ហាមដាច់ខាត ​ឲ្យរបស់​១០​យ៉ាងនេះទៅគេ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន

យល់ដឹង

នៅខាង​ក្រោម​នេះ គឺ​ជា​របស់​១០​យ៉ាង ដែល​អ្នក​មិន​គួរ​ដាក់​ធ្វើ​ជា​កាដូទេ សម្រាប់​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន​ឡើយ៖

១ វត្ថុ​មុត​ស្រួចៗ៖ កាត់​ផ្ដាច់​ទំនាក់ទំនង


ការ​ជូន​វត្ថុ​មុត​ស្រួច ទៅ​ឲ្យ​នរណា​ម្នាក់ ហាក់​បី​ដូច​ជា​បង្ហាញ​ថា អ្នក​ចង់​កាត់​ផ្ដាច់​ទំនាក់ទំនង​របស់​អ្នក ជា​មួយ​ពួកគេ​អីចឹង។

២ លេខ ឬ ចំនួន​៤៖ មាន​ការ​បញ្ចេញ​សំឡេង​ដូច ពាក្យ «ស្លាប់»


នៅ​ក្នុង​ភាសា​ចិន «លេខ​៤» មាន​សំឡេង​ស្រដៀង​គ្នា​នឹង​ពាក្យ «ស្លាប់»។ ដូច្នេះ​អ្វី​ដែល​មាន​លេខ ឬ​ចំនួន​៤ ត្រូវ​បាន​ចាត់​ទុក​ថា​ជា សំណាង​អាក្រក់។

៣ ស្បែកជើង៖ សំណាងអាក្រក់ ឬ បិសាច


ការ​ជូន​ស្បែកជើង​ជា​កាដូ សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន គឺ​ជា​គំនិត​អាក្រក់​មួយ ព្រោះ​ពាក្យ «ស្បែកជើង» មាន​សំឡេង​ដូច​បេះបិទ​នឹង​ពាក្យ «សំណាងអាក្រក់» ឬ «បិសាច» នៅ​ក្នុង​ភាសាចិន។ មិន​តែ​ប៉ុណ្ណោះ ស្បែកជើង គឺ​ជា​របស់​ដែល​អ្នក​ដើរ​ជាន់​ពី​លើ​ទៀត​ផង។

៤ កន្សែងដៃ៖ និមិត្តសញ្ញា​នៃ​ការ​និយាយ​លា​គ្នា​ជា​រៀង​រហូត


ជាទូទៅ គេ​តែង​ឲ្យ​កន្សែង​ដៃ នៅ​ចុង​បញ្ចប់​នៃ​ពិធីបុណ្យ​សព​មួយ ហើយ​វា​ជា​និមិត្តសញ្ញា​នៃ​ការ​និយាយ​លា​គ្នា​ជា​រៀង​រហូត។

៥ នាឡិកា៖ សំណាងអាក្រក់


នៅ​ក្នុង​ភាសា​ចិន ការ​និយាយ​ពាក្យ​ថា «ជូន​នាឡិកា» មាន​សំឡេង​ដូច​គ្នា​បេះបិទ​នឹង​ពាក្យ «ចូល​រួម​ពិធី​បុណ្យ​សព» ដូច្នេះ​ការ​ជូន​កាដូ​នាឡិកាប៉ោល ឬ នាឡិកាដៃ គឺ​ជា​សំណាង​អាក្រក់។ មិន​តែ​ប៉ុណ្ណោះ នាឡិកា ក៏​ជា​និមិត្តសញ្ញា​នៃ​ការ​អស់​ពេល​វេលា ផង​ដែរ ជា​ពិសេស​សម្រាប់​មនុស្ស​វ័យ​ចំណាស់។

៦ ផ្លែ​សារី៖ បែកបាក់


ការ​ជូន​ផ្លែឈើ​ជា​កាដូ គឺ​ជា​រឿង​ល្អ ប៉ុន្តែ​ហាម​ជូន​ផ្លែ​សារី​ឲ្យ​សោះ ដោយសារ​តែ​នៅ​ក្នុង​ភាសា​ចិន ពាក្យ «ផ្លែ​សារី» មាន​សំឡេង​ដូច​នឹង​ពាក្យ «ចាកចេញ» ឬ «បែកបាក់»។

៧ ផ្កា​កាត់​ចេញ​ពី​ដើម៖ តំណាង​ពិធី​បុណ្យ​សព
ផ្កា​ដែល​ត្រូវ​គេ​កាត់​ចេញ​ពី​ដើម ជាទូទៅ តំណាង​ឲ្យ​ពិធី​បុណ្យ​សព។ ជាពិសេស ផ្កា​ស្បៃរឿង និង ផ្កា​ពណ៌ស​ដទៃ​ទៀត ព្រោះ​ពណ៌​ស តំណាង​ឲ្យ​សេចក្ដី​ស្លាប់។ ស គឺ​ជា​ពណ៌​ដែល​នាំ​សំណាង​អាក្រក់ នៅ​ក្នុង​ប្រពៃណី​ចិន។

៨ ឆត្រ៖ បែកគ្នា


នៅ​ក្នុង​ភាសា​ចិន ពាក្យ «ឆត្រ» មាន​សំឡេង​ដូច​ពាក្យ «បែកគ្នា»។ ការ​ជូន​ឆត្រ​ជា​កាដូ ប្រៀប​បាន​ដូច​ជា​បង្ហាញ​អារម្មណ៍​របស់​អ្នក​ថា អ្នក​ចង់​បែក​គ្នា​ជា​មួយ​គេ​អីចឹង។

៩ របស់​ពណ៌​ខ្មៅ ឬ ស៖ ភាគ​ច្រើន​ត្រូវ​បាន​ប្រើ​ក្នុង​ពិធី​បុណ្យ​សព
ខ្មៅ និង ស គឺ​ជា​ពណ៌​សំខាន់​សម្រាប់​ប្រើ​ក្នុង​ពិធី​បុណ្យ​សព ដូច្នេះ​ត្រូវ​ជៀសវាង​កាដូ ដែល​មាន​ពណ៌​ខ្មៅ ឬ ស។ ជា​មួយ​គ្នា​នេះ​ដែរ ការ​វិច​ខ្ចប់​ក្រដាស ឬ ស្រោម​សំបុត្រ ប្រើ​ពណ៌​ទាំង​២​នេះ ក៏​គួរ​តែ​ជៀសវាង​ដែរ។ ក្រហម គឺ​ជា​ពណ៌​នាំ​សំណាង ដូច្នេះ​ពណ៌​ក្រហម តែងតែ​ជា​ជម្រើស​ដ៏​អស្ចារ្យ។

១០ កញ្ចក់៖ ទាក់ទាញ​ខ្មោច
ការ​ជូន​កញ្ចក់​ជា​កាដូ គឺ​ជា​គំនិត​អាក្រក់​មួយ​សម្រាប់​ជនជាតិ​អាស៊ី ព្រោះ​គេ​ជឿជាក់​ថា កញ្ចក់​ទាក់ទាញ​ខ្មោច​មក​ព្យាបាទ។ មិនតែប៉ុណ្ណោះ វា​ងាយ​នឹង​បែក ហើយ​របស់​បែកបាក់ គឺ​ជា​ប្រផ្នូល​មិន​ល្អ៕

Comments

comments