តោះ រៀន​ធ្វើ​ស៊ូ​ស៊ី​​ដោយ​ខ្លួន​ឯង​ទាំង​អស់​គ្នា

អាហារ

ស៊ូ​ស៊ី​គឺ​ជា​អាហារ​មួយ​ប្រភេទ​របស់​ជន​ជាតិ​ជប៉ុន ​ប៉ុន្តែ​វា​ក៏​ពេញ​និយម​សម្រាប់​​​ប្រជាជន​ខ្មែរ​ដែរ។ នៅ​តាម​ហាង​អាហារ​ជប៉ុន​​​តម្លៃ​ស៊ូស៊ី​មួយ​ចាន អាច​​ដល់​ទៅ​ ៧ ដុល្លារ​ហើយ​មាន​ប្រហែល​តែ​១០​ដុំ​ប៉ុណ្ណោះ។ ​ថ្ងៃ​នេះ​ មក​រៀន​សាកល្បង​ធ្វើ​ញ៉ាំ​ដោយ​ខ្លួន​ឯង​ជា​មួយគ្នា​ តាម​វិធី​ងាយ​ៗ​ទាំង​អស់​គ្នា។​

កញ្ញា​ឆុំ​ ជីវ៉ា ជា​ចុងភៅ​របស់​ក្រុម​ហ៊ុន​គូប៊ូតា​ដែល​ជា​ក្រុម​ហ៊ុន​ជន​ជាតិ​ជប៉ុន​បាន​ប្រាប់​ពី​​វិធី​ធ្វើ​ស៊ូស៊ី​នេះ។ ​ជា​ដំបូង​ត្រូវ​មាន​គ្រឿង​ផ្សំ​ជា​មុន​សិន ដែល​មាន​ដូច​ជា៖

-បន្ទះ​សារ៉ាយ (​ ភាគ​ច្រើន​មាន​លក់​នៅ​តាម​ផ្សារ​ទំនើប)​ ​​ – អង្ករ​ខ្សាយ​ ឬ​ ក៏​អង្ករ​ជប៉ុន​រឹត​តែ​ល្អ​ព្រោះ​អង្ករ​ជប៉ុន​វា​ស្អិត​ជាង​ងាយ​ស្រួល​មូល​ – ឆៃប៉ូវ​ផ្អែម​ ណែម​ក្ដាម ត្រសក់​ ការ៉ុត​ ពង​ទា​

-ទឹក​ Mayonnaise (កញ្ញា ​ជីវ៉ា ​បញ្ជាក់​ថា​ អ្នក​ដែល​ធ្វើ​ខ្លួន​ឯង​ភាគ​ច្រើន​អត់​ដាក់​ទឹក ​Mayonnaise ​ទេ ហើយ​ច្រើន​តែ​ឆ្ងល់​ថា​ម៉េច​មិន​ឆ្ងាញ់​ដូច​ញ៉ាំ​នៅ​ហាង? ជីវ៉ា ​​ថា ​ទឹក​នេះ​មាន​លក់​នៅ​តាម​ផ្សារ​ទំនើប)។

-បន្ទះ​កន្ទេល​​ឫស្សី​សម្រាប់​មូល​បាយ ​ ​​​​ ចំពោះ​វិធី​ធ្វើ​វិញ កញ្ញា​បាន​ឱ្យ​ដឹង​ថា​មិន​​ពិបាក​ឡើយ​ គ្រាន់​តែ​ការ​មូល​បាយ​អាច​មិន​សូវ​ស្អាត​សម្រាប់​អ្នក​ដែល​​មូល​លើក​ដំបូង។ មុន​ដំបូង​ត្រូវ​ដាំ​បាយ​ឱ្យ​ឆ្អិន​។ ពង​ទា​ត្រូវ​ក្រឡុក​ហើយ​​ដាក់​អំបិល​បន្តិច​​ តែ​កុំ​ឱ្យ​ប្រៃ​ពេក​ រួច​ចៀន​ឱ្យ​ឆ្អិន​។​ បន្ទាប់​មក​ទៀត យក​ពង​ទា​ចៀន ​ត្រសក់​ ណែម​ក្ដាម ការ៉ុត និង​ឆៃប៉ូវ​ផ្អែម យក​មក​ហាន់​ជា​ចំណិត​វែង​ៗ​ដូច​គ្នា។ របៀប​មួល​បាយ មុន​ដំបូង​ពន្លា​​បន្ទះ​កន្ទេល​ឫស្សី ហើយ​ដាក់​សារាយ​មួយ​បន្ទះ​ពី​លើ​។ បន្ទាប់​មក​ដួស​បាយ​ដាក់​លើ​សារាយ​វាស​ឱ្យ​ពេញ​លើ​សារាយ​តែ​ម្ដង​ទើប​យក​ ពង​ទា​ ការ៉ុត ត្រសក់​ ណែម​ក្ដាម ឆៃប៉ូវ មក​តម្រៀប​ឱ្យ​ស្អាត​នៅ​ចំ​កណ្ដាល​បាយ​ បន្ទាប់​មក​ច្របាច់​ទឹកMayonnaise បន្តិច​រួច​មូល​បណ្ដើរ​កៀស​បណ្ដើរ​ឱ្យ​ណែន​បាយ​ បន្ទាប់​មក​​យក​​កាំបិត​ដែល​មុត​ មក​កាត់​ជា​កង់​ៗ ព្រោះ​កាំបិត​មិន​សូវ​មុត​ធ្វើ​ឱ្យ​ដុំ​ស៊ូស៊ី​មាន​រាង​មិន​សូវ​ស្អាត។ រួច​អស់​ហើយ​ ប្រិយមិត្ត​គ្រាន់​តែ​តម្រៀប​ដាក់​ចាន​ ហើយ​ញ៉ាំ​ជា​ការ​ស្រេច៕

Comments

comments