មិននឹកស្មានថា គ្រោះថ្នាក់លើផ្ទៃមុខ អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត!

យល់ដឹង សុខភាព

ការប៉ះទង្គិចលើផ្ទៃមុខ គឺជាគ្រោះថ្នាក់ទាំងឡាយណា ដែលបណ្តាលឲ្យមានរបួសស្បែក រហូតដល់បាក់ឆ្អឹងមុខ និងថ្គាម ហើយជួនកាលអាចរួមផ្សំជាមួយនិងការប៉ះទង្គិចខួរក្បាល ដែលអាចឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងក៏មាន។

ក) មូលហេតុ៖

មូលហេតុដែលកើតជាញឹកញាប់រួមមាន គ្រោះថ្នាក់ចរាចរណ៍ ការធ្លាក់(គ្រោះថ្នាក់ការងារ) ការវាយតប់គ្នា ឬក៏ការលេងកីឡាជាដើម ។ល។

ខ) រោគសញ្ញា៖

រោគសញ្ញាអាចចែកជា ២ក្រុមៈ

១. សញ្ញាគ្រោះថ្នាក់បន្ទាប់ដល់អាយុជីវិត៖

– ការហូរឈាមច្រើន បណ្តាលឲ្យស្លេកស្លាំង ឬសន្លប់

– ការស្ទះផ្លូវដង្ហើម ដកដង្ហើមមិនរួច

២. សញ្ញាគ្រោះថ្នាក់ផ្សេងៗ៖

– សន្លប់ពេលគ្រោះថ្នាក់ៈ វិលមុខខ្លាំង ឈឺក្បាលខ្លាំង ក្អួតច្រើន

– ការឈឺចាប់លើផ្ទៃមុខ ក្បាល ដងខ្លួន ដៃជើង ។ល។

– ការកោសរលាត់ របួសស្បែកដោយមានហូរឈាម ហើមជាំជុំវិញភ្នែក ឈាមច្រមុះ ។ល។

– ហាមាត់មិនរួច បិទភ្នែកមិនជិត វៀចមាត់ រួមនិងទន់ក ទន់ដៃជើង ហើមពោះ

គ) ការធ្វើរោគវិនិច្ឆ័យ៖
យើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈ អេកូសាស្ត្រ ការថតឆ្លុះ ឬស្គែន៖

– មានបាក់ឆ្អឹងមុខ ថ្គាម ឬលលាដ៏ក្បាល

– ហូរឈាមក្នុងខួរក្បាល

– បាក់ឆ្អឹងក ឆ្អឹងដៃជើង

– ធ្លាយពោះ ឈាមក្នុងពោះ

ឃ) ការព្យាបាល៖

– ការព្យាបាលអាស្រ័យទៅលើសភាពស្រាល ឬធ្ងន់របស់អ្នកជំងឺ ហើយគួរបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីសង្គ្រោះ ។

– សង្គ្រោះបន្ទាន់ដោយទប់ស្កាត់ការហូរឈាម ឬសម្អាតផ្លូវដង្ហើម

– ការលាង-ដេររបួស និងចាក់វ៉ាក់សាំងការពារ

– ព្យាបាលដោយប្រើថ្នាំផ្សះ ថ្នាំបំបាត់ហើម បំបាត់ការឈឺចាប់និងការតាមដានសភាពជំងឺ

– តម្រូវឲ្យមានការវះកាត់ក្នុងករណីចាំបាច់៖

• ការវះកាត់តម្រង់ឆ្អឹងថ្គាម ក្រោម-លើ-ជុំវិញភ្នែកឬលលាដ៍ក្បាល

• បឺតអាហាររាវៗតាមទុយយោ ឬហូបអាហារទន់ៗ 3-4សប្តាហ៍ក្រោយការវះកាត់

• ការបិតមាត់រយៈពេល ២-៤សប្តាហ៍ក្រោយការវះកាត់ឬការពត់តម្រង់ធ្មេញ

• ការវះកាត់ផ្សេងៗទៀតក៏អាចរួមផ្សំដែរដូចជា វះកាត់ខួរក្បាល់ ពោះ ឬដៃជើង

ង) ការការពារ៖

ការការពារប្រសើជាងការព្យាបាល៖

– គោរពច្បាប់ចរាចរណ៍

– ពាក់មួកសុវត្ថិភាពទាំងអស់គ្នា ពេលជិះម៉ូតូ

– ពាក់ខ្សែរក្រវ៉ាត់ទាំងអស់គ្នា ពេលជិះឡាន

– ពិសារគ្រឿងស្រវឹង សូមកុំបើកបរ

“ប្រសិនបើលោកអ្នកមានការប៉ះទង្គិចលើផ្ទៃមុខ សូមអញ្ជើញមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងផលវិបាលនានាដូចជាការវៀចមុខមាត់ជាដើម។ល។”

ប្រភព: Calmette Hospital

Comments

comments