្វើឲ្យស្រុកទេស
សម្បូរណ៍ទៅដោយសព្វសាច់ ទទួលជោគជ័យក្នុងសឹកនានា ព្រមទាំងអាចជម្រះអស់នូវភាពចង្រៃឧត្បាតនានា។

ត្រកូលដំរីនៅក្នុងពុទ្ធសាសនា មាន ១០ គឺ៖

១. ត្រកូលឆ័ត្រទណ្ឌ៖ មានរូបកាយពណ៌ស និងភ្លុកពណ៌ខៀវ មានតេជៈខ្លាំងក្លានអាចហោះហើរ
តាមផ្លូវអាកាសក៏បាន ឬក៏ធ្វើដំណើរតាមផ្លូវគោកក៏បាន ដោយមានល្បឿនលឿនក្រៃលែង។
សម្រាប់ក្នុងរយៈចម្ងាយ ៣ លាន ៦ សែនយោជន៍ ដំរីនេះ ធ្វើដំណើរតែរយៈពេល ៣ នាទី ប៉ុណ្ណោះ។ ចំពោះកម្លាំងវិញ គឺមហិមាគ្មានគូប្រៀបខ្លាំងលើសពីដំរីត្រកូលផ្សេងៗ។

២. ត្រកូលឧបោសថ៖ មានរូបរាងខ្ពស់ស្រឡះ រូបកាយពណ៌មាស និងមានកម្លាំងអាចហោះទៅលើ
អាកាសវេហាបាន ឬក៏ដើរក៏បាន ប៉ុន្តែយឺតជាងដំរីឆ័ត្រទណ្ឌ។ ដំរីក្នុងត្រកូលនេះភាគច្រើនរស់នៅក្នុង
ព្រៃហេមពាន្ត។ ប្រសិនបើមករស់នៅក្នុងស្រុក គឺមកក្នុងនាមតែជាយាន្តជំនិះរបស់ព្រះមហាក្សត្រដែល
ជាស្តេចចក្រពត្តិតែប៉ុណ្ណោះ។

៣. ត្រកូលហេមៈហត្ថី៖ មានរូបកាយពណ៌លឿង រូបរាងខ្ពស់ធំ ហើយភាគច្រើនមានដំរីផ្សេងៗរស់នៅជាបរិវារ។

៤. ត្រកូលមង្គលហត្ថី៖ មានរូបរាងខ្ពស់ និងរូបកាយពណ៌ដូចផ្កាអញ្ជ័ន តែមានកម្លាំងខ្សោយជាងត្រកូលហេមៈហត្ថី។

៥. ត្រកូលគន្ធហត្ថី៖ មានរាងខ្ពស់ធំ មានរូបកាយដូចជារុក្ខជាតិ មានក្លិនខ្លួនក្រអូបសូម្បីតែទឹកនោម និងលាមកក៏ក្រអូបដែរ។

៦. ត្រកូលពឹង្គតហត្ថី៖ មានរូបរាងខ្ពស់ រូបកាយពណ៌លឿងខ្ចីដូចភ្នែកឆ្មា។

៧. ត្រកូលត័មថហត្ថី៖ មានរូបកាយពណ៌ទង់ដែង។

៨. ត្រកូលបច្ច័យនាគេន្រ្ទ៖ មានរូបកាយពណ៌សដូចភ្នំកៃឡាស។

៩. ត្រកូលបន្ធនាគេន្រ្ទ៖ មានរូបកាយពណ៌ដូចរុក្ខជាតិឧធកវារី។

១០. ត្រកូលកាឡាវហត្ថី៖ មានរូបកាយពណ៌ដូចស្លាបក្អែក។

*រូបខាងលើ គ្រាន់តែជារូបតំណាងប៉ុណ្ណោះ។ មិនមានដំរីណាមួយក្នុងរូបទាំងនេះ ស្ថិតក្នុងការរៀបរាប់ខាងលើទេ។

Comments

comments